UPDATED៖ ក្រុមស្ត្រីថ្ងៃសុក្រ​ស្នើ​ទូតអាមេរិក​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី​ពួកគាត់​និង​កញ្ញា សេង ធារី

ក្រុម​ភរិយារបស់​សកម្មជនគណបក្សសង្គ្រោះជាតិ​​ដែល​តុលាការ​បាន​រំលាយ ឬហៅថា​​ «ក្រុមស្ត្រីថ្ងៃសុក្រ» ប្រមាណ១០នាក់​​ បាន​​នាំគ្នា​ដាក់ញត្តិ​នៅស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា ជួយជំរុញ​ទៅរដ្ឋាភិបាល​កម្ពុជា ឱ្យ​​ដោះលែង​​​ស្វាមី​របស់ពួកគាត់ ព្រមទាំង​កញ្ញា​ សេង ធារី​ ដែល​កំពុង​ជាប់​ឃុំ ឱ្យ​មានសេរីភាពវិញ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ (Chamroeun Thy)

ក្រុម​ភរិយារបស់​សកម្មជនគណបក្សសង្គ្រោះជាតិ​​ដែល​តុលាការ​បាន​រំលាយ ឬហៅថា​​ «ក្រុមស្ត្រីថ្ងៃសុក្រ» ប្រមាណ១០នាក់​​ បាន​​នាំគ្នា​ដាក់ញត្តិ​នៅស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា ជួយជំរុញ​ទៅរដ្ឋាភិបាល​កម្ពុជា ឱ្យ​​ដោះលែង​​​ស្វាមី​របស់ពួកគាត់ ព្រមទាំង​កញ្ញា​ សេង ធារី​ ដែល​កំពុង​ជាប់​ឃុំ ឱ្យ​មានសេរីភាពវិញ។

ភរិយា​លោក កាក់ កុម្ភារ សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ គឺអ្នកស្រី ព្រំ ចាន់ថា មានប្រសាសន៍នៅថ្ងៃសុក្រនេះថា ស្វាមី​របស់​អ្នក​ស្រីដែល​ជាអតីតប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង​សកម្មជនបក្សប្រឆាំង​មួយចំនួន រួមទាំង​កញ្ញា សេង ធារី ត្រូវបានតុលា​ការ​កាត់​ទោស​ឱ្យជាប់​ពន្ធនាគាររយៈពេល៦ឆ្នាំយ៉ាង​អយុត្តិធម៌។

អ្នកស្រីបន្តថា ការដែលពួកគាត់ទៅដាក់ញត្តិនៅស្ថានទូតអាមេរិក​​ប្រចាំនៅកម្ពុជានេះ គឺស្នើសុំឱ្យប្រទេសកាន់លទ្ធិ​ប្រជាធិបតេយ្យ​មួយនេះ ជួយអន្តរាគមន៍ជំរុញ​ទៅអាជ្ញាធរកម្ពុជា ​ឱ្យ​​មានការ​​​ដោះលែ​ង​ស្វាមី​​និង​សាច់ញាតិរបស់ពួកគាត់ ព្រមទាំងកញ្ញា សេង ធារី ដែលជាមេធាវីខ្មែរសញ្ជាតិអាមេរិក។

អ្នកស្រីនិយាយថា៖ «ប្រព័ន្ធតុលាការក៏ដោយ គឺ​​អត់មានអ្វីដែលសុក្រឹតភា​ព ឯករាជ្យអ្វីទាំងអស់! ប្រសិនជាប្រព័ន្ធតុលាការ​គាត់រៀនច្បាប់ដែលការពារប្រជាពលរដ្ឋ​ អ៊ីចឹង​​​គាត់[តុលាការ​]ត្រូវ​​​មានឯករាជ្យ​ តែនេះអត់ទេ គាត់ធ្វើតាមខ្សែញាក់តាមរបបឯកបក្ស ឬក៏អ្នកនយោបាយតែប៉ុណ្ណោះ។​​ អ៊ីចឹង​ខ្ញុំអត់មានអ្វីត្រូវសង្ឃឹមលើតុលាការ អ៊ីចឹង​បានខ្ញុំរកគ្រប់ស្ថានទូតដែល​មានប្រជា​​ធិបតេយ្យពិតប្រាកដ​ទាំងអស់ អ៊ីចឹង​ខ្ញុំត្រូវរត់រក​ស្ថានទូតដើម្បីឱ្យ​មានដំណោះស្រាយ ​ដើម្បី​ជួយកញ្ញា សេង ធារី និងក្រុមគ្រួសារ​របស់ពួកខ្ញុំផ្ទាល់»។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Chad Roedemeier ប្រាប់វីអូឌីតាមរយៈសារ​អ៊ីម៉ែល នៅថ្ងៃទី២៩ ខែ​កក្កដានេះ មន្ត្រី​ស្ថាន​ទូត​អាមេរិក​បាន​ទទួល​យក​លិខិត​មួយ​ពីតំណាង​ក្រុម​ស្ត្រី​ថ្ងៃ​​សុក្រ ដែល​សមាជិក​គ្រួសារ​របស់​ពួក​គេ​ត្រូវ​បាន​គេ​ឃុំខ្លួន ឬដាក់ពន្ធនាគារ ដោយ​សារតែការបង្ហាញពីទស្សនៈនយោបាយរបស់ខ្លួន​ដោយសន្តិវិធី។

លោកបន្ត​ថា៖ «យើងបន្តជំរុញឱ្យអាជ្ញាធរកម្ពុជា​ទម្លាក់ចោលរាល់ការចោទប្រកាន់គ្រប់បែបយ៉ាងលើសកម្មជន​ទាំងនោះ គោរព​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និង​បើកទូលាយឡើងវិញនូវលំហនយោបាយ និង​លំហ​ពលរដ្ឋ»។

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់​បានបញ្ជាក់កាលពីថ្ងៃទី២១ ខែកក្កដា ​ថាការអំពាវនាវរបស់​​អង្គការ​សង្គមស៊ីវិល បុគ្គលណាមួយ ឬស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា គឺ​ជារឿងមិនអាច​ទៅរួចនោះទេ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​មាន​ការចូលរួមសហការជាមួយតុលាការកម្ពុជា ក្នុងការបង្ហាញភស្តុតាងបញ្ជាក់​ថា​គ្មានកំហុស។ លោកថ្លែងការពារថា តុលាការកម្ពុជាមិនដែលប្រើប្រាស់ប្រព័ន្ធតុលា​ការ​ ដើម្បីផ្តន្ទាទោសលើពលរដ្ឋកម្ពុជា ដោយគ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋាននោះទេ។

លោកថា៖ «ចង់ទាមទារដោះលែង ទាល់តែចូលរួមជាមួយតុលាការ​ ហើយការពារតាមនីតិវិធីច្បាប់​ ព្រោះគាត់រងបទចោទពីតុលាការ។​ អ៊ីចឹងមានតែតុលាការអាចដោះលែង​ គ្មាននរណាអាចបញ្ជាតុលាការដោះលែងបាន​ទេ ទាល់តែយើងចូលរួមការពារក្ដីដើម្បីឱ្យរួចពីបទចោទ នេះគឺច្បាប់កម្ពុជា គឺអ៊ីចឹង»។

គួរបញ្ជាក់ថា កញ្ញា សេង ធារី ជា​មេធាវីអាមេរិក ត្រូវបានសមត្ថកិច្ច​ចាប់បញ្ជូនខ្លួន​ទៅឃុំនៅពន្ធនាគារ​ព្រៃស (ម២) ភ្លាមៗ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោយ​ពីសាលាដំបូងរាជធានីភ្នំពេញ​ ចេញសាល​ក្រមផ្តន្ទាទោសគាត់ដាក់ពន្ធនាគាររយៈពេល​៦ឆ្នាំ ក្រោម​បទ​ចោទ​ «រួមគំនិតក្បត់ និងញុះញង់»។

សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយកាលពីឆ្នាំ២០១៧ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត។

ក្រោយពីមានការ​កាត់ទោស​ក្រុម​សកម្មជនបក្សប្រឆាំងក្នុងទ្រង់ទ្រាយធំចំនួន៤៣នាក់រួចមក អ្នកជំនា​ញ​សិ​ទ្ធិមនុស្សនៅ​អង្គ​ការសហប្រជាជាតិ​ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បាន​ស្នើទៅរ​ដ្ឋាភិបាល​កម្ពុ​ជាឱ្យពិនិត្យឡើ​ង​វិញ​​លើ​ករ​ណីនេះ ដោ​​​​យ​ស​ម្អា​​​ងថា​ វិ​​​ធាននោះមិនបានភ្ជាប់កាតព្វកិច្ច​នៃការគោរព​សិទ្ធិមនុស្ស​​​អ​ន្តរ​ជា​តិ និងលំហ​នយោបាយ​ពហុ​បក្ស​​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ