សង្គម​ស៊ីវិល​និង​ពលរដ្ឋ​​បារម្ភ​ថា​ការ​​បាត់បង់​ព្រៃ​ឈើ​តំបន់​ភ្នំ​តាម៉ៅ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជម្រក​សត្វ​និង​បរិស្ថាន​

បុរសអ្នកថែទាំសត្វម្នាក់ កំពុងយកចំណីទៅឱ្យសត្វតោដែលត្រូវបានជនជាតិចិនចិញ្ចឹមតាំងពីតូច អំឡុងពេលរស់នៅក្រោមការមើលថែពីមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ (ហ៊ន ថូវ៉ាន)

អង្គការអភិរក្សសត្វព្រៃ និងប្រជាពលរដ្ឋ​មួយចំនួន  បង្ហាញការព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើនៅក្នុងតំបន់ភ្នំតាម៉ៅ  ខេត្តតាកែវ ថានឹងនាំឱ្យប៉ះពាល់ដល់​ជម្រកសត្វ    និងបរិស្ថានធ្ងន់ធ្ងរ ខណៈ ​ពួកគេសង្កេតឃើញកម្មករជាច្រើននាក់ ​បានចាប់ផ្តើមសម្រុកចូលកាប់ឈើធំៗ នៅតំបន់នេះ។

នាយក​កម្មវិធីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក នីច ម៉ាក (Nick Marx) មាន​ប្រសាសន៍​នៅថ្ងៃអាទិត្យនេះថា ប្រហែលជា៣ថ្ងៃកន្លងទៅនេះ លោកសង្កេតឃើញកម្មករមួយចំនួនបាន​ចាប់ផ្តើមចូលទៅកាប់ដើមឈើធំៗ  នៅលើផ្ទៃដីប្រហែលជា៥០០ហិកតា ដែលជាកន្លែងជម្រកសម្រាប់សត្វព្រៃច្រើនប្រភេទរស់នៅក្នុងតំបន់ភ្នំតាម៉ៅនោះ។

លោកអះអាងថា ដើមចមដែលនាំឱ្យមានការកាប់ព្រៃឈើនៅក្នុងតំបន់ភ្នំតាម៉ៅ        ដោយសារតែកន្លងមក       រដ្ឋាភិបាលបានផ្តល់ដីឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា  ដើម្បី​អភិវឌ្ឍន៍នៅក្នុងតំបន់នោះ។ លោកបង្ហាញការសោកស្តាយ នៅពេលដែលមានការកាប់ព្រៃឈើដែលជាជម្រកសត្វ និងធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងបរិស្ថាន។

លោកអះអាងថា៖ «សំខាន់យើងការពារព្រៃឈើ នៅស្រុកខ្មែរមានព្រៃតែមួយនៅជិតភ្នំពេញ សម្រាប់ប្រជាជន សម្រាប់សត្វព្រៃ ការបំផ្លាញព្រៃឈើអត់ល្អសម្រាប់បរិស្ថាន»។

ពលរដ្ឋដែលរស់នៅក្បែរភ្នំតាម៉ៅ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ចាប់ពីថ្ងៃ២៨ ខែកក្កដា រហូតដល់ថ្ងៃ៣១ខែដដែលនេះ  មានកម្មករជាច្រើននាក់បានយកម៉ាស៊ីនអាឈើ ចូលទៅកាប់ឈើក្នុងតំបន់ភ្នំតាម៉ៅ ដើម្បីទុកដីឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ត្រៀមឈូសឆាយបន្តទៅលើទំហំដីប្រហែល ៥០០ហិកតា​។

ពលរដ្ឋរូបនោះ ​សោកស្តាយនៅពេលដែលរដ្ឋាភិបាលផ្តល់ដីព្រៃឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ក្រោមគម្រោងអភិវឌ្ឍន៍ ដែលជាមូលហេតុឈានដល់ការកាប់ព្រៃឈើល្អៗជាច្រើនប្រភេទ ដូចជា ឈើក្រញូង ត្បែង កកោះ ធ្នង់ និងឈើសុក្រំជាដើម។ លោកបន្តថា ការបាត់បង់ព្រៃឈើនៅតំបន់ភ្នំ​តាម៉ៅនោះ នឹងធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វ បរិស្ថាន និងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ជាមិនខាន។

លោកមានប្រសាសន៍ថា៖ «យើងបារម្ភថា វាបាត់បង់ជម្រករបស់សត្វ។ ទី២យើងបាត់ធនធានធម្មជាតិ ដែលយើងនៅថែទាំតាំងពីយូរលង់មកហើយ និងមានសត្វព្រៃជាច្រើនរស់នៅក្នុងហ្នឹង ហើយក៏ជាតំបន់ធម្មជាតិមួយនៅក្បែរក្រុង​ សម្រាប់ឱ្យភ្ញៀវទេសចរ​មកកម្សាន្តនៅទីកន្លែងហ្នឹងដែរ។ យើងស្តាយ ហើយថ្ងៃក្រោយយើងអត់មានព្រៃនៅទីនេះបន្តទៀតទេ»។

វីអូឌីមិនអាចស្វែងរកការឆ្លើយតបពីតំណាងក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ដែលទទួលបានគម្រោងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ​បានទេនៅថ្ងៃអាទិត្យនេះ។

យ៉ាងណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ថា អាជ្ញាធរថ្នាក់ក្រោមបានកាប់ព្រៃឈើនៅក្នុងតំបន់ភ្នំតាម៉ៅ ដើម្បីយកឈើលក់ ហើយយកថវិកាចូលរដ្ឋ និងទុកដីឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ធ្វើការអភិវឌ្ឍន៍។ លោកអះអាងថា ការកាប់ឈើនោះ មិនធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វព្រៃ និងប៉ះពាល់ដល់បរិស្ថានដូចការលើកឡើងរបស់អង្គការ និងប្រជាពលរដ្ឋ​នោះទេ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំបានជម្រាបជូនហើយថា អត់មានប៉ះពាល់អ្វីទេ។ កន្លែងសួនសត្វនៅតែសួនសត្វដដែល ដែលយើងធ្វើរបងព័ទ្ធជុំវិញជាង ៤០០ហិកតា អត់មានប៉ះពាល់អ្វីទេ។ អ្នកនិយាយបំភ្លើសចេះតែនិយាយទៅ ព្រោះនៅកន្លែងសួនសត្វមានដើមឈើ មានរបងការពារទាំងអស់ គ្រាន់តែយើងធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងហ្នឹងបន្ថែមទៀត»។

លោកបន្ថែមថា តាមគម្រោងរដ្ឋាភិបាលផ្តល់ដីសម្បទានប្រមាណ ១ ៥០០ហិកតា ដល់ក្រុមហ៊ុនសម្រាប់​អភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ ដូចជា សង់ផ្ទះ   ដាំស្មៅ និងចិញ្ចឹមសត្វគោយកទឹកដោះជាដើម។

យ៉ាងនេះក្តី ព្រះសង្ឃគង់នៅវត្តថ្ម​អន្ទង​ នៅលើភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ព្រះតេជព្រះ​គុណ សុត ផល្លី មានថេរដីកា​ថា ដីដែលត្រូវបានកម្មករកាប់ឈើធំៗ ក្នុងតំបន់ភ្នំតាម៉ៅ គឺស្ថិតនៅក្នុងឃុំចំនួន២ រួមមាន ឃុំត្រពាំងសាប និងឃុំកណ្តឹង ស្រុកបាទី។ ព្រះតេជព្រះគុណបន្តថា ព្រះអង្គមិនចង់ឱ្យមានការកាប់ព្រៃឈើដែលជាជម្រកសត្វនៅតំបន់ភ្នំតាម៉ៅ ក្រោមការអភិវឌ្ឍ​នោះទេ ព្រោះធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វ និងបរិស្ថានធ្ងន់ធ្ងរ ។

ព្រះតេជព្រះគុណមានថេរដីកាថា៖ «អាត្មាចង់ឱ្យទុកព្រៃនៅដដែល ព្រោះនៅក្នុងខេត្តតាកែវ មានតែនៅក្នុងស្រុកបាទី ហ្នឹងហើយមានព្រៃឈើធំជាងគេ។ បើអស់កន្លែងហ្នឹងទៀត វាប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ»។

ក្នុងលិខិតចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២២ របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ​ ដាក់ទៅទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើង​​ថា ករណី​​ទីស្តីការ​គណៈរដ្ឋមន្ត្រី​សុំ​ការអនុញ្ញាត​ជា​គោលការណ៍​ដោះដូរ​​ទីតាំង​​ដី​​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​កសិកម្ម គឺ​មិន​​ប៉ះ​​ជាន់​​លើ​ផ្ទៃដី​ឧទ្យាន​​សួនសត្វ និង​​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ ដែលមាន​ទំហំ​ជាង ៤០០ហិកតា ​មាន​របង​ព័ទ្ធជុំវិញ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​បាន​អភិវឌ្ឍ​កន្លងមកនោះ​​ឡើយ​។

លោក​ វេង សាខុន បញ្ជាក់ទៀតថា ​ការអភិវឌ្ឍ​​តំបន់​នោះក៏​មិន​ប៉ះពាល់​ទៅដល់​ការសហការ​ជួយ​​របស់​​អង្គការ​​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ឬ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​នេះដែរ។

រដ្ឋមន្ត្រីរូបនេះបន្តថា ការដោះដូរដីនៅ​តំបន់ភ្នំតាម៉ៅជាការចាំបាច់របស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋ​កិច្ច និង​ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងផ្តល់បន្ថែមទៀត​នូវទុនសម្រាប់ការអភិវឌ្ឍ​គម្រោង​យុទ្ធសាស្ត្រ​នានា ជំរុញ​និងកែលម្អឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ អាច​ប្រកួត​ប្រជែង​ក្នុង​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន ព្រមទាំងជំរុញកំណើនចំណូលធានានិរន្តរភាពផងដែរ។

លោក វេង សាខុន ឱ្យដឹងទៀត​​ថា តំបន់ភ្នំតាម៉ៅមានផ្ទៃដីទំហំ ២ ៥០០​ហិកតា ស្ថិត​ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ។ លោកថា កន្លងមក ក្រសួងបានយកដីមួយផ្នែក​នៃតំបន់ភ្នំតាម៉ៅដែលមានទំហំជាង៤០០ហិកតា​ បង្កើតជាឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​កាលពីឆ្នាំ២០០០។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទីស្ដីការគណៈរដ្ឋមន្ត្រីបានស្នើសុំដោះដូរដីចំនួន ​២កន្លែង​នៅតំបន់ភ្នំតាម៉ៅ​ ទៅ​ឱ្យក្រុម​ហ៊ុន «ខ្មែរ ហ្វ្រេស មីល ឯ.ក» ធ្វើការអភិវឌ្ឍ ដោយមួយកន្លែងមានដី​៣០០ហិកតា កាត់ចេញពីស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ និងមួយកន្លែងទៀត មានផ្ទៃដីទំហំ ​៥០០ហិកតា កាត់ចេញពីរដ្ឋបាលព្រៃឈើភ្នំតាម៉ៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ