កូនប្រុស​នាយឧត្ដមសេនីយ៍​មូយរូប​ទៀត​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្តព្រះវិហារ​ថ្មី

គណៈអភិបាលនៃអភិបាលខេត្តនីមួយៗជាមួយនឹងសាច់ញាតិជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។

កូនប្រុសមួយរូបរបស់នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែលស្ថិតនៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារថ្មី ខណៈគិតរហូតមកដល់ពេលនេះ មានសែស្រឡាយ​មន្រ្តី​ជាន់​ខ្ពស់មកពីគណបក្សកាន់អំណាចចំនួន៩រូបហើយដែលកំពុងតែកាន់តំណែងជាអភិបាលខេត្តទូទាំងប្រទេស។

លោក គីម រិទ្ធី ដែលគេដឹងថាជាកូនប្រុសរបស់លោក គន់ គីម ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារថ្មី ដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនរោត្ដម សីហមុនី ដែលបានឡាយព្រះហស្ត​កាលពី​ថ្ងៃ​អង្គារកន្លងទៅ។

កូនប្រុសរបស់នាយ​ឧត្ដមសេនីយ៍ជាន់ខ្ពស់រូបនេះ កាលពីពេលកន្លងទៅ ក៏ធ្លាប់កាន់តំណែងជាអភិបាលរងខេត្តកណ្ដាលនៅអំឡុងឆ្នាំ២០១៤ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ ទើបរដ្ឋាភិបាលបានសម្រេចផ្ទេរភារកិច្ចលោកពីអភិបាលរងខេត្តកណ្ដាល ឱ្យមកកាន់តំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃវិញ។

គួរបញ្ជាក់ថា បច្ចុប្បន្ន យ៉ាងហោចណាស់មានសែស្រឡាយ​មន្រ្តី​ជាន់​ខ្ពស់មកពីគណបក្សកាន់អំណាចចំនួន៨រូបផ្សេងទៀតក៏កំពុងតែកាន់តំណែងជាអភិបាលខេត្តនេះផងដែរ ដែលក្នុងនោះរួមមាន៖

  • អភិបាល​ខេត្ត​កំពត​ លោក ម៉ៅ ធនិន ដែលត្រូវ​ជា​ក្មួយ​ប្រសារបស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។
  • អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ដែលត្រូវជាកូនប្រុសរបស់តំណាងរាស្រ្ត លោក សោម ចិន។
  • អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ដែលត្រូវជាកូនស្រី​របស់​អតីតអភិបាលខេត្តកោះកុង លោក យុទ្ធ ភូថង​ និងជាចៅស្រីរបស់លោក សាយ ភូថង អតីតសមាជិក​គណៈអចិន្ត្រៃយ៍គណបក្ស​ប្រជាជន​កម្ពុជា។
  • អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ដែលត្រូវជាកូនប្រុសអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក ប៊ូ ថង។
  • អភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល ដែលត្រូវជាកូនប្រសាប្រធានរដ្ឋសភា លោក ហេង សំរិន។
  • អភិបាល​ខេត្ត​ព្រៃវែង លោក ជា សុមេធី ដែលត្រូវជាកូន​ប្រុស​របស់​លោក ​ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ និង​ជា​អតីត​ប្រធាន​ព្រឹទ្ធសភា។ ​
  • អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា ដែលត្រូវជាកូនប្រុស​​របស់​រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់។
  • អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ដែលត្រូវជាកូនប្រុស​លោក ជាម យៀប តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា។

ទាក់ទិននឹងករណីនេះ​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការរៀបចំធនធានមនុស្សជំនាន់ក្រោយ គឺជាភារកិច្ចមួយរបស់គណបក្ស។

លោកថា៖ «គ្រប់គណបក្សទាំងអស់មានតួនាទីក្នុងការបណ្ដុះយុវជនជំនាន់ក្រោយឱ្យក្លាយជាអ្នកបន្តវេន។ ដូច្នេះហើយ ការដែលគណបក្សប្រជាជនកម្ពុជាកសាងយុវជន និងលើកកម្ពស់យុវជនរបស់ខ្លួនក្នុងការទទួលបានតំណែងសំខាន់ៗ គឺជារឿងធម្មតា»។

ទោះជាយ៉ាងណា អ្នកនាំពាក្យ​រូបនេះ​បន្ថែម​ថា វាមិនមែនមានន័យថា ​សាច់​ញាតិ​របស់ថ្នាក់ដឹកនាំគណបក្សទាំងអស់ត្រូវតែតែងតាំង​ជា​អភិបាលខេត្តទាំងអស់ឡើយ​។

លោកថា៖ «សម្រាប់កូនៗរបស់ពួកគេ [មន្រ្តីជាន់ខ្ពស់] គឺពួកគេក៏ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផងដែរ ក្នុងការទទួលបានតំណែងនានា [ក្នុងជួររដ្ឋាភិបាល]។ គណបក្ស​ប្រជាជន​កម្ពុជា​ មិនមែនចេះតែជ្រើសរើសមន្រ្តីទទួលបានតំណែង [ដោយមិនមានការគិតពិចារណា] ឡើយ។ ពួកគេទាំងអស់សុទ្ធសឹងតែទទួលបានការអប់រំនៅបរទេស ប្រកបដោយកម្រិតនៃការអប់រំវិញ្ញាបនបត្រ និងសីលធម៌ខ្ពស់ ជាមួយនឹងមុខតំណែងច្បាស់លាស់»។

ជាមួយគ្នានេះ លោកបន្តថា ពួកគេទាំងនោះជាច្រើនក៏មានស្មារតីស្នេហាជាតិពីឪពុកម្ដាយរបស់ពួកគេ និងទទួលបានគុណវុឌ្ឍិពីបរទេសផងដែរ ខណៈយុវជនជំនាន់ក្រោយរបស់គណបក្សកំពុងតែបំពេញតួនាទីយ៉ាងសំខាន់ដល់ប្រទេសជាតិ។

លោកបន្ថែមទៀតថា៖ «យុវជនទាំងអស់ គឺប្រៀបដូចទៅនឹងរាងកាយមនុស្សអ៊ីចឹង ដោយពួកគេនីមួយៗដើរតួជាបេះដូង សួត ថ្លើម ឬប្រមាត់ ឬក៏ដូចទៅនឹងឡានមួយគ្រឿងដែលត្រូវមានធាតុផ្សំ ដូចជា សំបកកង់ កង់ ឬផ្នែកផ្សេងទៀត។ ពួកគេម្នាក់ៗមានតួនាទីសំខាន់ៗរបស់ពួកគេរៀងៗខ្លួន»។

លោក សុខ ឥសាន បន្តថា សម្រាប់លោក គីម រិទ្ធី ដែលជាអភិបាលខេត្តព្រះវិហារថ្មីនេះ គឺរូបលោកបានរៀនសូត្រ និងមានបទពិសោធន៍ជាយូរណាស់មកហើយពីការចូលរួមក្នុងក្រុមការងារខេត្តរបស់គណបក្ស។

លោកថា៖ «ដូច្នេះហើយ ​ការ​តែងតាំងសម្រាប់តំណែងនេះដល់រូបលោក​ គឺ​គ្មាន​អ្វី​ខុស​ទេ។ វាពិតជា​ស័ក្តិសម​សម្រាប់​គាត់ ដោយ​គាត់​នឹងអាច​គ្រប់គ្រងដឹកនាំបានយ៉ាងរលូន»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ General’s Son Latest Ruling-Party Scion Made Provincial Governor

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ