កូដករណាហ្គាវើលដ៍ប្រកាសជំហរបន្តធ្វើកូដកម្មទៀត បើសិនគ្មានច្រកចេញតាមច្បាប់ការងារទេ

កូដករប្រមាណ១០០នាក់បានព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់រារាំង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)​

កូដករណាហ្គាវើលដ៍មួយចំនួនអះអាងថា ពួកគេ​នៅតែបន្តធ្វើកូដកម្មទាមទារឱ្យមានការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនប្រកបដោយយុត្តិធម៌ស្របតាមច្បាប់ការងារ ខណៈពួកគេថាក្រសួងការងារបានខកខាន​បំពេញកាតព្វកិច្ចរបស់ខ្លួន​ក្នុងការ​បញ្ចប់ជម្លោះការងារមួយនេះ។

សមាជិកសហជីព និងជាបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ជា សុខុម លើកឡើងថា កញ្ញានៅតែប្រកាន់ជំហរបន្តធ្វើកូដកម្មទាមទារឱ្យមានសហជីពនៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បន្តទៀត និងជំរុញឱ្យមានដំណោះស្រាយតាមច្បាប់ការងារ បើទោះជាត្រូវរង​ការគំរាមកំហែងពីសំណាក់អាជ្ញាធរយ៉ាងណាក្ដី។

កញ្ញាបន្តថា ​ការតស៊ូមតិដើម្បីសិទ្ធិសេរីភាពការងារដោយសន្តិវិធី ដោយលែងបារម្ភនឹងការគាបសង្កត់ណាមួយរបស់ក្រសួងការងារឡើយ ព្រោះក្រុមកូដករបានរងនូវអំពើហិង្សា អ្នកតំណាងកូដករជាប់ពន្ធនាគារ និងខកខានទទួលបាននូវច្រកចេញដោយយុត្តិធម៌ពីភាគីថៅកែ។

កញ្ញាថា៖ «ពួកខ្ញុំនៅតែបន្តធ្វើកូដកម្មដដែល ដោយសារតែគ្មានដំណោះស្រាយ! ហើយអ្វីដែលពួកខ្ញុំធ្វើ គឺដើម្បីសិទ្ធិសេរីភាព និងមានសហជីពនៅកន្លែងធ្វើការងារ។ […] គឺចង់ឱ្យខាងក្រសួងហ្នឹងគាត់នៅចំណុចកណ្ដាល ហើយដោះស្រាយនូវវិវាទមួយនេះ ព្រោះដោយសារអី មកពីខាងក្រសួងគឺមានច្បាប់ចេញឱ្យប្រជាជនគោរពតាម។ អ៊ីចឹងបើអ្នកខាងក្រសួងគាត់ចែងច្បាប់ហើយ បើច្បាប់ហ្នឹងគាត់មិនគោរពខ្លួនឯង តើប្រជាជនត្រូវគោរពយ៉ាងម៉េច?»

ប្រភពបុគ្គលិកដដែល ចង់ឃើញក្រសួងការងារអនុវត្តតួនាទីរបស់ខ្លួនដោយតម្លាភាព ដោះស្រាយវិវាទនេះជូនដល់កម្មករខ្មែរស្លូតត្រង់ ដោយមិនលម្អៀងទៅរកក្រុមនិយោជកមានលុយ មានអំណាច ដែលមិនបានគោរពតាមច្បាប់កម្ពុជា។

បុគ្គលិកមួយរូបទៀត គឺលោក នាង សំអាត បង្ហាញជំហរបន្តធ្វើកូដកម្ម ដើម្បីទាមទារឱ្យថៅកែណាហ្គាចេញមុខមកដោះស្រាយវិវាទជាមួយកម្មករតាមច្បាប់ការងារកម្ពុជា។

យ៉ាងណា លោកថា បើក្រសួងការងារ និងអាជ្ញាធរខណ្ឌ មិនបានជួយសម្របសម្រួលឱ្យកូដករបានដំណោះស្រាយទេ គឺគ្រាន់តែកុំព្យាយាមរារាំងកូដករមិនឱ្យទៅតវ៉ានៅពីមុខក្រុមហ៊ុនកាស៊ីណូណាហ្គាទៅបានហើយ។

លោកថា៖ «បើសិនជាអត់បានដោះស្រាយទេ វាប៉ះពាល់ដល់សហជីពទូទាំងប្រទេស ឬកម្មករទូទាំងប្រទេសដែរ។ ប៉ះពាល់សិទ្ធិការងារ! អ៊ីចឹងវាប៉ះពាល់ខ្លាំងមែនទែន វាមិនមែនប៉ះធម្មតាតែពួកខ្ញុំទេ អ្នកដទៃក៏ប៉ះពាល់ដែរ ដូចជារោងចក្រ ដូចជាសហជីពកម្មករផ្សេងៗ ក៏រងប៉ះពាល់ដែរ។ មិនមែនតែសហជីពកម្មករពួកខ្ញុំមួយទេ ហើយវាពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ ប៉ះពាល់ច្រើន វាប៉ះពាល់ដល់មុខមាត់ជាតិទៀត»។

VOD មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃចន្ទនេះ។

យ៉ាងណា លោកធ្លាប់បញ្ជាក់ប្រាប់ VOD កាលពីថ្ងៃទី២៧ ខែកក្កដា ថាមូលហេតុនៃការអូសបន្លាយរកដំណោះស្រាយវិវាទណាហ្គាវើលដ៍ជាង១ឆ្នាំមកនេះ  គឺបណ្ដាលមកពីភាគីពាក់ព័ន្ធមិនព្រមអនុវត្តតាមនីតិវិធីដែលមានចែងក្នុងច្បាប់។

យោងតាមនីតិវិធី គឺភាគី​បុគ្គលិកត្រូវប្ដឹងទៅតុលាការដើម្បីបញ្ចប់ករណីតវ៉ានេះ ក្រោយពេលដែលភាគីអតីតបុគ្គលិកបដិសេធការផ្សះផ្សារបស់មន្ត្រីផ្សះផ្សាវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ការតវ៉ាដោយមិនគោរពនីតិវិធីជាធរមាន គឺនឹងធ្វើឱ្យភាគីដែលមិនគោរពនីតិវិធីកាន់តែបាត់ប្រៀបក្នុងយន្តការច្បាប់។

យ៉ាងណា លោកថា ក្រសួងការងារនឹងបន្តសម្របសម្រួលជូនភាគីពាក់ព័ន្ធនឹងការតវ៉ាមួយនេះ ប្រសិនជាភាគីពាក់ព័ន្ធនៅត្រូវការក្រសួង។

លោកថា៖ «ប្រសិនជាបងប្អូនមានបំណងតវ៉ានឹងការបកស្រាយរបស់ជំនាញ ឬមិនអស់ចិត្តនឹងការផ្សះផ្សានៅកម្រិតណាមួយ គឺបងប្អូនត្រូវតែប្តឹងបន្តទៅតុលាការ។ យើងមិនគួរយកផ្លូវសាធារណៈធ្វើជាកន្លែងបកស្រាយច្បាប់នោះទេ។ ការយកផ្លូវសាធារណៈធ្វើជាកន្លែងបកស្រាយច្បាប់តែឯកឯង មិនត្រឹមតែខុសនីតិវិធីទេ ថែមទាំងបង្កការលំបាកដល់ប្រជាពលរដ្ឋដទៃ ហើយប៉ះពាល់ដល់កិត្តិយសប្រទេសជាតិផងដែរ»។

​ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងថា លោកនៅតែបន្តគាំទ្រការតស៊ូមតិរបស់កូដករណាហ្គាវើលដ៍ ដែលទាមទារឱ្យមានដំណោះស្រាយវិវាទការងារដែលអូសបន្លាយមកជាង១ឆ្នាំនេះ។ លោកថា គាត់នៅបន្តតាមឃ្លាំមើល និងលើកទឹកចិត្តដល់កូដករទាំងនោះ។

លោកថា៖ «យើងជួយតាមលទ្ធភាព ទៅឃ្លាំមើល ឬក៏ទៅចូលរួមសកម្មភាពមើលអ៊ីចឹងទៅ លើកទឹកចិត្តអ៊ីចឹងបាន។ […] ប៉ុន្តែយើងពិបាកដែរ ព្រោះយើងធ្លាប់ទៅចូលរួម[ធ្វើកូដកម្ម]ដែរ ប៉ុន្តែត្រូវបានគេរារាំង អ៊ីចឹងយើងអាចត្រឹមចូលរួមគាំទ្រ និងមើលសង្កេតការណ៍អ៊ីចឹងទៅ»។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ថ្លែងថា ក្រុមសហជីពកំពុងជជែកពិភាក្សា ថាតើនឹងចាប់ផ្តើមសកម្មភាពនៃការចូលរួមទាមទារជាមួយកម្មករឱ្យមានដំណោះស្រាយលើវិវាទការងារណាហ្គានេះ​។

យ៉ាងណា អ្នកស្រីចង់ឱ្យករណីវិវាទការងារមួយនេះបញ្ចប់ដោយស្រុះស្រួលគ្នា តាមរយៈការជំរុញឱ្យថៅកែ​ទទួលយកបុគ្គលិកដែលបញ្ឈប់កន្លងទៅ និងអនុវត្តតាមច្បាប់ការងារ។

អ្នកស្រីថា៖ «រឿងធ្វើ[កូដកម្មជាមួយកូដករ]ហ្នឹង ពួកយើងដឹងតែធ្វើហើយ ប៉ុន្តែមុននឹងធ្វើហ្នឹង យើងអាចធ្វើសន្និសីទកាសែតមុនហ្នឹងអ៊ីចឹង  ឬក៏បង្កើតជាវេទិកាហៅក្រសួង ស្ថាប័នពាក់ព័ន្ធមកពិគ្រោះគ្នា ថាតើគាត់មានយន្តការអីក្នុងការដោះស្រាយវិវាទការងារនៅណាហ្គាហ្នឹង»។

ក្រុ​មហ៊ុ​នណាហ្គាវើល​ដ៍ ដែល​​មាន​​ទី​តាំង​នៅជា​ប់របង​​រដ្ឋសភា​ ក្នុ​ងរា​ជធានី​ភ្នំពេញ​ បានកម្រើកការតវ៉ាចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រោយពីក្រុមហ៊ុននេះបានជូន​ដំណឹង​ពី​គម្រោង​ប​​ញ្ឈ​​ប់​​បុ​គ្គលិក​ ​ ​១ ៣២៩​នា​ក់ ​ជា​ទ្រង់​ទ្រាយ​ធំ ​​​ក្រោ​មហេតុ​​ផលជួ​ប​​​វិ​​​​​​បត្តិហិរ​ញ្ញវត្ថុ ​​​​ដោយ​​សារ​តែ​​​ការ​រី​​​ករាល​​ដាលនៃ​​​ជំ​​ងឺ​​កូ​វីដ​-​១​​៩​។​​

ក៏ប៉ុ​ន្តែសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ​បាន​សម្អាង​ហេ​តុ​ផ្ទុយ​ពីនេះ ដោយពួកគេ​​ចាត់​ទុ​កការបញ្ឈប់នេះ​​ជាចេ​តនាថៅកែចង់​​លុបបំបា​ត់សហ​ជីពឯករាជ្យ​ ផ្ទុយពីច្បាប់ការងារ និ​​ង​អនុសញ្ញារួមរបស់អង្គការពលកម្ម​​អន្តរជាតិ (ILO) ដែលកម្ពុជាបា​ន​ផ្ដល់​​​សច្ចាប័ន​​ ​ខណៈ​អ្នកដែ​ល​​​ត្រូវ​បញ្ឈប់ទាំងនោះ​​ភាគ​ច្រើ​នជាមេ​​ដឹ​កនាំ​​​ស​ហជី​ព​ ​​ស​​​​​ក​ម្មជន​ស​ហ​​ជី​​ព ​និ​ង​ប្រតិ​ភូ​បុ​គ្គ​​លិក ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ