ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧នាក់បន្ថែមទៀត ដែលជាប្រភេទអូមីក្រុង ដោយករណីឆ្លងក្នុងសហគមន៍៤៦នាក់ និងម្នាក់ជាករណីនាំចូលពីក្រៅប្រទេស ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន ២៦នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៧នាក់បន្ថែមទៀតកាលពីម្សិលមិញ រួមមានការឆ្លងក្នុងសហគមន៍ចំនួន៤៦នាក់ និងករណីនាំចូលម្នាក់។ ដោយឡែក ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍៤៦នាក់ គឺមាន៣២នាក់ ជាករណីស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីជំងឺនេះដើម្បីចេញទៅក្រៅប្រទេស។
ក្រសួងបន្តថា សម្រាប់អ្នកជាសះស្បើយថ្មី គឺមានចំនួន២៦នាក់ ស្របពេលអ្នកស្លាប់ថ្មីដោយសារជំងឺនេះគឺមិនមាននោះឡើយ។
គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ៧៥៣នាក់ ហើយអ្នកជាសះស្បើយសរុបចំនួន ១៣៣ ៤៩៥នាក់ និងស្លាប់សរុបចំនួន ៣ ០៥៦នាក់។
ជាមួយការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាបន្តបន្ទាប់ រាជរដ្ឋាភិបាល ពិសេសតាមរយៈក្រសួងសុខាភិបាលបន្តអំពាវនាវទៅកាន់ពលរដ្ឋឱ្យនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ចំនួន ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍បន្ថែមទៀត៕









