ពលរដ្ឋ​ឥណ្ឌូនេស៊ី​ចំនួន​៦២នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ឆបោក​នៅ​ខេត្តព្រះសីហនុ

ទិដ្ឋភាពតាមដងវិថីមួយកន្លែងក្នុងខេត្តព្រះសីហនុ អំឡុងពេលមានការរាតត្បាតកូវីដ១៩ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី ឱ្យដឹងថា ស្ថាន​ទូត​ឥណ្ឌូនេស៊ី​បាន​ជួយ​សង្គ្រោះពល​រដ្ឋ​របស់​ខ្លួន​ចំនួន៦២នាក់ពីកន្លែង​ឃុំខ្លួន​ក្នុង​ឧស្សាហកម្ម​ឆបោក​នៅខេត្តព្រះសីហនុ កាល​ពីចុង​សប្ដាហ៍កន្លងទៅនេះ។

ដោយ​​ដក​ស្រង់សម្ដីពី​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី ទស្សនាវដ្ដីឥណ្ឌូនេស៊ី Tempo បាន​លើក​​ឡើង​​​​ថា ពលរដ្ឋឥណ្ឌូនេស៊ី​ចំនួន៥៥នាក់ត្រូវ​​បាន​​សង្រ្គោះកាលពី​ថ្ងៃ​សៅរ៍ និង​៧នាក់​ទៀត​កាលពី​ថ្ងៃ​អាទិត្យ ដោយ​មាន​កិច្ច​សហការ​ពី​នគរបាល​កម្ពុជា។

ប្រភព​ដដែល​បន្តទៀតថា ជនរងគ្រោះពីការជួញដូរមនុស្សនឹងត្រូវបានសម្ភាស និងទទួលការ​ប្រឹក្សាផ្លូវចិត្ត មុនពេលបញ្ជូនត្រលប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ នៅយប់ថ្ងៃអាទិត្យ។

ទស្សនាវដ្ដីនេះបន្ថែមទៀត​ថា ជនរងគ្រោះ​ចំនួន៥៥នាក់ដែលត្រូវបានសង្រ្គោះ​​កាល​ពី​ថ្ងៃ​សៅរ៍ មាន​បុរស៤៧នាក់ និង​ស្ត្រី៨នាក់​។

ទស្សនាវដ្ដីនេះ បានផ្ដល់ជាទីតាំង (កូអរ​ដោ​នេ 10°37’33.0″N 103°30’08.7”E) នៃ​ទី​កន្លែងឧស្សា​ហកម្ម​ឆបោក​​ក្នុង​ខេត្ត​ព្រះសី​ហនុ ដែល​ជន​រង​គ្រោះត្រូ​វ​បាន​ឃុំ​ខ្លួន។ កូអរដោនេនេះបង្ហាញ​ទីតាំង​​មួយ​​ក្បែរ​​ផ្លូវ​​សន្តិភាព ក្នុង​សង្កាត់លេខ៣។ ប្រភពដដែលនេះបន្តទៀតថា ករណីនេះត្រូវបាន​លាតត្រដាង​ ក្រោយ​​​មាន​អ្នក​បញ្ចេញ​​ម​តិ​​យោបល់ (comment) នៅលើទំព័រហ្វេសប៊ុករបស់អភិបាលខេត្ត​ចាវ៉ា ភាគកណ្ដាល​ (Central Java)។

អាជ្ញាធរ​កម្ពុជាបាន​ចាត់ទុកការ​ជួញ​ដូរ​ពលករ​បរទេស​ថា ជា​ប្រតិបត្តិការ​ឆបោក​ក្នុង​ប្រទេស បើ​​ទោះ​​បី​​ជា​​មាន​របាយការណ៍​ជា​បន្ត​បន្ទាប់​ក៏ដោយ។ មន្ត្រីនគរបាលនៅជិតព្រំដែនវៀតណាម ក្នុងខេត្តកំពត និងខេត្តព្រះសីហនុ បានប្រាប់អ្នករាយការណ៍ព័ត៌មានកាលពីដើមឆ្នាំនេះថា ពលករ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លាឈប់​ពី​ការ​ងារ ដោយសារតែកិច្ចសន្យាការងាររបស់ពួកគេទេ។

ទោះជាយ៉ាងណា ជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បាននិយាយថា ពួកគេត្រូវបានវាយដំ និងធ្វើទារុណកម្ម ប្រសិនបើពួកគេបដិសេធមិនធ្វើការនៅអង្គការឆបោកនេះ នៅក្នុងបរិ​វេណ​​ដែលបង្អួចមានរនាំងបិទជិត និងព័ទ្ធដោយរបងលួស។

គួរបញ្ជាក់ថា កាលពីខែមុន ខណៈសហរដ្ឋអាមេរិកបានទម្លាក់ចំណាត់ថ្នាក់ការជួញដូរមនុស្សរបស់កម្ពុជា​ ដោយសារតែមានអំពើឆបោកកើនឡើង មន្ត្រីជាន់ខ្ពស់​ផ្នែក​ប្រឆាំង​ការជួញដូរមនុស្សរបស់កម្ពុជា បាន​ហៅកា​រ​ទម្លាក់​ចំណាត់ថ្នាក់នេះថា «អយុត្តិធម៌» ដោយសារតែរដ្ឋាភិបាលបានខិតខំប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្នុងទម្រង់ផ្សេងៗគ្នា ក្នុងនោះ ​អង្គការមិនមែន​រដ្ឋាភិ​បាល និងរដ្ឋាភិបាល បានផ្តោតជាចម្បងលើការជួញដូរពលករខ្មែរ​ទៅក្រៅ​ប្រទេស។

ទោះ​យ៉ាងណា ពលករបរទេសនិយាយថា មានមនុស្សរាប់ពាន់នាក់កំពុងធ្វើការក្នុងឧស្សាហកម្មឆបោកនៅក្នុងប្រទេសកម្ពុជា ដើម្បី​ប្រព្រឹត្ត​អំពើ​ឆបោក​ជា​សកល ដែលជារឿយៗផ្ទុយពីឆន្ទៈ​របស់​ពួកគេ។

ស្ថាន​ទូត​ឥណ្ឌូនេស៊ី​ មិន​ទាន់​បាន​ផ្ដល់ការឆ្លើយតបចំពោះបញ្ហានេះនៅឡើយទេ​៕

បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Briefs: 62 Indonesians Rescued From Scams, New District Governors

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ