អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ​​បែង​ចែក​ដី​ឡូតិ៍​​ជូន​ដល់​ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​

ពលរដ្ឋរស់នៅភូមិ១៦ ភូមិ​១៧ ភូមិ២ និងភូមិ​២៣​ ស្ថិត​ក្នុង​សង្កាត់​​បឹង​​កក់២ សង្កាត់ស្រះចក និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងខណ្ឌដូនពេញ ​ប្រមូល​ផ្ដុំតវ៉ា​​នៅ​មុខរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បី​ទាមទារឱ្យមានដំណោះ​ស្រាយក្រោយរង​ផល​ប៉ះពាល់​ពី​គម្រោងអភិវឌ្ឍន៍ផ្លូវដែក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ (Chamroeun Thy)

អាជ្ញាធរខណ្ឌឫស្សីកែវ បានប្រកាសបែងចែកដីឡូតិ៍នៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ស្ថិតនៅក្នុងខណ្ឌនេះ ជូនប្រជាពលរដ្ឋរស់នៅបណ្តោយផ្លូវរថភ្លើង ដែលរងផលប៉ះពាល់ពីការស្ថាបនាផ្លូវបេតុងថ្មី។

ក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែកក្កដានេះថា ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមបណ្តោយផ្លូវរថភ្លើងរងផលប៉ះពាល់ពីការស្ថាបនាផ្លូវបេតុងថ្មី ក្នុងសង្កាត់គីឡូម៉ែត្រទី៦ សង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យកអត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាប់ឆ្នោតយកដីឡូតិ៍នោះ  នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក។

តំណាងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គីឡូម៉ែត្រទី៦ សង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អ្នកស្រី សាយ លាងអេង មានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា កាលពីម្សិលមិញ​ ប្រជាពលរដ្ឋចំនួន៣២០គ្រួសារ ដែលរងផលប៉ះពាល់តាមបណ្តោយផ្លូវរថភ្លើងបាននាំគ្នាទៅចាប់ឆ្នោតជ្រើសរើសយកលេខដីឡូតិ៍ ដែលរដ្ឋចែកឱ្យពួកគេនៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងមួយគ្រួសារទទួលបាន៤ម៉ែត្រ គុណនឹង១៥ម៉ែត្រ។

អ្នកស្រីបញ្ជាក់ថា បើទោះបីជាអាជ្ញាធរចែកដីឱ្យពួកគាត់ក៏ដោយ ក៏មានពលរដ្ឋខ្លះពេញចិត្ត និងខ្លះទៀតមិនសូវពេញចិត្តនោះទេ ជាពិសេសរូបគាត់ផ្ទាល់តែម្តង ដោយសារតែដីឡូតិ៍ដែលចែកឱ្យនោះ ស្ថិតនៅក្បែរបច្ឆា និងចេតីយ៍ជាដើម ។

អ្នកស្រីនិយាយថា៖ «មានអ្នកខ្លះទទួលយកសប្បាយចិត្តទៅ មានអ្នកខ្លះទៀតមិនសូវសប្បាយចិត្តទៅ ដូចខ្ញុំមិនសូវសប្បាយចិត្តដែរ ព្រោះខ្ញុំទទួលបានដីនៅកៀកបច្ឆាដុតខ្មោច ហើយមានចេតីយ  ប៉ុន្តែមិនដឹងធ្វើម៉េច?បើអត់មានជម្រើស  បើគេឱ្យចាប់ឆ្នោតបាននៅកន្លែងហ្នឹងហើយ មានតែតាមហ្នឹងទៅ។ ឥឡូវខ្ញុំសូមឱ្យអាជ្ញាធរបង្ហាញលេខឡូតិ៍ជូនពលរដ្ឋឱ្យបានឆាប់ ងាយស្រួលពួកគាត់ត្រៀមសង់ផ្ទះ»។

អ្នកស្រី សាយ លាងអេង អំពាវនាវទៅអាជ្ញាធរមូលដ្ឋាន និងសាលារាជធានីភ្នំពេញ ជួយចាក់ដីនៅតំបន់ដែលចែកឱ្យពលរដ្ឋបានស្អាត និងរៀបចំទីតាំងនោះឱ្យមានអនាម័យ រួមទាំងមានប្រព័ន្ធលូ ទឹក ភ្លើង ជាដើម ។

វីអូឌី មិនអាចសុំការបំភ្លឺពីអភិបាលរងខណ្ឌឫស្សីកែវ លោក លឹម សមឌី  ដែលទទួលបន្ទុករឿងនេះបានទេនៅថ្ងៃសៅរ៍​។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍គាំទ្រ​អាជ្ញាធរដែលសម្រេចបែងចែកដីឡូតិ៍ជូនពលរដ្ឋ​រងផលប៉ះពាល់នៅតាមបណ្តោយផ្លូវរថភ្លើង។ លោកចាត់ទុកការសម្រេចរបស់អាជ្ញាធរនៅពេលនេះថា ជាគំរូល្អមួយ សម្រាប់យកទៅអនុវត្តន៍តំបន់ផ្សេងទៀត ដើម្បីបញ្ជៀសការជះទឹកដាក់គ្នារវាងពលរដ្ឋនិងក្រុមហ៊ុនអភិវឌ្ឍន៍ ឬអាជ្ញាធរពាក់ព័ន្ធជាដើម ។

លោកមានប្រសាសន៍៖ «ទោះជាការដោះស្រាយមិនល្អឥតខ្ចោះ តែនេះជាការដោះស្រាយបែបអហិង្សា ដោយសន្តិវិធី ហើយជាគំរូល្អមួយដែលអាជ្ញាធរពាក់ព័ន្ធ និងរដ្ឋាភិបាល ដែលអនុវត្តតាមការយល់ព្រមរបស់ប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការចោទដាក់គ្នា និងជះទឹកដាក់គ្នាទៅវិញទៅមក។ យើងចង់ឃើញអាជ្ញាធរ និងរដ្ឋាភិបាល យកគំរូហ្នឹងទៅអនុវត្តនៅកន្លែងផ្សេងផងដែរ» ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ