អ្នកស្រី Pelosi មក​ដល់​សិង្ហបុរី ខណៈ​ចិន​ព្រមាន​មិន​ឱ្យ​ទៅ​កាន់​កោះតៃវ៉ាន់

បុរស​ម្នាក់​អាន​កាសែត Global Times ដែល​មាន​អត្ថបទ​ទំព័រ​មុខ​អំពី​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​របស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អ្នកស្រី ណានស៊ី ពែលឡូស៊ី (Nancy Pelosi) បិទនៅ​ជញ្ជាំង​ផ្ដល់ព័ត៌មាន​ផ្លូវ​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ (REUTERS/Thomas Peter)

ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អ្នកស្រី ណានស៊ី ពែលឡូស៊ី (Nancy Pelosi) បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីហើយ នៅថ្ងៃទី១ ខែសីហានេះ ជាដំណើរទស្សនកិច្ចមួយជុំមកកាន់តំបន់អាស៊ីរបស់អ្នកស្រី ក្រោមក្រសែភ្នែកឃ្លាំមើលយ៉ាងដិតដល់របស់ប្រទេសចិន ខណៈប្រទេសអំណាចនៅអាស៊ីមួយនេះបានព្រមានថា យោធារបស់ខ្លួននឹង «មិននៅស្ងៀមឡើយ» ប្រសិនបើអ្នកស្រីធ្វើដំណើរទៅកាន់ «កោះតៃវ៉ាន់» ដែលចិនតែងចាត់ទុកថាគ្រាន់តែជាអាណាខេត្តរបស់ខ្លួននោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃនេះ។

ក្រសួងការបរទេសសិង្ហបុរីបានឱ្យដឹងថា អ្នកស្រី Pelosi និងគណៈប្រតិភូរបស់គាត់ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ទៅលើបញ្ហានានា មានដូចជា ទំនាក់ទំនងឆ្លងទ្វីប សង្រ្គាមអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ ជាដើម។ ចំណែកលោកនាយករដ្ឋមន្ត្រី Lee Hsien Loong វិញ បានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងអាមេរិក និងចិនសម្រាប់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់។

នៅមុនដំណើរទស្សនកិច្ចរបស់អ្នកស្រី Pelosi ​ប្រទេសចិនក៏បានផ្ញើសារព្រមានគណៈប្រតិភូអាមេរិក ប្រសិនបើពួកគេធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។

ទាក់ទងនឹងការព្រមាននេះ សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយស្រង់សម្តីរបស់លោក ​​​ហ្សៅ លីជៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិនដែលបានថ្លែងថា៖ «យើងសូមប្រាប់សហរដ្ឋអាមេរិកជាថ្មីម្តងទៀតថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេច។ កងទ័ពរំដោះប្រជាជនចិននឹងមិននៅស្ងៀមឡើយ ហើយប្រទេសចិននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន»។

នៅពេលសួរថាតើកងទ័ពរំដោះប្រជាជនចិននឹងចាត់វិធានការបែបណា លោកបាននិយាយថា៖ «ប្រសិនបើអ្នកស្រីហ៊ានទៅ ចាំមើលនឹងមានរឿងអ្វីកើតឡើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ