លោក ចូ បៃឌិន ថា​មេដឹកនាំ​អាល់កៃដា​ត្រូវ​បាន​សម្លាប់​នៅ​អាហ្វហ្គានីស្ថាន

រូបថតមេដឹកនាំអាល់កៃដា ជនជាតិអេហ្ស៊ីប Ayman al-Zawahiri ថតចេញពីវីដេអូដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១។ (REUTERS TV/ រូបភាពនេះត្រូវបានផ្តល់ដោយ A THIRD PARTY)

លោកប្រធានាធិបតី ចូ បៃឌិន បានឱ្យដឹងនៅថ្ងៃចន្ទ​ម្សិល​មិញ​ថា សហរដ្ឋអាមេរិក​បាន​សម្លាប់​មេដឹក​នាំ​​អាល់​កៃ​ដា​មួយ​រូបឈ្មោះ​ អាយមែន អាល ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) នៅក្នុងការវាយប្រហារមួយនៅប្រទេសអាហ្វហ្គានីស្ថាន កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយដោយ​ទីភ្នាក់ងារ​សារ​ព័ត៌​មាន Reuters។

ថ្លែងពីសេតវិមាន ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) ដែលទើបតែជា​សះស្បើយ​ពី​ជំងឺកូវីដ-១៩ ថ្លែង​ថា៖ «បច្ចុប្បន្ន យុត្តិធម៌ត្រូវបានផ្ដល់ជូនហើយ ខណៈមេដឹកនាំភេរវករនេះលែងមានតទៅទៀតហើយ។ មិនថាត្រូវចំណាយរយៈពេលយូរ ឬក៏អ្នកសម្ងំលាក់ខ្លួននៅកន្លែងណានោះទេ ប្រសិនបើអ្នកគំរាមកំហែងដល់ប្រជាជនរបស់យើង សហរដ្ឋអាមេរិកនឹងស្វែងរកអ្នក ហើយនឹងកម្ចាត់អ្នកចេញ»។

លោកបន្ថែមថា មេដឹកនាំ​​អាល់កៃដារូបនេះក៏ជាមេខ្លោងនៅពីក្រោយ ឬចូលរួមចំណែក​យ៉ាងសំខាន់ក្នុង​​ការ​វាយ​ប្រហារលើនាវា​ USS Cole ដែល​​បាន​សម្លាប់​នាវិក​អាមេរិក​​អស់​​ចំនួន​១៧​នាក់ ​កាល​​​ពី​​ឆ្នាំ​២០០០ និង​ស្ថានទូតអាមេរិកនៅក្នុងប្រទេសកេនយ៉ា និងតង់ហ្សានី ផងដែរ។

យោងតាមមន្ត្រីសហរដ្ឋអាមេរិកមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា លោក អាយមែន អាល ហ្សាវ៉ាហ៊ីរី បានស្លាប់បន្ទាប់​ពី​រង​នូវ​ការ​វាយ​ប្រហារ​ដោយ​យន្ដ​ហោះ​ដ្រូន (drone) របស់អាមេរិក នៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នៅវេលាម៉ោងប្រមាណជា៦និង១៨នាទី​ព្រឹក (0148 GMT) កាលពីថ្ងៃអាទិត្យកន្លងទៅ។

ប្រភពដដែលបន្តថា៖ «លោក អាយមែន អាល ហ្សាវ៉ាហ៊ីរី បានបន្តបង្កការគំរាមកំហែងយ៉ាងសកម្មដល់បុគ្គល ផលប្រយោជន៍ និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ការស្លាប់របស់បុគ្គលរូបនេះ គឺផ្តល់ផលប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ក្រុម​អាល់​កៃដា​ទាំង​មូល ដែលនឹងធ្វើឱ្យប្រតិបត្តិការរបស់ក្រុម​ពួកគេចុះខ្សោយផងដែរ»។

គួរបញ្ជាក់ថា មេដឹកនាំ​អាល់កៃដា ដែលមានសញ្ជាតិអេហ្ស៊ីបរូប​​នេះ ក៏ជាបុគ្គលមួយរូបដែលពាក់ព័ន្ធក្នុងហេតុការណ៍​ភេរវកម្មទៅលើ​អគារភ្លោះ នៅក្រុង​ញូវយ៉ក កាលពីថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ ដែលបាន​សម្លាប់មនុស្សជិត៣ ០០០​នាក់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ