ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលជាប់ចោទពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ស្នើចៅក្រមសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់មកលើពួកគេ។ ការស្នើនេះក្រោយពីសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ពួកគេប្រឆាំងទៅនឹងការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញក្នុងពេលកន្លងទៅ។
ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលបានបង្ហាញមុខនៅសាលាឧទ្ធរណ៍ កាលពីព្រឹកមិញនេះ រួមមាន លោក ថា ឡាវី, កញ្ញា អេង ម៉ាឡៃ ហៅ សូមេត្តា, លោក កើត សារ៉ាយ, កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក មាន ព្រហ្មមុនី, លោក មួង សុភ័ក្ត្រ, លោក ឈួ ផេង និងលោក ទុំ វុទ្ធិ។ អ្នកទាំងអស់នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០ និងត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
ការចោទប្រកាន់ធ្វើឡើងបន្ទាប់ពីពួកគេបានចូលរួមតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីពលេចធ្លោមួយរូប និងរៀបចំការជួបជុំដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ អំឡុងខែសីហា និងកញ្ញា ឆ្នាំ២០២០។
សមាជិកខ្មែរថាវរៈ លោក ថា ឡាវី ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការថា តាមរយៈការសួរដេញដោលនៅព្រឹកមិញនេះ ចៅក្រមហាក់ព្យាយាមស្វែងរកការពិត ដែលខុសពីការសួរដាក់បន្ទុកដូចសវនាការកាលនៅសាលាដំបូងរាជធានីភ្នំពេញ។ លោកយល់ថា ការសួរដេញដោលរវាងចៅក្រម និងមេធាវី ក្នុងពេលសវនាការព្រឹកមិញនេះ ជាការបង្ហាញនូវភាពមិនប្រក្រតីដែលសាលាដំបូងបានសម្រេច។
លោកថា៖ «ទាំងការស្ដាប់របស់យើង ដើម្បីផ្ទៀងផ្ទាត់ជាមួយសាលាដំបូង ហើយជាមួយសេចក្ដីសន្និដ្ឋានរបស់មេធាវីរបស់យើង ដែលបង្ហាញឱ្យឃើញពីសាលក្រមរបស់សាលាដំបូងមានភាពមិនប្រក្រតី»។
លោក ថា ឡាវី នៅតែស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់មកលើរូបលោក និងសកម្មជនផ្សេងទៀត ព្រោះលោកថា រាល់សកម្មភាពដែលពួកគេបានធ្វើ គឺស្របទៅតាមគោលការណ៍សិទ្ធិសេរីភាពជាមូលដ្ឋាន មិនបានញុះញង់ឬបង្កឱ្យមានភាពវឹកវរក្នុងសង្គមអ្វីនោះឡើយ។
លោកថា៖ «មិនមែនតែខ្លួនខ្ញុំទេ សូម្បីតែយុវជនដទៃទៀត ក៏មានអារម្មណ៍ថា ពលរដ្ឋការពារដោយច្បាប់ ដើម្បីឱ្យខ្លួនមានសេរីភាពក្នុងការបញ្ចេញមតិ ស្របពេលដែលយើងជាយុវជន ជានិស្សិត ជាបញ្ញវន្ត ទៅបញ្ចេញមតិ ធ្វើនៅក្របខណ្ឌនៃច្បាប់ យើងអាចធ្វើបាន។ អ៊ីចឹងអ្វីដែលច្បាប់បានសរសេរ ហេតុអ្វីមិនប្រើ?»
ចំណែកឯសកម្មជនម្នាក់ទៀត គឺលោក មាន ព្រហ្មមុនី បានលើកឡើងថា លោកមិនយល់ស្របចំពោះការសម្រេចរបស់សាលាដំបូង ដោយលោកយល់ថាបានធ្វើឡើងផ្ទុយពីអង្គហេតុជាក់ស្តែង។
លោកថា៖ «យើងលើកឡើងថា យើងអត់ទទួលស្គាល់ [ការសម្រេច] របស់សាលាដំបូង។ យើងស្នើឱ្យផ្ដល់យុត្តិធម៌ឱ្យ ជាពិសេសអង្គហេតុនីមួយៗ យើងគ្រាន់តែមកមុខតុលាការ គ្រាន់តែសម្ដែងមតិ អ្នកខ្លះគ្រាន់តែឡាយ [ផ្សាយផ្ទាល់] អ្នកខ្លះមកឃ្លាំមើលសវនាការ អត់បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមទេ»។
លោកសង្ឃឹមថា ចៅក្រមសាលាឧទ្ធរណ៍នឹងបញ្ជាក់អំពីភាពស្អាតស្អំរបស់ក្រុមយុវជន ហើយលោកថា ប្រសិនបើចៅក្រមតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកលោក។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង បានស្នើដល់សាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទប្រកាន់ទៅលើសកម្មជនទាំងអស់នេះ។ លោកថា ប្រសិនបើតុលាការមិនច្រានចោលសាលក្រមរបស់សាលាដំបូងទេ មានន័យថា តុលាការមិនទទួលយកការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលការពារដោយរដ្ឋធម្មនុញ្ញនោះទេ។
លោកថា៖ «បើយើងមើលលើសកម្មភាពរបស់ខ្មែរថាវរៈវិញ ជាអាទិ៍ ទាក់ទងសកម្មភាពសម្ដែងមតិអំពីករណីការមិនពេញចិត្តការឃាត់ខ្លួនលោក រ៉ុង ឈុន នេះឯង គឺជាអង្គហេតុដែលនាំឱ្យមានការចាប់ខ្លួនសកម្មជនខ្មែរថាវរៈ។ ដូច្នេះ បើយោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់ពិសេស គឺច្បាប់បាតុកម្មដោយសន្តិវិធី សកម្មភាពរបស់ពួកគេមិនមែនជាសកម្មភាពឧក្រិដ្ឋនោះឡើយ»។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឱ្យយុវជនខ្មែរថាវរៈ និងសមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដាក់ពន្ធនាគារម្នាក់ៗ ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល (២ ០០០ ០០០រៀល) ពាក់ព័ន្ធនឹងបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ប៉ុន្តែតុលាការបានបង្គាប់ឱ្យពួកគេអនុវត្តទោសក្នុងពន្ធនាគារជាង១ឆ្នាំ ខណៈទោសដែលនៅសល់ត្រូវបានព្យួរសាកល្បងរយៈពេល២ឆ្នាំ។ ពួកគេត្រូវបានសមត្ថកិច្ចដោះលែងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
ចំពោះសវនាការនៅព្រឹកមិញនេះ សាលាឧទ្ធរណ៍គ្រោងប្រកាសសាលដីកានៅថ្ងៃទី២២ ខែសីហា ខាងមុខ៕