ប្រធានាធិបតីថ្មីស្រីលង្កា ថាមិនទាន់ដល់ពេលសម្រាប់លោក Rajapaksa ត្រលប់មកប្រទេសវិញ ខណៈអំពាវនាវឱ្យមានរដ្ឋាភិបាលរួបរួមមួយ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

អតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។ (ហ្វេសប៊ុក៖ Gotabaya Rajapaksa)

ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) បានថ្លែងកាលពីថ្ងៃអាទិត្យថា មិនទាន់ដល់ពេលសម្រាប់អតីតប្រធានាធិបតី លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ត្រូវវិលត្រលប់ចូលមកប្រទេសវិញនោះទេ ព្រោះវាអាចធ្វើឱ្យមានភាពតានតឹងផ្នែកនយោបាយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១ ខែសីហា ដែលបានស្រង់ប្រភពចេញពីសារព័ត៌មាន The Wall Street Journal។

លោក Wickremesinghe បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Wall Street Journalថា៖ «ខ្ញុំគិតថាមិនទាន់ដល់ពេលសម្រាប់គាត់ដើម្បីត្រលប់មកវិញទេ។​ មិន​មាន​សញ្ញាបង្ហាញ​ថា​គាត់​នឹង​ត្រលប់​មក​វិញ​ឆាប់ៗ​នេះ​ទេ»។

លោក Rajapaksa បន្ទាប់ពីប្រឈមមុខនឹងការទាមទារឱ្យចុះចេញពីតំណែង បានភៀសខ្លួននៅថ្ងៃទី១៣ ខែកក្កដា ដែលក្រោយមកលោកបានដាក់លិខិតលាលែងពីតំណែង។

ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Rajapaksa លាលែងពីតំណែង លោក Wickremesinghe បានឈ្នះការបោះឆ្នោតនៅក្នុងសភាក្លាយជាប្រធានាធិបតីថ្មី។

សារព័ត៌មានដដែលបន្តថា លោក Wickremesinghe នៅតែទាក់ទងជាមួយលោក Rajapaksa ដើម្បីដោះស្រាយបញ្ហាអំពីការផ្ទេរកិច្ចការរដ្ឋបាល និងកិច្ចការផ្សេងទៀតរបស់រដ្ឋាភិបាល។

ប្រទេស​ដែល​ទទួល​រង​វិបត្តិ​នេះ​កំពុង​ពិភាក្សា​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ​លើ​កញ្ចប់​ថវិកា​សង្គ្រោះ។ កាលពីខែមេសា ប្រទេសស្រីលង្កាបានផ្អាកការសងបំណុលបរទេសប្រហែល១២ពាន់លានដុល្លារ ហើយមានការទូទាត់ជិត២១ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២៥។

ប្រភពដដែលបានរាយការណ៍ថា លោក Wickremesinghe រំពឹងថា កិច្ចព្រមព្រៀងជាមួយ IMF នឹងសម្រេចបាននៅចុងខែសីហានេះ ដោយបន្ថែមថា ប្រទេសស្រីលង្កានឹងត្រូវទទួលបានចំនួនទឹកប្រាក់លើសពី៣ពាន់លានដុល្លារពីប្រភពផ្សេងៗនៅឆ្នាំក្រោយ ដើម្បីផ្គត់ផ្គង់ដល់ការនាំចូលសំខាន់ៗ រួមមាន ប្រេងឥន្ធនៈ អាហារ និងជី។

លោកក៏បានប្រាប់សារព័ត៌មានដដែលនេះថា វានឹងត្រូវការរយៈពេលប៉ុន្មានខែ មុនពេលដែលប្រជាជនស្រីលង្កាឃើញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុងស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ។

យ៉ាងណា ការិយាល័យរបស់លោកបាននិយាយកាលពីថ្ងៃអាទិត្យ (ថ្ងៃទី៣១ ខែកក្កដា) ថាប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា លោក Ranil Wickremesinghe បានអញ្ជើញសមាជិកសភាជាផ្លូវការឱ្យចូលរួមជាមួយរដ្ឋាភិបាលរួបរួមពីគ្រប់ភាគី ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់បណ្ដាញព័ត៌មាន CNA

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសៅរ៍ ជាមួយព្រះសង្ឃដ៏មានឥទ្ធិពលនៅវត្ត Temple of the Tooth នៅទីក្រុងខេនឌី (Kandy) ដែលជាទីសក្ការៈបូជាដ៏ពិសិដ្ឋបំផុតរបស់ព្រះពុទ្ធសាសនានៅក្នុងប្រទេសស្រីលង្កា លោក Wickremesinghe បានគូសបញ្ជាក់អំពីផែនការរបស់លោក ថា៖ «ក្នុងនាមជាប្រធានាធិបតី ខ្ញុំចង់ចាប់ផ្ដើមដំណើរថ្មី»។

លោកបន្តទៀតថា «ខ្ញុំ​ចង់​ឱ្យ​គ្រប់​ភាគី​ចូលរួមក្នុង​​ដំណើរ​ការនេះ ព្រម​ទាំង​បង្កើត​រដ្ឋាភិបាលថ្មីមួយដែលមានការចូលរួមពី​គ្រប់​ភាគី»។

លោកបន្ថែមថា៖ «ខ្ញុំ​កំពុង​ធ្វើ​ការ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ ក្នុងរបៀបដែលធ្វើឱ្យ​ប្រទេសនេះ​មានការអភិវឌ្ឍ​នៅត្រឹម​ឆ្នាំ​២០២៣-​២០២៤»។

លោកបន្ថែមថា៖ «វាជាកិច្ចការដ៏លំបាកមួយ។ ប៉ុន្តែប្រសិនបើអ្នកមិនធ្វើឥលូវនេះទេ វានឹងកាន់តែលំបាក។ យើងគួរតែគិតថាតើយើងគួរតែព្យាយាមព្យាបាលអ្នកជំងឺដោយការឱ្យថ្នាំ ឬទុកឱ្យអ្នកជំងឺស្លាប់ដោយមិនផ្ដល់ថ្នាំ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ