រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣ថ្ងៃ

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយលោក Antony Blinken រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។ (ហ្វេសប៊ុក៖ ក្រសួងការបរទេសកម្ពុជា)

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) គ្រោងធ្វើដំណើរមកប្រទេសកម្ពុជាជាលើកដំបូង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក-អាស៊ាន​។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​ការ​បរទេស​អាមេរិក កាលពីថ្ងៃសុក្រ បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់​លោក អែនតូនី ប្លីងខិន ​គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក-អាស៊ាន កិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។ នៅក្នុងកិច្ចប្រជុំទាំងនេះ លោក ប្លីងខិន នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យនៃទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ ​«លោក​រដ្ឋមន្ត្រី ​Blinken នឹងលើកឡើងអំពីការដោះស្រាយ​​​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ​បញ្ហា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​បញ្ហា​វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា ​និង​បញ្ហា​សង្គ្រាមរបស់​រុស្ស៉ី​នៅ​អ៊ុយ​ក្រែន​ផង​ដែរ»។

ប្រភពដដែលបន្តថា ​រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិករូបនេះ ក៏នឹងជួបពិភាក្សាទ្វេភាគី​ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ​ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដើម្បីពិភាក្សាពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និង​កិច្ច​ខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនង​ទ្វេភាគីរបស់សហរដ្ឋអាមេរិកជាមួយ​កម្ពុជា។

សេចក្តីប្រកាសព័ត៌មានបន្តថា ដំណើរទស្សនកិច្ចដែលគ្រោងធ្វើឡើងពីថ្ងៃទី២ រហូតដល់ថ្ងៃទី១១ ខែសីហានេះ ក្រៅពីកម្ពុជា លោក Blinken នឹងត្រូវបន្តដំណើរ​ទៅកាន់ប្រទេសហ្វីលីពីន អាហ្វ្រិកខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសរវ៉ាន់ដា (Rwanda) ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ