បក្សក្រៅរដ្ឋាភិបាលនិងសង្គមស៊ីវិលប្រកាសមិនចូលស្ដាប់ការពន្យល់របស់ក្រសួងយុត្តិធម៌រឿងវិសោធនកម្មរដ្ឋធម្មនុញ្ញដោយចាត់ទុកជាការដើរបញ្រ្ចាសទិស

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា លើកទី១០ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាង​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល និងគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន បាន​លើក​ឡើង​ថា ពួក​គេ​គ្មានភាពចាំបាច់ ដើម្បីទៅចូលរួមស្ដាប់ការពន្យល់បន្ថែមទៀតពីក្រសួងយុត្តិធម៌ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋ​សភាអនុម័ត ទាំងទាត់ចោលសំឡេងពួកគេរួចទៅហើយនោះទេ ដោយសម្អាងថា យន្តការរបស់ក្រសួងហាក់ដើរបញ្ច្រាសទិស មិនអាចធ្វើឱ្យច្បាប់កំពូលត្រលប់មកការពារប្រយោជន៍រួមវិញបាន។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋសភាបានអនុម័តទាំងស្រុង​លើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​លើក​ទី១០​ ដែល​ស្នើ​ដោយ​បក្ស​កាន់​អំណាច បើទោះបីគណបក្សចំនួន៤ រួម​មាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ​​ណ​បក្សភ្លើ​ងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់​កម្ពុជា បាន​ដាក់​ញត្តិ​ជំទាស់ ក្រោមហេតុ​ផល​ថា ការស្នើ​​កែ​​របស់​បក្ស​កាន់​អំណាច​នេះបានកាត់បន្ថយអំណាចសភា ប៉ះពាល់ដល់របបសភានិយម​អាស្រ័យ​ដោយ​រដ្ឋធ​ម្មនុញ្ញ ខណៈតំណាងក្រុមអង្គការសង្គស៊ីវិលចំនួន​១០៤ស្ថាប័នចេញសេចក្ដីថ្លែងការណ៍​រួមប​ង្ហាញ​​​ពីការ​ព្រួយបារម្ភប្រហាក់ប្រហែលគ្នានេះដែរ។

ក៏ប៉ុន្តែ ១ថ្ងៃបន្ទាប់​ក្រោយរដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់នេះ ក្រសួងយុត្តិធម៌បាន​ចេញសេចក្ដីប្រកាសព័ត៌មានដោយ​អញ្ជើញ​គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលយល់ថាការធ្វើវិសោធនកម្មលើកទី១០ ប៉ះពាល់​ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបរា​ជានិយមអាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ឬ​របប​​​សភានិយមនៅកម្ពុជា ចូលរួមពិភាក្សានៅរសៀលថ្ងៃទី២ ទី៣ និងទី៤ ខែសីហានេះ ដើម្បីក្រសួង​ពន្យល់ និងបកស្រាយ​ដោយផ្ទាល់ពី​ខ្លឹមសារនិង​គោលបំណង​ពិតប្រាកដ​នៃ​ការ​ធ្វើវិសោធនកម្មនេះ។

បញ្ហា​នេះ​ អ្នកនយោបាយ និង​ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន អះ​អាង​ថា ពួកគេគ្មានភាពចាំបាច់ទៅស្ដាប់​ការពន្យល់របស់ក្រសួងយុត្តិធម៌បន្ថែម​ទៀ​ត​នោះ​ទេ ដោយ​ថា ​ការ​ទៅចូលរួមស្ដាប់លើកនេះក៏គ្មានអ្វីប្លែកពីអ្វី​​ដែល​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ធ្លាប់ធ្វើសន្និសីទសារព័ត៌​មាន​​ និង​ការពារ នៅក្នុងរដ្ឋសភា ​មុនរដ្ឋសភា​អនុម័ត​ដែរ ហើយ​ថា​ការទៅចូលរួមនេះក៏មិនអាចធ្វើឱ្យច្បាប់កំពូលនេះត្រលប់មកការពារប្រយោជន៍រួម​ឡើងវិញ​បាន​ដែរ។

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែ​រ លោក គង់ មុនីកា លើកឡើងនៅថ្ងៃចន្ទនេះ​ថា គណបក្ស​នេះ​នឹង​មិន​ទៅ​ចូល​រួមទេ ដោយ​យល់ឃើញថា ការអំពាវនាវរបស់ក្រសួងយុត្តិធម៌ហាក់ដើរបញ្ច្រាសទិសទៅនឹងនីតិវិធី ដែល​​ជាទូទៅ​ការ​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់​ព័ន្ធ ដើម្បីធ្វើ​ច្បាប់ ឬ​វិសោធនកម្ម​ច្បាប់ រួមទាំងវិសោធនកម្មរដ្ឋធម្មនុញ្ញ​ក្ដី គឺគេធ្វើ​មុន​សេចក្ដីព្រាងច្បាប់ធ្លាក់ទៅដល់ដៃរដ្ឋសភា មិន​មែន​ធ្វើ​ក្រោយ​សភា​អនុ​ម័ត​ដូច​ពេល​នេះទេ។

លោកថា៖ «នៅពេលនេះ យើង​ចង់​អំពាវ​នាវ​​ដល់​​ព្រឹទ្ធ​សភា និង​អង្គ​ព្រះមហាក្សត្រ​ កុំអនុ​ម័ត ឬ​កុំឡាយព្រះ​ហស្តសេចក្ដីព្រាង​វិសោធន​កម្ម​នេះ»។

អគ្គ​លេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ​លោក សាម អ៊ីន លើក​ឡើង​ថា ការ​កោះ​អញ្ជើញរបស់ក្រសួង​យុត្តិ​ធម៌ ឱ្យចូលទៅអង្គុយស្ដាប់ គឺ​មិនមានភាពចាំបាច់សម្រាប់គណបក្សនេះទៅចូលរួមទេ ដោយថា ​វិធាននេះមិនបានជំរុញគោលការណ៍ប្រជាធិប​តេយ្យ​ទេ។

លោកគូសបញ្ជាក់ថា ការធ្វើច្បាប់ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ជារឿងជាតិទាំងមូល ដែលទាមទារឱ្យមាន​ការពិគ្រោះ​យោបល់ជាមួយ​តួអង្គ​ពាក់ព័ន្ធដទៃទៀតក្រៅពីរដ្ឋាភិបាល មុនដាក់ជូនទៅរដ្ឋសភាអនុម័ត ដែលលោក​ថា ​នេះជានីតិវិធីត្រឹមត្រូវ ដែលតម្រូវឱ្យមានការចូលរួម​តាមគោលការណ៍ប្រជាធិបតេយ្យ។

លោកថា៖ «គាត់ធ្វើតែក្នុងកម្រិតរដ្ឋាភិបាល ហើយបញ្ជូនទៅរដ្ឋសភា ​[រដ្ឋ]​សភាអនុម័ត​ហើយ​បាន​ក្រសួងកោះ​អញ្ជើញ​ក្រុមអង្គការសង្គមស៊ីវិលនៅក្រៅរដ្ឋាភិបាល និងគណបក្ស ទៅស្ដាប់ការស្រាយ​បំភ្លឺ​ វាអត់ន័យ»។​

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា វិញ អះអាងប្រហាក់ប្រហែលនេះដែរ ដោយ​ថា ការ​ទៅស្ដាប់ក្រសួងបកស្រាយមិនអាចជួយឱ្យច្បាប់កំពូលនោះវិលមកការពារប្រយោជន៍រួម​វិញ​បាន​ទេ។

លោកថា៖ «ទៅស្ដាប់ធ្វើអីទៀត បើច្បាប់វាទៅដល់ហ្នឹងហើយ! ហ្នឹងហែខ្មោចទៅដុតហើយ ហែមក​វិញអី?»

ចំណែក​​អនុប្រធានបណ្ដោះអាសន្នគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ក៏ប្រកាសថា​ នឹង​មិនចាត់តាំង​តំណាង​ទៅ​ចូល​រួម​ស្ដាប់ការ​បកស្រាយព​ន្យល់​បន្ថែម​របស់ក្រសួងយុត្តិធម៌ ជុំវិញ​ការ​ធ្វើវិសោធន​កម្មនេះ​ទៀ​ត​ទេ​ ដោយលោក​ថា ទំនងជាគ្មានអ្វីប្លែក ដូចការបកស្រាយ២ដងកន្លងទៅនោះទេ។

លោកថា៖ «គ្រាន់តែថា ខ្ញុំមានការសោកស្ដាយ​ត្រង់ថា សភាខ្លួនឯងអនុម័ត ដើម្បីកាត់បន្ថយអំណាចខ្លួនឯង! អញ្ចេះ វាចម្លែកណាស់»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ក៏យល់ឃើញប្រហាក់ប្រហែលនេះដែរ។

លោកថា៖ «ខ្ញុំយល់ឃើញថា ការអញ្ជើញទៅនេះ​គ្រាន់តែស្ដាប់គាត់បកស្រាយ គាត់ពន្យល់តែប៉ុណ្ណឹង​ទេវា​អត់មានអីត្រូវដេញដោលគ្នាអីតទៅទៀតទេ ព្រោះអាហ្នឹងវាអត់មានការពិភាក្សាអីទៀត​ទេ ដោយ​សារ​តែរដ្ឋសភាបា​នអនុម័តរួចហើយ»។

យ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់​ទុកអវត្តមាន​របស់គណបក្សនយោបាយ និងក្រុម​អង្គការសង្គមស៊ីវិល​ ដែលបានជំទាស់វិសោធនកម្មរដ្ឋធម្មនុញ្ញ​លើកទី១០នេះថា ជាការឆ្លុះបញ្ចាំង​ថាពួក​គេ​មិន​ហ៊ាន​ចូ​ល​ទៅ​ជជែក​ទល់មុខ ដោយសារការលើកឡើងកន្លង​ទៅ​ខ្វះមូលដ្ឋានច្បាប់។

លោកថា៖ «បើសិនជាគាត់មានសេចក្ដីក្លាហាន មានភាពសុចរិត មានគោលបំណងក្នុងការការពាររដ្ឋធម្មនុញ្ញ​ ប្រជាធិបតេយ្យពិតប្រាកដ គាត់គួរតែចូលហើយ ប៉ុន្តែបើគាត់មិនចូលទេ ហើយនៅតែបន្តរិះគន់ហើយដាក់​ញត្តិទាំងខុស​អ៊ីចឹងទៀត អាហ្នឹង​អាចថាជាភាពអាម៉ាស់​របស់ពួកគាត់ទៅវិញទេ»។

ដោយឡែក មន្ត្រីសម្របសម្រួលផ្នែកអង្កេត ​និង​តស៊ូ​មតិ ​នៅ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោតខុម​ហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា មាត្រា៣៥​នៃរដ្ឋធម្ម​នុញ្ញ បាន​ចែង​ថា សេចក្ដីស្នើទាំងឡាយ​របស់ប្រជា​ពល​រដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់​ពី​អង្គ​ការ​រដ្ឋ។

ប៉ុន្តែ​លោក​ថា ការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ​លើក​ទី​១០​ថ្មី​នេះ ស្ថាប័នរដ្ឋមិនបានយកមាត្រានេះមកពិចា​រណា​លើ​កង្វល់របស់ពលរដ្ឋទេ ដូច្នេះ​អង្គការលោក​នឹងមិនចាត់តំណាងឱ្យទៅ​ចូលរួមទេ ដោយ​មិនរំពឹង​ថា ជំនួបនោះនឹងធ្វើឱ្យច្បាប់កំពូលរបស់ជាតិ​ដែលរដ្ឋ​សភាអនុម័តទៅហើយនោះ ត្រូវកែលម្អឡើង​វិញតាម​ការ​បារម្ភ​របស់ក្រុមអង្គការសង្គមស៊ីវិលនោះទេ។

បន្ថែម​ពី​នេះ អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងនៅលើគណនីហ្វេសប៊ុក​របស់​​លោក​​ថា ជំនួបពិភាក្សាដើម្បីទទួលការពន្យល់បកស្រាយ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការគាំទ្រ​ការធ្វើវិសោធនកម្ម ក្រោយរដ្ឋសភាបានអនុម័តលើសេចក្ដីព្រាងច្បាប់​នេះ គឺមិនមានន័យអ្វីនោះឡើយ។

លោកគូសបញ្ជាក់ថា៖ «ការដាក់គំនិតធ្វើវិសោធនកម្ម[រដ្ឋ]ធម្មនុញ្ញជូនប្រជាពលរដ្ឋពិភាក្សា ផ្ដល់មតិ និងមូលមតិគ្នាឱ្យបានច្រើន មុនពេលរដ្ឋសភាអនុម័ត ទើបជារឿងត្រឹមត្រូវ និងមានន័យ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ