រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​គ្រោង​មក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន។ (ហ្វេសប៊ុក៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា)

​រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន គ្រោងមកធ្វើទស្សនកិច្ចនៅ​កម្ពុជាជាលើកដំបូង ក្នុងតំណែងជាមន្ត្រីការទូតជាន់ខ្ពស់មួយនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងពិភាក្សាជាមួយកម្ពុជាពីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម។  

ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃអង្គារនេះ បានឱ្យដឹងតាមរយៈសាររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានឱ្យដឹងថា លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ជាលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីការបរទេស ចាប់ពីថ្ងៃទី៣ ខែសីហានេះ។ សារនោះបន្តថា ក្នុងជំនួបពិភាក្សាអំពីវិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែស្នូលរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន។

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនក៏បានបញ្ជាក់ដែរថា ទស្សនកិច្ចលើកនេះ លោកមានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសជប៉ុន-កម្ពុជា​ ហើយលោកនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសដែលពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ខណៈសហគមន៍អន្តរជាតិ​កំពុង​ជួប​វិបត្តិនយោបាយ​ស្មុគស្មាញ។

ក្នុងសារ​របស់រដ្ឋមន្ត្រីការបរទេសជប៉ុនបន្តថា៖ «​​សហគមន៍អន្តរជាតិកំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជា បញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូង ជាដើម។ កិច្ចប្រជុំនានាដែលធ្វើឡើងក្នុងស្ថានភាពបែបនេះ មានសារៈសំខាន់ ជាវេទិកាមួយដើម្បីបញ្ជាក់និងផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ដែលសហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់»។

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនរូបនេះ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ កាលពីពេលថ្មីៗនេះ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្ដាលដងនៅ​ទូទាំងប្រទេស​ ព្រមទាំងការផ្ញើលិខិត និងសាររំលែកទុក្ខជាច្រើន។

កាលពីខែមីនាកន្លងទៅ​ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វុមីអូ គិស៊ីដា (Fumio Kishida) ​បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម ដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ហើយប្រទេសជប៉ុននឹងបន្តខិតខំធ្វើការដើម្បីអនុវត្តសេចក្ដីថ្លែងការណ៍រួមនោះឱ្យចេញជាសហប្រតិបត្តិការជាក់ស្ដែងជាមួយប្រជាជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ