ពលរដ្ឋ​ជិត​១ពាន់​គ្រួសារ​នៅ​ខេត្តកោះកុង​ស្នើ​មេឃុំ​ឡើង​កាន់​តំណែង​ថ្មី​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

ពលរដ្ឋប្រមាណ១០០នាក់ មកពីសហគមន៍​៨៤៣ និងសហគមន៍១២៩ តំណាងឱ្យពលរដ្ឋជិត១ ០០០គ្រួសារ នៅថ្ងៃទី​២ ខែសីហា ឆ្នាំ២០២២នេះ បាននាំគ្នាយកញត្តិទៅដាក់នៅសាលាឃុំកណ្ដោល ស្រុកបទុមសាគរ ដើម្បី​ស្នើ​មេឃុំ​​​ដែល​ទើប​ឡើងតំណែង​ថ្មី​ ជួយដោះស្រាយបញ្ហា​ដីធ្លីជូនពួកគេ។ (ផ្ដល់ឱ្យ)

ប្រជា​ពលរដ្ឋ​ជិត១ ០០០គ្រួសារ នៅ​ខេត្តកោះកុង ដែល​អះ​អាង​ថាកំពុង​មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់ បានរកកិច្ចអន្តរាគមន៍ពីមេឃុំ​ឡើង​ថ្មី​ ឱ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី ក្រោយជ​ម្លោះនេះអូស​បន្លាយ​ជាង១០​ឆ្នាំមកហើយ។

ពលរដ្ឋប្រមាណ១០០នាក់ មកពីសហគមន៍​៨៤៣ និងសហគមន៍១២៩ តំណាងឱ្យពលរដ្ឋជិត១ ០០០គ្រួសារ នៅថ្ងៃទី​២ ខែសីហា ឆ្នាំ២០២២នេះ បាននាំគ្នាយកញត្តិទៅដាក់នៅសាលាឃុំកណ្ដោល ស្រុកបទុមសាគរ ដើម្បី​ស្នើ​មេឃុំ​​​ដែល​ទើប​ឡើងតំណែង​ថ្មី​ ជួយដោះស្រាយបញ្ហា​ដីធ្លីជូនពួកគេ។

លោក ឈឹម សាផាន ដែល​អះ​អាង​ថា​ជា​តំណាង​ពលរ​ដ្ឋសហគមន៍៨៤៣ ប្រាប់វីអូឌី​នៅថ្ងៃអង្គារនេះថា ប្រជាពលរដ្ឋ៨៤៣​​គ្រួសារ និង​​មាន​​​ដី​សរុប១ ៧២៧,៦ហិកតា ស្ថិតក្នុងស្រុក​បទុម​សាគរ ស្រុក​ស្រែ​អំបិល និង​ស្រុក​ថ្ម​បាំង ខេត្តកោះកុង ត្រូវ​បានក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់លោកឧកញ៉ា​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធ​សភា​​ ឈូស​ឆាយ​រំលោភ​​យកអស់តាំងពីឆ្នាំ២០០៦។

តំណាងពលរដ្ឋរូបនេះបន្តថា ដី​នោះ​ពួក​គេ​បាន​កាន់​កាប់និង​​ចូ​ល​​​អាស្រ័យផលតាំង​ពី​​​​ឆ្នាំ១៩៧៩ ហើយ​​​អ្នកខ្លះទៀតបានកាន់​កាប់នៅ​​ឆ្នាំ​២០០០ ដោយ​ពលរដ្ឋ​​ខ្លះបា​ន​ធ្វើ​ស្រែ និង​ពលរដ្ឋខ្លះបានធ្វើចម្ការ​ដោយ​ដាំ​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ​​សម្រាប់ចិញ្ចឹម​ជីវិត ដោយពុំមានអាជ្ញាធរណាទៅហាមឃាត់ ឬរារាំងឡើយ។

លោក ឈឹម សាផាន បន្ថែម​ថា អ្នក​ភូមិយកញត្តិទៅដាក់នៅសាលាឃុំកណ្តោល ដោយសង្ឃឹមថា មេឃុំដែលទើបឡើងតំណែង​ថ្មីរូបនោះនឹងជួយដោះស្រាយដីធ្លីជូនពួកគាត់។

លោកបន្ថែមថា៖ «យើងបានបោះឆ្នោតជូនគាត់ហើយ គាត់​បាន​កាន់​តំណែង​ហើយ អ៊ីចឹងយើង[ដាក់]ញត្តិ​ឱ្យ​គាត់​ជួយ​ទទួល​ដឹងឮ​ថា​ពួក​យើង​មិន​ទាន់​ទទួល​បាន​កា​រ​ដោះ​ស្រាយ​ទេ សុំឱ្យជួយដោះស្រាយជូនពួកយើង»

អ្នក​ស្រី ឈឺន គី ដែលអះអាងថាជាតំណាងពលរដ្ឋនៅសហគមន៍១២៩ បាននិយាយ​ថា ក្រុមពួកគាត់ ១២៩គ្រួសារ មានដី​សរុប​ទំហំ ២៤៧ហិកតា នៅភូមិ​ធ្នង់ ឃុំ​កណ្ដោល ស្រុកបទុមសាគរ ត្រូវ​បាន​ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ឈូស​ឆាយ និងរំលោភ​យកអស់តាំងពីឆ្នាំ២០០៦ ដោយមិនបានដោះស្រាយសំណងផល​ប៉ះពាល់ជូនពួកគាត់ឡើយ។

អ្នក​ស្រីបន្ថែមថា៖ «ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ពលរដ្ឋ​យើង​នៅ​ភូមិ​ធ្នង់ហ្នឹង ជាដីដែល​យើង​បាន​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​មកហើយ។ នៅឆ្នាំ២០០៦​ហ្នឹង ក្រុម​ហ៊ុន​ចម្ការ​អំពៅ​បាន​ឈូស​ឆាយផលដំណាំរបស់ពួកយើងអស់ ហើយអាជ្ញាធរបានដោះស្រាយ​ឱ្យបាន​តែ​មួយ​ចំនួន​តូច​ដែល​ជា​សាច់​ញាតិរបស់​ពួក​គាត់​ប៉ុណ្ណោះ តែពលរដ្ឋរាប់រយគ្រួសារ​ទៀត​មិន​បា​ន​ដោះទេ»

មេឃុំកណ្ដោល​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​ លោក ហ៊យ សំណាង មានប្រសាសន៍ថា លោក​​មិន​បានទទួលយក​ញត្តិ​ពី​ប្រជា​ពល​រដ្ឋ​នោះ​ទេ ក្រោម​ហេតុ​ផល​ថា កន្លងមក ​ពលរដ្ឋបានដាក់​​ញត្តិនោះ​​​នៅ​​រដ្ឋបាល​ខេត្ត​កោះ​កុង និង​ក្រសួង​រៀបចំ​ដែន​​​ដី​​រួច​​ហើយ ហើយ​រដ្ឋ​បាល​​ខេត្ត និងក្រសួង ក៏បានចេញលិខិតបដិសេធ ​មិនដោះស្រាយជូនពលរដ្ឋទាំងនោះ​ជាច្រើនដង​ហើយ​ដែរ។

លោកបន្ថែមថា៖ «រឿងនេះ គេដោះស្រាយហើយៗ គេចេញសេចក្ដីជូនដំណឹងមិនដោះស្រាយប៉ុនណាប៉ុនណី បើសិនយើងនៅទទួល​ញត្តិ ឬទទួលការដោះស្រាយជូនពួកគាត់ មានន័យថា យើងមិនគោរពតាមសេចក្តីជូនដំណឹង​របស់​សាលាខេត្តហើយ»

អភិបាល​ស្រុក​បទុម​សាគរ លោក ហាក់ ឡេង មាន​​ប្រសាសន៍​​ថា អាជ្ញាធរ​ស្រុក​​មិន​​អាច​ដោះ​ស្រាយ​​ទៀត​បាន​​ទេ ព្រោះករណី​​​នេះ​ ខាង​​ក្រសួងរៀបចំ​ដែន​ដី និងអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយឱ្យចប់យូរហើយ។ លោក​ថា ពលរដ្ឋទាំងនោះមកទាមទារម្តងទៀតតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ការងារនេះ ក្រសួងគេដោះស្រាយចប់យូរអស់ហើយ។ រឿងចាស់ទេ! ប៉ុន្តែពួកគាត់ចេះតែមកតវ៉ាទាមទារទៀត»

កាលពីថ្ងៃទី២១ ខែកញ្ញា ​ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ បាន​ចេញ​សេច​ក្ដីប្រកាស​ព័ត៌មាន​មួយ​​ ដោយបដិសេធមិនដោះស្រាយជូន​ក្រុម​ពលរដ្ឋ ៨៤៣គ្រួសារនេះទេ ក្រោមហេតុផលថា ក្រសួង​បាន​ដោះស្រាយ​ជូនពួក​គេ​រួច​រាល់​ហើយ។

ជុំវិ​ញ​​ជម្លោះ​ដីធ្លី​​នេះ មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​ លីកាដូ ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន ធ្លាប់បានស្នើឱ្យ​អាជ្ញាធរពាក់ព័ន្ធ​ស៊ើប​អង្កេត និង​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់ និង​មានតម្លាភាព ថាតើ​ពលរដ្ឋ​ទាំង​នោះ​ពិត​ជា​ទទួលបាន​ការ​ដោះស្រាយ​រួច ឬ​យ៉ាង​ណា ដោយមិនត្រូវច្រានចោលសំណើរបស់ពួកគេនោះទេ។

លោកបន្ថែមថា៖ «បើសិនជាពួកគាត់ពិតជាប្រជាពលរដ្ឋដែល​បាន​រងផលប៉ះពាល់ដីស្រែដីចម្ការ​ ដោយ​​សារ​​ក្រុម​ហ៊ុនរំលោភ​យក​មែន អាជ្ញាធរ​មិនបាច់គិតថា​ពួក​គាត់​ជាអ្នកតវ៉ាមុន​ឬអ្នកតវ៉ាក្រោយទេ បើសិនជាពួកគាត់ជាជនរងគ្រោះពិតប្រាកដ គួរតែមានដំណោះស្រាយណាមួយសមរម្យជូនពួកគាត់ដែរ ដើម្បីឈាន​​ទៅរកការដោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅក្នុងខេត្តកោះកុង»

តំណាងពលរដ្ឋ​ លោក ឈឹម សាផាន ឱ្យដឹងថា ស្របពេល​ដែលមាន​ការ​តវ៉ា​ជម្លោះដីធ្លីជាមួយ​ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ នេះ គឺ​មាន​តំណាង​ពលរដ្ឋ​ចំនួន១៦នាក់ហើយ​កំពុងជាប់បណ្តឹងនៅតុលាការ ក្រោម​បទ​ចោទ «បង្កចលាចល និង​ធ្វើឱ្យខូច​សណ្ដាប់ធ្នាប់សាធារណៈ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ