UPDATED៖ ពលរដ្ឋ​ប៉ះពាល់​ពី​គម្រោង​ផ្លូវដែក​មួយ​ក្រុម​បន្ត​តវ៉ា​រឿង​ដីធ្លី ខណៈ​មួយក្រុមទៀត​ទទួល​បាន​ការ​ដោះស្រាយ

ពលរដ្ឋរស់នៅភូមិ១៦ ភូមិ​១៧ ភូមិ២ និងភូមិ​២៣​ ស្ថិត​ក្នុង​សង្កាត់​​បឹង​​កក់២ សង្កាត់ស្រះចក និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងខណ្ឌដូនពេញ ​ប្រមូល​ផ្ដុំតវ៉ា​​នៅ​មុខរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បី​ទាមទារឱ្យមានដំណោះ​ស្រាយក្រោយរង​ផល​ប៉ះពាល់​ពី​គម្រោងអភិវឌ្ឍន៍ផ្លូវដែក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ (Chamroeun Thy)

ពលរដ្ឋមួយក្រុម​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោងអភិវឌ្ឍន៍ផ្លូវដែក នៅរាជធានីភ្នំពេញ បាននាំគ្នាបន្តការ​ប្រមូលផ្ដុំ​តវ៉ានៅមុខរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ ដើម្បីទាមទារឱ្យមានដំណោះស្រាយ​ដីធ្លី ខណៈពលរដ្ឋ​​មួយក្រុមទៀតទទួលបានការ​ដោះ​ស្រាយ​ពី​អាជ្ញាធរ។

កាលពីថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្ដីជូនដំណឹងមួយ​ឱ្យប្រជាពលរដ្ឋ​ដែលកំពុងរស់នៅ​តាម​បណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់​ឫស្សី​កែវ និងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទៅ​ចាប់ឆ្នោត​យក​ដីឡូត៍នៅថ្ងៃទី២៩ ខែកក្កដា​នេះ ដែល​រៀបចំ​ដោះ​ស្រាយ​ដោយ​រដ្ឋបាលរា​ជធានីភ្នំពេញ នៅ​តំបន់​អភិវឌ្ឍន៍​ព្រែកអូរ​វែង ស្ថិតនៅភូមិបឹងស្រឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ នៅ​ក្រោយ​ «វត្តទួលសន្តិវ័ន្ត» ហៅ​ «វត្តទួល​អស់​លោក»។

​ចំណែក​ពលរដ្ឋ​មួយក្រុម​​ទៀត​ដែល​​មាន​គ្នាប្រហែល៤០នាក់ រស់នៅភូមិ១៦ ភូមិ​១៧ ភូមិ២ និងភូមិ​២៣​ ស្ថិត​ក្នុង​សង្កាត់​​បឹង​​កក់២ សង្កាត់ស្រះចក និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងខណ្ឌដូនពេញ បាន​នាំគ្នា​ប្រមូល​ផ្ដុំតវ៉ា​​នៅ​មុខរដ្ឋបាល​រាជធានីភ្នំពេញនៅថ្ងៃនេះដែរ ដើម្បី​ទាមទារឱ្យមានដំណោះ​ស្រាយ​ដីធ្លីដូចគ្នា។

អ្នកស្រី ហ៊ន ពៅ រស់នៅភូមិ២៣ សង្កាត់បឹក​កក់​២ ខណ្ឌទួលគោក ប្រាប់វីអូឌីកន្លែងតវ៉ាថា ពលរដ្ឋ​ដែលមកពី​ភូមិទាំង៤នេះ មានអ្នកខ្លះរងផលប៉ះពាល់​ដីលំនៅឋាន​ទាំងស្រុង និងខ្លះទៀតពាក់កណ្តាល ដោយសារ​គម្រោង​​អភិវឌ្ឍន៍ផ្លូវរថភ្លើងទៅជាផ្លូវបេតុងនោះ។

អ្នកស្រី​អះអាង​ថា គ្រួសារ​អ្នកស្រីមា​ន​ដីលំនៅឋាន​ទំហំ​៦ម៉ែត្រគុណ​​៨ម៉ែត្រ និង​​បាន​មករស់នៅទីនេះ​តាំង​​ពី​ឆ្នាំ​១៩៩៦មក​ ហើយ​​នៅសហគមន៍ភូមិ២៣នេះ​ មាន​ពលរដ្ឋជាង២០គ្រួសារ បានរងផលប៉ះពាល់ដោយ​គម្រោង​​អភិវឌ្ឍន៍ផ្លូវរថភ្លើង។ ពលរដ្ឋរូបនេះបន្តថា ពួកគាត់មួយចំនួន​ទាម​ទារ​អភិវឌ្ឍន៍នៅនឹងកន្លែង ដោយមិន​ចង់ដោះដូរទៅកន្លែងថ្មីនោះទេ និងពលរដ្ឋផ្សេងទៀតទាមទារដោះដូរទៅកន្លែងផ្សេង។

អ្នកស្រី ហ៊ន ពៅ បន្ថែមថា៖ «បើចង់​អភិវឌ្ឍ​​អ្វីមួយ ​​យើង​​ត្រូវពិភាក្សាគ្នាជាមុនសិន មិនទាល់តែឈូសឆាយ បណ្ដេញគ្នាចេញ ហើយបាន​ដោះស្រាយឱ្យនោះទេ។ យើង​ចង់​បាន​ការ​លើក​យកបញ្ហាមកដោះស្រាយទាំងអស់គ្នា ហើយចាំអភិវឌ្ឍទាំងអស់គ្នា។ អ៊ីចឹងបានជាពួកយើងចេះតែទៅទាមទារ ទៅតាមញត្តិរបស់ពួកយើង ចង់[បាន]ការពិភាក្សាជាមួយគាត់[អាជ្ញាធរ] ព្រោះយើងមានការព្រួយបារម្ភ ដោយសារ​ផ្ទះយើង​ទ្រុឌ​ទ្រោម យើង​អត់​ហ៊ាន​ធ្វើទេ ខ្លាចមានការបណ្ដេញ លុយគាត់ក៏តិច បើគេរុះអស់ ពួកយើងរឹតដុនដាបហើយ»

ពលរដ្ឋម្នាក់ទៀត​ អ្នក​ស្រី មាស ស្រីភាព រស់នៅភូមិ១៦ សង្កាត់ទឹកល្អក់១ ឱ្យដឹងថា នៅសហគមន៍របស់អ្នកស្រីមានពលរដ្ឋជាង១០គ្រួសារបានប៉ះពាល់ទាំងស្រុង និងពលរដ្ឋជាង៣០គ្រួសារទៀតប៉ះពាល់ដោយផ្នែក។ អ្នកស្រីបន្តថា ពួកគាត់ទាមទារទៅអាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយ ដោយដោះដូរឱ្យពួកគាត់ទទួលបានដីឡូត៍នៅក្រោយវត្តទួលអស់លោក ដូចពលរដ្ឋមួយក្រុមផ្សេងទៀតដែរ។

ពលរដ្ឋរូបនេះបន្តថា ពួកគាត់មិនអាចដោះដូរទៅកន្លែងឆ្ងាយពីកន្លែងរស់នៅសព្វថ្ងៃនេះបានទេ ដោយបារម្ភពីការបាត់បង់មុខរបរ និងផលប៉ះពាល់ជីវភាពគ្រួសារ។

អ្នកស្រីបន្ថែមថា៖ «នៅឆ្ងាយពេក ក៏ពួកខ្ញុំមិនអា​ចទ​ទួល​បាន​ដែរ ព្រោះពួ​ក​ខ្ញុំ​ធ្លាប់នៅទីនេះ មានមុខរបររស់ស៊ីស្រេច។ បើឱ្យពួកខ្ញុំទៅនៅទីនោះឆ្ងាយ ដូចពួកខ្ញុំជាមនុស្សថ្មី។ អ៊ីចឹងពួកខ្ញុំសុំឱ្យអាជ្ញាធរជួយដោះស្រាយ ដោយដោះដូរពួកខ្ញុំបានទៅនៅក្រោយវត្តទួលអស់លោក ក្នុងខណ្ឌទួលគោក ចម្ងាយ២គីឡូម៉ែត្រទៅ៣គីឡូម៉ែត្រប៉ុណ្ណឹង»

អ្នកស្រី ឃួន សារិន រស់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ និយាយថា នៅសហគមន៍របស់អ្នកស្រីមាន១៩គ្រួសារ បានរងផលប៉ះពាល់ដីនិងផ្ទះទាំង​ស្រុង។ អ្នកស្រីថា ពួកគាត់កំពុងជួបការលំបាកជាខ្លាំង ដោយ​សារ​ផ្ទះសម្បែង​ចាស់​ទ្រុឌទ្រោម​ ពិបាក​រស់​នៅ ប៉ុន្តែ​មិនហ៊ានជួសជុស​ ដោយបារម្ភខ្លាចមានការបណ្ដេញ​ចេញ និង​តម្រូវ​ឱ្យ​រុះរើ​ ដែល​ធ្វើ​ឱ្យ​ខាត​បង់ផលប្រយោជន៍កាន់តែច្រើន។

អ្នកស្រីបន្ថែមថា៖ «ប្រជាសហគមន៍ខ្ញុំ​ សូមអំពាវនាវដល់អាជ្ញាធរឱ្យគាត់ជួយពន្លឿនការដោះស្រាយឱ្យបានឆាប់ ពីព្រោះផ្ទះពួកយើងខ្លះខូចច្រើនណាស់ ហើយ​យើងមិនអាចធ្វើថ្មីបាន អ៊ីចឹងវាពិបាក។ ​បើផ្ទះខ្ញុំកណ្ដៀរស៊ីចង់អស់ហើយ ជញ្ជាំង និងទ្វារអីហ្នឹង»

ចំណែក​តំណាងពលរដ្ឋសហគមន៍ផ្លូវរថភ្លើងទួលសង្កែអេ លោក ស៊ី វីរៈ បាន​ឱ្យ​ដឹង​ថា ពលរដ្ឋប្រមាណ៣៣០គ្រួសារ​ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង ​ក្នុងរាជធានីភ្នំពេញ បាន​ទៅចាប់ឆ្នោតយកដីឡូត៍ នៅថ្ងៃទី២៩​ ខែកក្កដានេះ ទៅតាមការដោះស្រាយរដ្ឋបាលរាជធានីភ្នំពេញ។ លោកថា ដីឡូត៍ដែលពលរដ្ឋ​ទទួល​បាន​នោះ គឺក្បាលដី​៤ម៉ែត្រ​ និង​បណ្ដោយ១៥ម៉ែត្រ ស្មើ​គ្នា។

តំណាង​ពលរដ្ឋ​រូប​នេះ​បន្តថា លោកពេញចិត្តនិងគាំទ្រនូវយន្តការដោះស្រាយរបស់អាជ្ញាធរនៅពេលនេះ ហើយ​សង្ឃឹមថា អាជ្ញាធរនឹងដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​ផង​ដែរ ដើម្បីកុំឱ្យពួកគេ​ព្រួយ​បារម្ភនិងជួបទុក្ខលំបាក។

លោកបន្ថែមថា៖ «ខ្ញុំជាតំណាងឱ្យប្រជាពលរដ្ឋ ការ​ដោះស្រាយរបស់អាជ្ញាធរនេះគឺល្អ ព្រោះខ្ញុំឃើញពលរដ្ឋគាត់ចាប់បានទៅ គាត់អរ គាត់សប្បាយចិត្ត។ ប៉ុន្តែអ្វីយើងតាមដានទៅទៀតនោះ ថាតើ​ដីឡូត៍ដែលយើងចាប់ឆ្នោតបានហ្នឹង គេឱ្យយើងជាក់ស្ដែងឬពិតប្រាកដតាមក្រដាស ឬបណ្ណ ឬប្លង់ ដែលពលរដ្ឋយើងចាប់បានហ្នឹងអត់? អ៊ីចឹងយើងត្រូវតាមដានរឿងហ្នឹងបន្តទៀត»

វីអូឌី មិនអាចសុំការឆ្លើយតបពាក់ព័ន្ធនឹងករណីនេះពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យ លោក ម៉េត មាស​ភក្តី បាន​​ទេ​ នៅថ្ងៃអង្គារនេះ។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ មិនបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានពលរដ្ឋប៉ុន្មានគ្រួសារដែលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង​ ត្រូវបានដោះស្រាយចប់ និងប៉ុន្មានគ្រួសារ​​​ទៀតមិនទាន់​បាន​ដោះ​ស្រាយ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​មិន​ទុក​ពលរដ្ឋទាំងនោះចោលឡើយ ដោយអាជ្ញាធរ​នឹង​​ខិត​ខំ​ដោះស្រាយ​បន្តបន្ទាប់ទៀតជូនពួកគេ។

លោកបន្ថែមថា៖ «ខ្ញុំបានជម្រាបជូនប្រជាពលរដ្ឋរួចហើយថា ទីតាំងគាត់រស់នៅ​កន្លែង​ណា រស់នៅកន្លែងហ្នឹងសិនទៅ សម្រាប់អ្នកនៅខណ្ឌទួលគោក កុំជ្រួលច្រាល់។ ប្រសិនជាអាជ្ញាធរត្រូវការអភិវឌ្ឍ យើង​នឹង​ដោះ​ស្រាយ​គោល​នយោបាយជូនគាត់ហើយ»

អ្នកសម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​ នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត សង្កេត​ឃើញ​​ថា អាជ្ញាធរ​​មាន​​គំរូ​ល្អ​​ក្នុងការ​​ដោះស្រាយប៉ះពាល់លំនៅឋានជូនពលរដ្ឋ​ជាច្រើន ដូចជា បញ្ហា​ប្រជាពលរដ្ឋ​នៅប្រឡាយបឹងត្របែក ស្ទឹង​មាន​ជ័យ និង​នៅ​សហគមន៍ព្រែកតាគង់១ ជាដើម។

មន្ត្រីសិទ្ធិមនុស្សរូបនេះក៏ស្នើដល់អាជ្ញាធរឱ្យដោះស្រាយបញ្ហាពលរដ្ឋរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង​នេះ ដូចសហគមន៍ទាំងនោះដែរ និងពន្លឿនការដោះស្រាយ ដើម្បីកុំឱ្យពលរដ្ឋព្រួយបារម្ភពីការបណ្ដេញ​ចេញ និងរងទុក្ខលំបាក។

លោកបន្ថែមថា៖ «បើសិនជាដោះស្រាយឱ្យគាត់ដែលគាត់អាចទទួលបាន វាអត់មានអីតវ៉ាទៀតទេ។ ប៉ុន្តែបើមិនដោះស្រាយទេ បែរទៅជា​គំរាមកំហែង​បណ្តេញពួកគាត់ចេញ ហើយមានការតវ៉ាពីពួកគាត់​ ហើយការចោទប្រកាន់គាត់តាម​ផ្លូវតុលាការ ដោយសារតែគាត់តវ៉ាទាម​ទារ​ដីធ្លី​របស់​គាត់​ អាហ្នឹងវាអយុត្តិធម៌សម្រាប់ពលរដ្ឋ បង្កើតបានជាអយុត្តិធម៌​សង្គម​ហើយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ