អាណាព្យាបាលទារកដែលប្ដឹងម្ចាស់ក្រុមហ៊ុនម្សៅទឹកដោះគោ «នូទ្រីលេត (Nutrilatt)» ស្នើតុលាការពន្លឿនចេញសាលក្រមជាលាយលក្ខណ៍អក្សរផ្លូវការជូនពួកគេឱ្យបានឆាប់ ដើម្បីបញ្ចប់សំណុំរឿងនេះ និងផ្ដល់យុត្តិធម៌ដល់កូនៗរបស់ពួកគាត់ ខណៈសាលក្រមនោះ តុលាការបានប្រកាសជាសាធារណៈក្នុងសវនាការរយៈពេល៤ខែមកហើយ។
ម្ដាយទារករងគ្រោះ រស់នៅខេត្តតាកែវ អ្នកស្រី ជា សុគន្ធារី ឱ្យដឹងនៅថ្ងៃអង្គារនេះថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ តុលាការបានកាត់ក្ដីឱ្យម្ចាស់ក្រុមហ៊ុនទទួលទោសតាមផ្លូវច្បាប់ និងសងជាសំណងចន្លោះពី១ម៉ឺនទៅ២ម៉ឺនដុល្លារអាមេរិក ដោយផ្អែកតាមស្ថានភាពជាក់ស្ដែងនៃការខាតបង់ក្នុងគ្រួសារនីមួយៗ សម្រាប់ការស្រោចស្រង់សុខភាពទារករងគ្រោះ ដោយសារផលិតផលម្សៅទឹកដោះគោរបស់ក្រុមហ៊ុន Nutrilatt។
អ្នកស្រីបន្តថា បើគិតមកដល់ពេលនេះ តុលាការបានប្រកាសសាលក្រមជាសាធារណៈរយៈពេល៤ខែមកហើយ ប៉ុន្តែពួកគាត់នៅមិនទាន់ទទួលបានសាលក្រមជាលាយលក្ខណ៍អក្សរផ្លូវការនៅឡើយ។ ករណីនេះ អ្នកស្រីស្នើទៅតុលាការពន្លឿនការចេញសាលក្រមជូនពួកគាត់ឱ្យបានឆាប់ ដើម្បីបញ្ចប់សំណុំរឿងនេះ និងផ្តល់យុត្តិធម៌ជូនកូនៗរបស់គាត់ផងដែរ។
អ្នកស្រីស្នើថា៖ «សុំឱ្យតុលាការគាត់ដោះស្រាយឆាប់ៗចប់អ៊ីចឹង ហើយអត់ចង់ឱ្យគាត់ពន្យារពេល ចង់ឱ្យគាត់ដោះស្រាយឆាប់ចប់ ដើម្បីឱ្យបានឆាប់ចប់ អត់ចង់ឱ្យពន្យារពេល ដើម្បីឱ្យជនខាងរងគ្រោះ ដែលគាត់ចង់បានអ្វី ឱ្យឆាប់បានយកមក ដើម្បីកុំឱ្យរឿងតវែងឆ្ងាយទៀត ពីព្រោះអីរឿងហ្នឹងវាយូរទៅៗ»។
បើតាមអ្នកស្រី ជា សុគន្ធារី កូនប្រុសរបស់គាត់បានបៅទឹកដោះគោ Nutrilatt តាំងពីទើបតែកើតបាន១ខែ ហើយពីដំបូង អ្នកស្រីមិនបានចាប់អារម្មណ៍ថាកូនមានបញ្ហាសុខភាពនោះទេ រហូតដល់កូនរបស់គាត់អាយុបាន៩ខែ ទើបអ្នកស្រីចាប់ផ្ដើមឃើញពីលក្ខណៈខុសប្លែក ស្លេកស្លាំង ខណៈមានការចែកចាយលើបណ្ដាញសង្គមពីករណីទារកបញ្ចូលឈាម មានបញ្ហាសុខភាព ដោយសារបៅម្សៅទឹកដោះគោនេះ។
អ្នកស្រី ប៉ុន ពេជ្យវត្តា ដែលជាម្ដាយរបស់ទារករងគ្រោះម្នាក់ទៀត បាននិយាយថា បើទោះជាតុលាការបានប្រកាសសាលក្រមជាសាធារណៈឱ្យក្រុមហ៊ុនចាញ់ក្ដី និងផ្ដន្ទាទោសជនជាប់ចោទក្ដី ប៉ុន្តែជនជាប់ចោទនៅក្រៅឃុំ និងមិនទាន់ទទួលទោសតាមអំណាចសាលក្រមតុលាការនៅឡើយ។ ករណីនេះ អ្នកស្រីបានជំរុញទៅតុលាការពន្លឿនចេញសាលក្រមផ្លូវការ និងចាប់ម្ចាស់ក្រុមហ៊ុនអនុវត្តទោសតាមច្បាប់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
អ្នកស្រីថា៖ «អ្វីដែលយើងចង់បាន គឺការផ្ដន្ទាទោសពួកគាត់ គាត់ត្រូវទទួលទោសចំពោះមុខច្បាប់ ប៉ុន្តែគាត់មិនទាន់ទទួលទោសអ្វីទេ។ អ៊ីចឹងពួកខ្ញុំត្រូវទន្ទឹងចាំការងារហ្នឹងទាំងអស់។ អ៊ីចឹងពេលវេលាដែលខ្ញុំចាំ វាយូរដែរហើយ មួយឆ្នាំជាងហើយ ដែលយើងតវ៉ាក្ដីនៅសាលាដំបូង គាត់គួរតែពន្លឿនរឿងហ្នឹងឱ្យពួកខ្ញុំ គាត់នៅតែចេញសាលក្រមមួយទេ ដើម្បីថាផ្ដន្ទាទោសជនជាប់ចោទប៉ុនណាៗ»។
ស្ត្រីរូបនេះបញ្ជាក់ថា កូនរបស់គាត់បានកើតជំងឺស្លេកស្លាំង ដោយសារបៅទឹកដោះគោក្រុមហ៊ុន នូទ្រីលេត។ អ្នកស្រីបន្តថា ក្រោយពីកូនមានជំងឺនេះ គាត់ត្រូវចំណាយពេលវេលា ថវិកា ការថែទាំ បំប៉ន និងការផ្ដល់អាហារូបត្ថម្ភដល់កូន ជាដើម ទើបកូនរបស់គាត់មានសុខភាពល្អប្រសើរឡើងវិញ។
វីអូឌី មិនអាចសុំការសម្ភាសពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅរសៀលថ្ងៃអង្គារនេះ។
ចំណែកនាយកប្រតិបត្តិក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt លោក ទឹម សុវណ្ណារ៉ា សុំមិនបកស្រាយជុំវិញករណីនេះទេ ដោយអះអាងថាជាប់រវល់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ពន្យល់ថា ក្រោយពីប្រកាសសាលក្រមជាសាធារណៈ គឺតាមច្បាប់ ទុករយៈពេល១ខែ ដើម្បីឱ្យគូភាគីដែលមិនសុខចិត្ត ប្ដឹងជំទាស់លើការសម្រេចនោះ។ ប៉ុន្តែលោកថា អ្វីដែលស្ថិតនៅក្នុងការសង្ស័យ ដោយសារតែក្រោយពីប្រកាសសាលក្រមរយៈពេល៤ខែមកហើយ តុលាការនៅតែមិនទាន់បញ្ជូនសាលក្រមជាលាយលក្ខណ៍អក្សរដល់គូភាគីនៅឡើយ។
ករណីនេះ លោកថា បើជនរងគ្រោះមានមេធាវី គួរតែឱ្យមេធាវីតាមដានរឿងនេះនៅតុលាការ ឬដាក់ពាក្យបណ្ដឹងទៅក្រសួងយុត្តិធម៌ ឬឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធកំហុសនីតិវិធី។
លោកមានប្រសាសន៍ថា៖ «បើគាត់មានមេធាវី គួរតែពិនិត្យមើលលើនីតិវិធី ហើយប្ដឹងពីកំហុសនីតិវិធីនេះទៅខាងក្រសួងយុត្តិធម៌ ឬក៏ខាងក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យទៅលើការអនុវត្តរបស់ចៅក្រមអំពីបញ្ហាហ្នឹង ថាតើវាមានភាពមិនប្រក្រតីយ៉ាងម៉េចខ្លះនៅក្នុងសំណុំរឿងហ្នឹង»។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា បានសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ ខុន កែវកេសី ភេទស្រី ដាក់ពន្ធនាគាររយៈពេល១០ខែ និងពិន័យជាប្រាក់ ៨លានរៀល (៨ ០០០ ០០០រៀល) ចូលថវិការដ្ឋ និងផ្ដល់សំណងដល់ជនរងគ្រោះចន្លោះពី១ម៉ឺនទៅ២ម៉ឺនដុល្លារ ដោយផ្អែកតាមស្ថានភាពជាក់ស្ដែងនៃការខាតបង់របស់គ្រួសារនីមួយៗ ក្រោមបទចោទ «ការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈភូតកុហក ក្លែងក្លាយ ឬធ្វើឱ្យមានការភ័ន្តច្រឡំអំពីគុណភាពសុវត្ថិភាពលើផលិតផល»។
ក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសទទួលស្គាល់ថា ផលិតផលជំនួសទឹកដោះម្ដាយរបស់ខ្លួនមានបញ្ហា ហើយប្រកាសទទួលខុសត្រូវលើផលប៉ះពាល់ទៅលើទារកដែលបានទទួលទានផលិតផលរបស់ខ្លួន។
ក្នុងលិខិតនោះ ក្រុមហ៊ុន Nutrilatt Master LM Co., Ltd បានបង្ហាញការសោកស្ដាយ និងស្នើសុំអភ័យទោសពីមាតាបិតានៃទារកដែលបានធ្លាក់ខ្លួនឈឺ ក្រោយពីទទួលទានម្សៅទឹកដោះគោនេះ។ ក្រុមហ៊ុននេះបានទទួលស្គាល់ថា ម្សៅទឹកដោះគោរបស់ខ្លួនដែលមានលេខកូដ៦ប្រភេទ មានបញ្ហាបច្ចេកទេសលើធាតុផ្សំ ដែលបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពទារក។
សំណុំរឿងកំណើនកុមារឈឺជំងឺស្លេកស្លាំងដោយកង្វះជាតិដែកធ្ងន់ធ្ងរ បានកើតឡើងតាំងពីខែមេសា ឆ្នាំ២០២០ មកម៉្លេះ។ អត្ថបទស៊ើបអង្កេតរបស់ វីអូឌី ដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ រកឃើញថា ជាង៩០% ក្នុងចំណោមកុមារ៣៤នាក់ដែលរងគ្រោះដោយសារជំងឺនេះ បានបៅទឹកដោះគោម៉ាក នូទ្រីលេត១ (Nutrilatt 1)។ ដោយឡែក ផ្អែកតាមលទ្ធផលពិសោធន៍ពីមន្ទីរពិសោធន៍នៃប្រទេសសិង្ហបុរីវិញ រកឃើញថា ផលិតផលនូតទ្រីលេត មិនបានបំពេញតម្រូវការអប្បបរមាលើកម្រិតជាតិដែកដែលមានកំណត់ក្នុងស្ដង់ដារ Codex [សុវត្ថិភាពអាហារសម្រាប់មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង] នោះទេ។ ជាក់ស្ដែង ផលិតផលនេះស្ទើរតែគ្មានជាតិដែកសោះ ពោលគឺកម្រិតជាតិដែកមានត្រឹមតែ <០,២៥ មីលីក្រាម/១០០ក្រាមប៉ុណ្ណោះ។ ស្ដង់ដារអន្តរជាតិ គឺតម្រូវការជាតិដែកយ៉ាងតិចណាស់ ២ ២៨៦មីលីក្រាម/១០០ក្រាម សម្រាប់ទារកអាយុ០ខែដល់៦ខែ (ទឹកដោះគោម្សៅលេខ១) និង ៤,៧២មីលីក្រាម/១០០ក្រាម សម្រាប់កុមារអាយុពី ៦ខែដល់១២ខែ (ទឹកដោះគោម្សៅលេខ២)៕