រដ្ឋាភិបាល​បដិសេធ​​ក្នុង​ការ​បង្ហាញ​ពី​ប្រាក់ចំណូល​បាន​​ពី​សម្បទានដី​សាធារណៈ​ឱ្យ​ឯកជន

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នាព្រឹកថ្ងៃទី២ ខែសីហា នៅទីស្ដីការគណៈរដ្ឋមន្ត្រី។ (ហ៊ាន រង្សី)

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បដិសេធចំពោះការប្រាប់អំពីប្រាក់ចំណូលពីសម្បទាន ឬការផ្ដល់ដីសាធារណៈរបស់រដ្ឋឱ្យទៅវិស័យឯកជន ដូចជា ដីបឹងតាមោក ដីភ្នំតាម៉ៅ ដីបឹង ដីព្រៃផ្សេងទៀត​ ​ដោយប្រាប់ឱ្យអ្នកសារព័ត៌មានទៅស្រាវជ្រាវរកព័ត៌មានទាំងនេះ​ដោយខ្លួនឯង។

ការបដិសេធនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នាព្រឹកថ្ងៃទី២ ខែសីហា នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមានដីសម្បទានរបស់រដ្ឋជាច្រើនកន្លែងនៅទូទាំងប្រទេសដែលបានធ្វើអនុបយោគ និងជួលឱ្យវិស័យឯកជន ពោលគឺមិនមែនមានតែបឹងតាមោកមួយទេ។ លោកថា ការជួលដីឱ្យទៅឯកជននោះ គឺដើម្បីរកចំណូលជូនរដ្ឋ។

យ៉ាងណា មន្ត្រីរដ្ឋាភិបាលរូបនេះថា ការជួលដីនេះគឺគ្រប់គ្រងដោយកិច្ចសន្យាជួលក្នុងរយៈពេលវែង ដូច្នេះចំណូលក៏មិនបានតម្លៃខ្ពស់ដែរ។

បើទោះជាយ៉ាងនេះក្ដី មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បដិសេធធ្វើអត្ថាធិប្បាយលើចំណូលពីសម្បទានដីសាធារណៈឱ្យទៅវិស័យឯកជន ​ ថាតើបានចំណូលក្នុង១ហិកតាៗប៉ុន្មាន! ហើយសរុបក្នុង១ឆ្នាំៗ រដ្ឋអាចរកចំណូលបានប៉ុន្មាន។ លោកថា រឿងនេះត្រូវចំណាយពេលពិនិត្យមើលច្បាប់ទូទាត់ឱ្យបានលម្អិតជាមុនសិន។

លោកបានប្រាប់ឱ្យអ្នកសារព័ត៌មានទៅស្រាវជ្រាវរកព័ត៌មានទូទាត់សរុបនេះដោយខ្លួនឯង។

លោក មាស សុខសេនសាន ថា៖ «សំណួរសួរថាដីសម្បទាន[របស់រដ្ឋ]នេះ រកចំណូលបានប៉ុន្មាន? ខ្ញុំមិនអាចជម្រាបជូនបានទេ។ ប៉ុន្តែយើងបានចែងក្នុងច្បាប់! ព្រោះតាមធម្មតា នៅក្នុងច្បាប់គ្រប់គ្រងថវិកាឆ្នាំនីមួយៗ យើងមានច្បាប់ដែលស្នើគ្រោង ហើយយើងមានច្បាប់ទូទាត់នៅក្នុងចុងឆ្នាំ។ ហើយនៅក្នុងច្បាប់ទូទាត់ហ្នឹង គឺមានបញ្ជាក់ហើយថាចំណូលពីទ្រព្យសម្បត្តិរដ្ឋមានទំហំប៉ុន្មានៗ។ […] អ៊ីចឹងសុំទៅមើលគ្រោង ហើយសុំមើលទូទាត់ទៅ។ ហើយទូទាត់គ្នាទៅថា រវាងការគ្រោង និងអនុវត្តន៍ជាក់ស្តែងច្បាប់ទូទាត់ទៅ វាមានប៉ុន្មាន! អ៊ីចឹងសូមទៅមើលអាហ្នឹង ហើយអាច[អ្នក]កាសែតធ្វើការហ្នឹងបន្តិចទៅ»។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះបន្ថែមថា រដ្ឋាភិបាលបានពង្រឹងលើការគ្រប់គ្រងចំណូល និងប្រើប្រាស់ចំណូលដែលរកបានពីការផ្ដល់ដី​សម្បទានឱ្យទៅវិស័យឯកជននោះ ទៅចំណាយលើក្រសួង-ស្ថាប័ន ប្រាក់បៀវត្ស វិនិយោគផ្សេងៗទៀត។  ​លោកថា រដ្ឋាភិបាលបានប្រើប្រាស់ចំណូលទាំងនោះប្រកបដោយតម្លាភាព និងគណនេយ្យភាពផងដែរ។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី ចាត់ទុកការដែលមន្ត្រីជំនាញបដិសេធធ្វើអត្ថាធិប្បាយលើចំណូលពីសម្បទានដីសាធារណៈឱ្យទៅឯកជន និងប្រាប់ឱ្យអ្នកសារព័ត៌មានទៅស្រាវជ្រាវច្បាប់ដោយខ្លួនឯងនេះ ថាជាការខកខានបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

លោកថា មន្ត្រីមានតួនាទីជាអ្នកអនុវត្តការងារ ហើយក៏ជាអ្នកបម្រើដល់ផលប្រយោជន៍ពលរដ្ឋទូទៅ ខណៈអ្នកសារព័ត៌មានក៏ជាពលរដ្ឋ ដែលមានសិទ្ធិស្នើសុំព័ត៌មាន។

លោកចាត់ទុកការមិនផ្ដល់ព័ត៌មានឱ្យទូលំទូលាយនេះថា ជាការរំលោភសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ។

លោកថា៖ «ទាក់ទងនឹងចំណូលដែលរដ្ឋរកបាន ទទួលបានពីការវិនិយោគផ្សេងៗ ក៏ដូចជាចំណូលដែលកៀរគរបាន គឺជាព័ត៌មានដែលពលរដ្ឋលោកត្រូវទទួលដឹង គួរតែត្រូវបានផ្ដល់ជូន ជាជាងការដែលពលរដ្ឋទៅទាមទាររកព័ត៌មាន។ ហើយការដែលមិនផ្តល់ព័ត៌មានហ្នឹង គឺជាការមិនបានបំពេញតួនាទីជាអ្នកផ្តល់សេវាជូនពលរដ្ឋឱ្យបានត្រឹមត្រូវ»។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះ ចង់ឱ្យរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ ដើម្បីធានាថានឹងមានមន្ត្រីជាក់លាក់ត្រូវបានចាត់តាំងក្នុងការឆ្លើយតបឱ្យបានទូលំទូលាយទៅកាន់ពលរដ្ឋ និងអ្នកសារព័ត៌មាន។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា មកទល់បច្ចុប្បន្នលោកមិនច្បាស់ទេពីការប្រែប្រួលនៃចំណូលពីសម្បទានដីសាធារណៈរបស់រដ្ឋឱ្យទៅឯកជន ខណៈទិន្នន័យដែលលោកមាន គឺគ្រាន់ជារបាយការណ៍ចាស់ៗប៉ុណ្ណោះ។

យ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះថា តាមពិតទៅ ស្ថាប័នជំនាញគួរតែចែកចាយព័ត៌មានជាសាធារណៈនានាដល់អ្នកសារព័ត៌មាន ឆ្លើយតប ដើម្បីឱ្យពួកគេផ្សព្វផ្សាយដល់ពលរដ្ឋ។ លោកថា ការផ្សព្វផ្សាយនេះបានជួយកាត់បន្ថយនូវកង្វះខាតព័ត៌មាន និងជាការឆ្លើយតបទូលាយដល់សង្គមផងដែរ។

លោកថា៖ «ឆ្លើយតបទៅតាមទិន្នន័យដែលមាន នោះគឺជារបៀបនៃកិច្ចសហការមួយរវាងអ្នកសារព័ត៌មាន និងអ្នកផ្តល់ព័ត៌មានសាធារណៈ។ ហើយយើងចង់ឱ្យមានការបង្កើតបរិយាកាសនៃការឆ្លងឆ្លើយគ្នាបានច្រើន ដើម្បីកាត់បន្ថយនូវកង្វះខាតព័ត៌មាន ហើយនិងជាការឆ្លើយតបមួយទៅដល់សាធារណជនដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ