ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​របប​យោធា​មីយ៉ាន់ម៉ា​ចំពោះ​ការ​ប្រហារជីវិត​សកម្មជន​ប្រជាធិបតេយ្យ

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។ (REUTERS/Stringer TPX)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា ចំពោះការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួនបួននាក់ និងបានអំពាវនាវឱ្យដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តទាំងអស់ រួមទាំងប្រធានាធិបតី វីន មីអ៊ីន (Win Myint) និងលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ឱ្យមានសេរីភាពវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍ដែលត្រូវបានអនុម័តដោយសមាជិកទាំង១៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការសន្ទនា និងការផ្សះផ្សា «ស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា» និងបញ្ឈប់ជាបន្ទាន់រាល់អំពើហិង្សា។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យមានការគោរពសិទ្ធិមនុស្ស និងផ្តល់ភាពងាយស្រួលចំពោះការទទួលបានជំនួយសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ របប​យោធារបស់​ប្រទេសមីយ៉ាន់ម៉ាបាន​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យចំនួន៤នាក់ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ចូល​រួម​អនុវត្ត «អំពើភេរវកម្ម» នៅក្នុងប្រទេស ដែលមានដូចជា សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោ លោក ក្យរ មីនយូ (Kyaw Min Yu) ឬត្រូវបានគេស្គាល់ថា ជីមី (Jimmy) អតីតសមាជិករដ្ឋសភារបស់លោកស្រី អ៊ុងសាន ស៊ូជី លោក ភ្យូ ហ្សេយ៉ា ថរ (Phyo Zeya Thaw) និងពីរនាក់ផ្សេងទៀត គឺលោក ឡា មីយូ អោង (Hla Myo Aung) និងលោក អោង ធូរ៉ា ហ្ស (Aung Thura Zaw)។

យ៉ាងណា កាលពីថ្ងៃអង្គារ របបយោធាមីយ៉ាន់ម៉ាបានថ្លែងការពារខ្លួនថា​ «ការ​ប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង គឺ​ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជាជន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ