ផ្លូវដីលំមួយ កាត់ទៅភាគឦសាននៃព្រៃភ្នំតាម៉ៅ ដែលកំណត់ចំណុចចាប់ផ្ដើមនៃសំណង់លំនៅឋានមួយនៅលើដីឯកជនជាប់ព្រំដែនតំបន់ការពារ។
បង្គោលព្រំដីរាប់សិបត្រូវបានបោះនៅក្រោមដើមឈើដែលលាតសន្ធឹងប្រៀបបីដូចជាកម្រាលព្រំបៃតង។ បង្គោលទាំងនេះជាសញ្ញាណបញ្ជាក់អំពីកិច្ចព្រមព្រៀងដោះដូរទីតាំងដី ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ការពារនេះដោយផ្ទាល់។
ដើមឡើយ «ភ្នំតាម៉ៅ» ត្រូវបានគេជឿជាក់ថាជាតំបន់ការពារ ប៉ុន្តែឥលូវព្រៃនេះកំពុងរងការគំរាមកំហែងពីផែនការសាងសង់មិនទាន់ច្បាស់ជាច្រើន នេះបើយោងតាមក្រុមអ្នកអភិរក្ស ដែលបង្ហាញក្ដីព្រួយបារម្ភចំពោះអនាគតនៃមជ្ឈមណ្ឌលសង្គ្រោះ និងសត្វព្រៃដែលជិតផុតពូជ មានទីតាំងនៅក្នុងព្រៃជាដែនជម្រកសត្វមួយនេះ។ បន្ថែមលើសពីនេះ ការធ្វើឯកជនភាវូបនីយកម្មនៃតំបន់ការពារ ដែលមានទីតាំងនៅជិតទីក្រុងភ្នំពេញ អាចចង្អុលបង្ហាញពីកំណើនហានិភ័យចំពោះព្រៃការពារផ្សេងទៀតរបស់កម្ពុជា ដែលនៅហួសលើសពីការឃ្លាំមើលរបស់ក្រុមបរិស្ថាន។
នៅក្នុងរយៈពេលខ្លី ការអភិវឌ្ឍអាចធ្វើឱ្យជម្រកសត្វព្រៃធ្លាក់ក្នុងសភាពកាន់តែអាក្រក់ឡើង និងប្រែក្លាយតំបន់ការពារទៅជាកន្លែងប្រមាញ់សត្វព្រៃដ៏សម្បូរបែប។ នៅក្នុងរយៈពេលវែងវិញ ផែនការអភិវឌ្ឍន៍ទាំងនេះអាចក្លាយជាចំណុចនាំមុខ បំបែកឧទ្យានសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ចេញពីព្រៃ[ការពារ] ក៏ដូចជាម្ចាស់ជំនួយសំខាន់ៗ នៅពេលចុងក្រោយបង្អស់។
កិច្ចប្រជុំបិទទ្វារ កិច្ចសន្យាដ៏ភ្ញាក់ផ្អើលជាច្រើន ព្រមទាំងមន្ត្រីរដ្ឋាភិបាលចំនួន១៦រូបដែលមិនអាចទាក់ទងបាន នៅថ្នាក់មូលដ្ឋាន ខេត្ត និងថ្នាក់ជាតិ បានបិទបាំងឈ្មោះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ និងគោលបំណងរបស់ពួកគេ ភាគច្រើនក្នុងអន្ធិកានៃការិយាធិបតេយ្យ។ ការណ៍ទាំងអស់នេះនាំឱ្យក្រុមឃ្លាំមើលបរិស្ថាន បានស្នើសុំបើកការស៊ើបអង្កេតទាក់ទងទៅនឹងអំពើពុករលួយ។
ថ្វីត្បិតតែនៅពីមុខ មានសភាពស្ងៀមស្ងាត់ក៏ដោយ ប៉ុន្តែភាពចម្រុះនៃប្រភពព័ត៌មានពីសារបង្ហោះលើហ្វេសប៊ុក ឯកសារលេចធ្លាយ ពីតំណាងផ្នែកលក់ និងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម បង្កើតបានជាប្រភពស្រពេចស្រពិលអំពីឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍ និងឈ្មោះឧកញ៉ា ដែលបានសម្លឹងភ្នំតាម៉ៅទុកមកជាយូរមកហើយ។
ឯកសារដែលមាន បានបង្ហាញពីផែនការអភិវឌ្ឍន៍លើផ្ទៃដីជិតពាក់កណ្ដាលនៃព្រៃឈើ ដែលមានទំហំសរុប២៥គីឡូម៉ែត្រការ៉េ។ ដីទំហំជិត១២ គីឡូម៉ែត្រការ៉េ ត្រូវបានប្រគល់ទៅឱ្យភាគីដែលមិនអាចកំណត់អត្តសញ្ញាណបាន ដោយដោះដូរជាមួយដីនៅកន្លែងឆ្ងាយផ្សេង ព្រមទាំងការផ្ដល់អត្ថប្រយោជន៍ជាច្រើន រួមមាន ឡានដឹកទំនិញ ម៉ូតូ និង «អគារកម្សាន្ត» ដែលមាន៣០បន្ទប់។
លោក និក ម៉ាក (Nick Marx) នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដែលជាអង្គការមួយបានដំណើរការមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃជាមួយរដ្ឋាភិបាល មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការអភិវឌ្ឍមិនចាំបាច់ត្រូវតែបំផ្លាញទាំងធម្មជាតិ និងធនធានធម្មជាតិនោះទេ។»
«យើងនៅមិនទាន់ដឹងជាផ្លូវការនៅឡើយទេ ថាតើនឹងមានអ្វីកើតឡើងចំពោះព្រៃភ្នំតាម៉ៅ ប៉ុន្តែយើងសង្ឃឹមថាទេវតាមានភ្នែកទៅចុះ»។
ការអភិវឌ្ឍនៅព្រៃភ្នំតាម៉ៅ
រូបភាពពីផ្កាយរណបបានឱ្យមើលឃើញព្រៃភ្នំតាម៉ៅ ប្រៀបបីដូចជា “ត្បូងបៃតង” និង “កោះធម្មជាតិ” ដែលហ៊ុមព័ទ្ធទៅដោយទីក្រុងដែលកំពុងអភិវឌ្ឍន៍ និងកសិកម្ម។ នេះបើយោងតាមអ្នកស្រី សុវណ្ណា ហ្គោនលែត្ត (Suwanna Gauntlett) ជាស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ។
អ្នកស្រីបាននិយាយថា៖ «វាជាកាតព្វកិច្ចប្រកបដោយក្រមសីលធម៌របស់យើង ក្នុងការអភិរក្សសារពើរុក្ខជាតិ តាមដែលអាចធ្វើទៅបាន។»
អង្គការទាំងនេះបានទទួលលិខិតមួយកាលពីខែមីនា ពីទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាអង្គនីតិប្រតិបត្តិ នៅក្រោមការដឹកនាំផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងលិខិតនោះបានបញ្ជាក់ថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យដោះដូរទីតាំងដី និងអនុញ្ញាតផ្ទេរកម្មសិទ្ធិទីតាំងដីពីរកន្លែងនៃភ្នំតាម៉ៅ “មុនធ្វើការអភិវឌ្ឍ”។
នៅក្នុងលិខិតនោះមិនបានពន្យល់ថាតើនរណានឹងទទួលបានកម្មសិទ្ធីដីពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬក៏អំពីប្រភេទនៃការអភិវឌ្ឍដែលបានគ្រោងទុកនោះទេ។
អ្នកស្រី Gauntlett បាននិយាយថា៖ «នេះគឺជាតំបន់បៃតងតែមួយគត់ដែលមាននៅក្នុងទឹកដីខេត្តទាំងនេះ។ វាពិតជាការគួរឱ្យតក់ស្លុតយ៉ាងខ្លាំង ដែលត្រូវបានដកចេញ»។
អ្នកស្រីអះអាងថា មុនទទួលបានលិខិតនោះ អង្គការមិនបានទទួលការក្រើនរំឭកណាមួយជាមុនទេ។
«ប្រសិនបើមជ្ឈមណ្ឌលនិងព្រៃឈើជុំវិញត្រូវបានបំផ្លាញ ពួកយើង ជាពិសេសម្ចាស់ជំនួយរបស់យើង ពិតជាតក់ស្លុតយ៉ាងខ្លាំង។»
ទីតាំងដីដោះដូរដែលធំបំផុត មានទំហំ៥គីឡូម៉ែត្រការ៉េ។ ខណៈដែលលិខិតនោះមិនបានបង្ហាញទីតាំងពិតប្រាកដនៅក្នុងភ្នំតាម៉ៅ ក៏នៅមានឯកសារផ្សេងទៀត និងបង្គោលព្រំដីផ្សេងទៀត ដែលចង្អុលបង្ហាញថា ដីនោះនឹងនៅជិតទីតាំងរបស់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ។
ការកាប់និងឈូសឆាយព្រៃដើម្បីការសាងសង់ នឹងបំផ្លាញជម្រកសត្វព្រៃ ព្រមទាំងរំខានការចូលទស្សនាសួនសត្វ។ ដោយមិនទាន់ដឹងច្បាស់អំពីផែនការទាំងមូល អ្នកស្រី Gauntlett និយាយថា គាត់ជឿជាក់ថា “នៅទីបំផុតមជ្ឈមណ្ឌលនឹងត្រូវផ្លាស់ទីលំនៅ”។
លិខិតបញ្ជាក់ថា ដីភ្នំតាម៉ៅ ដែលនៅភាគខាងត្បូងនៃខេត្តតាកែវ ត្រូវបានដោះដូរជាថ្នូរនឹងទីតាំងដីនៅខេត្តឆ្ងាយៗ គឺខេត្តសៀមរាប និងខេត្តមណ្ឌលគិរី។ ខណៈពេលដែលលិខិតនោះមិនបានបញ្ជាក់អំពីឈ្មោះម្ចាស់ និងផែនការនាពេលអនាគត ប៉ុន្តែលិខិតនោះបានចុះបញ្ជីព័ត៌មានលម្អិតអំពីថ្នូរជាទ្រព្យសម្បត្តិ ក្នុងការដោះដូរទីតាំងដី។ ក្រៅពីទីតាំងដីដែលដូរនៅកន្លែងផ្សេង អ្នកដោះដូរទីតាំងដីខេត្តតាកែវ នឹងទទួលបានអគារសម្រាកលំហែដែលមាន៣០បន្ទប់ រថយន្ត SUV ថ្មីមួយគ្រឿង ម៉ូតូចំនួន២០គ្រឿង និងរថយន្ត Ford ចំនួន៩គ្រឿង រួមមានទាំងម៉ូឌែល Raptor និង Ranger។
សំណើនេះក៏ផ្ដល់ដីកម្មសិទ្ធិឯកជនទំហំ៩,៨ហិកតា ដែលអាច «សាងសង់ផ្ទះស្នាក់នៅអចិន្ត្រៃយ៍ជូនមន្ត្រី បុគ្គលិក និងកម្មករចំនួន៨៥នាក់» នៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
អ្នកដែលត្រូវទទួលបន្ទុកលើការដោះដូរទាំងនេះ គឺលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ និងលោក ញ៉ឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ អ្នកទាំងពីរ គឺមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ចាប់ពីខែមីនា ដល់ខែឧសភា។
ក្នុងលិខិតដដែលបានប្រកាសថា កម្មសិទ្ធិលើដីនៅក្បែរនោះទំហំ ៣ គីឡូម៉ែត្រការ៉េ នៅក្នុងទីតាំងដីនៃស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ដោយកសិដ្ឋានចិញ្ចឹមគោទឹកដោះ «គិរីសួគ៌» នឹងត្រូវផ្ទេរទៅឱ្យអង្គភាពមួយដែលគ្មានអ្នកណាស្គាល់។
អ្នកស្រី Gauntlett បាននិយាយថា៖ «វាជាមជ្ឈមណ្ឌលគ្រប់គ្រងដោយរដ្ឋាភិបាល ជាព្រៃគ្រប់គ្រងដោយរដ្ឋាភិបាល។ យើងមិនមែនជាអ្នកធ្វើការសម្រេចចិត្តទេ»។
«នេះគឺជាកោះធម្មជាតិមួយនៅចំកណ្ដាលនៃនគរូបនីយកម្ម ហើយវាត្រូវតែទទួលបានការថែរក្សា មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ […] តើការអភិវឌ្ឍគ្មានទីបញ្ចប់ទេឬ? យើងត្រូវការតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស»។
បង្គោលព្រំដី និងដើមឈើដែលមានបាញ់ពណ៌ គូសបញ្ជាក់អំពីទីតាំងដី នៅក្នុងព្រៃភ្នំតាម៉ៅ ដែលត្រូវបានគេជឿជាក់ថា នឹងមានការដោះដូរ។ បង្គោលដីរាប់រយដែលកំណត់ព្រំប្រទល់ក្នុងតំបន់ មាននៅរៀងរាល់ចន្លោះរវាង២០-១០០ម៉្រែត។ (រូបថតដោយ Anton L. Delgado សម្រាប់ Southeast Asia Globe)
ជារួម លោក Marx នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានការស្ទាក់ស្ទើរចំពោះការអភិវឌ្ឍណាមួយនៅក្នុងព្រៃនេះ។ ខណៈដែលលោកបានទទួលស្គាល់ថា ការអភិវឌ្ឍម្ដងម្កាលអាចជាការចាំបាច់ លោកបានកត់សម្គាល់ថា «ការអភិវឌ្ឍមិនចាំបាច់ត្រូវតែមានការបំផ្លាញធម្មជាតិ និងធនធានធម្មជាតិនោះទេ»។
លោក Marx សង្ឃឹមថា ការអភិវឌ្ឍណាមួយដែលជា «ការបង្កើតរមណីយដ្ឋានដែលមិនប៉ះពាល់ដល់បរិស្ថាន រួមជាមួយផ្ទះសំណាក់» នឹងបង្កើនឱកាសចូលមើលសត្វព្រៃ ព្រមទាំងជំរុញការទស្សនាសួនសត្វកាន់តែច្រើនឡើង។
លោក Marx បាននិយាយថា៖ «នេះនឹងក្លាយជាកិត្តិយសរបស់រដ្ឋាភិបាល ហើយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងគាំទ្រគម្រោងបែបនេះ»។
«ប៉ុន្តែប្រសិនបើគម្រោងបច្ចុប្បន្ន គឺជាការបំផ្លាញព្រៃឈើ និងសត្វព្រៃ ដើម្បីសាងសង់ខុនដូខ្ពស់បន្ថែមទៀតវិញ ពួកយើងនឹងប្រឆាំងផែនការនោះ»។
មិនមានមន្ត្រីរដ្ឋាភិបាលណាម្នាក់និយាយជាសាធារណៈ ឬធ្វើការបញ្ជាក់ចំពោះពាក្យចចាមអារ៉ាមទាក់ទងនឹងផែនការអភិវឌ្ឍនេះទេ។ ប៉ុន្តែភស្តុតាងដែលមាននាពេលនេះ មិនឃើញមានទាក់ទងនឹងគម្រោងផ្ទះសម្រាកលំហែលក្ខណៈធម្មជាតិនោះទេ។
ឯកសារដែលបានចែករំលែកនៅក្នុងអង្គប្រជុំជាមួយភាគីពាក់ព័ន្ធ ក្នុងខែឧសភា និងដែលសារព័ត៌មាន Southeast Asia Globe ទទួលបានពីអ្នកចូលរួមម្នាក់ បានបង្ហាញថា ដីទំហំ៥គីឡូម៉ែត្រការ៉េ កំពុងស្ថិតក្រោមការពិចារណាសម្រាប់ការដោះដូរទីតាំង ដែលត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញដោយផ្ទេរពីរដ្ឋមកជាអចលនទ្រព្យ។ ឯកសារទាំងនោះមិនបានដាក់ឈ្មោះក្រុមហ៊ុន ឬក្រុមហ៊ុនអភិវឌ្ឍន៍ណាមួយឡើយ។
ទោះជាយ៉ាងណាក៏ដោយ សំណុំឯកសារដដែលនេះបានបង្ហាញថា ក្រុមហ៊ុន «ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group)» បានស្នើសុំដីពីរកន្លែងផ្សេងទៀតនៅក្នុងព្រៃ ដែលមានទំហំសរុបប្រហែល៦,៨គីឡូម៉ែត្រការ៉េ។
ក្នុងចំណោមឯកសារទាំងនោះ មានបញ្ជីវត្តមានដែលមានមន្ត្រីរដ្ឋាភិបាលចំនួន១៥នាក់ មកពីក្រសួងចំនួន៤ ចូលរួម គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងធម្មការ និងសាសនា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មន្ត្រីចំនួន១២រូប នៅក្នុងបញ្ជី មិនអាចទាក់ទងសុំធ្វើការអត្ថាធិប្បាយបានទេ។
លោក ពី ស៊ា ប្រធានការិយាល័យនៃមន្ទីរកសិកម្មខេត្ត ព្រមទាំងលោក ច័ន្ទ សុផា មកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ស្រី សំបូរ ជាមេឃុំកណ្ដឹង ថ្លែងដូចគ្នាថា៖ «ខ្ញុំមិនបានដឹងរឿងអ្វីទាំងអស់»។
ខណៈដែលមានតម្រុយតិចតួចបំភ្លឺលើផែនការអភិវឌ្ឍន៍នៅក្នុងព្រៃភ្នំតាម៉ៅ ដំណើរការសាងសង់បានចាប់ផ្ដើមនៅព្រំដែនភាគឦសាននៃភ្នំតាម៉ៅ។
ផ្ទាំងផ្សាយពាណិជ្ជកម្មគម្រោងអភិវឌ្ឍន៍ដីឡូត៍ ត្រូវបានដំឡើងនៅលើទីតាំងការដ្ឋានសំណង់ដែលកំពុងដំណើរការនៅលើដីឯកជនទំហំប្រមាណ ៣០ ហិកតា មានព្រំប្រទល់ជាប់នឹងព្រៃភ្នំតាម៉ៅ។ ទោះបីជាមិនមានទំនាក់ទំនងច្បាស់លាស់រវាងការអភិវឌ្ឍ និងគម្រោងទៅលើព្រៃ ក៏លោក Marx បានបញ្ជាក់ថា គម្រោងដែល «មិនមានផលល្អដល់បរិស្ថាន» ជាច្រើន នឹងបង្កផលប៉ះពាល់រាលដាលកាន់តែខ្លាំងដល់ព្រៃឈើនិងសត្វព្រៃបន្ថែមទៀត។
ស្រដៀងគ្នាទៅនឹងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ផ្ទាំងផ្សាយពាណិជ្ជកម្ម និងសៀវភៅខិត្តបណ្ណលក់ដីឡូត៍ទាំងនោះ មិនបានដាក់ឈ្មោះអ្នកអភិវឌ្ឍអចលនទ្រព្យនោះទេ។
សៀវភៅខិត្តបណ្ណនោះផ្សព្វផ្សាយលក់ដីឡូត៍ក្នុងតម្លៃ «១១៩ដុល្លារ ក្នុងមួយម៉ែត្រការ៉េ» សម្រាប់ដីដែលនៅជាប់ព្រំប្រទល់តំបន់អភិវឌ្ឍន៍។
ផ្ទាំងផ្សាយពាណិជ្ជកម្មទាំងនោះមានដាក់ឈ្មោះតំណាងផ្នែកលក់ចំនួន៥នាក់ ដែលក្នុងនោះមាន៣នាក់បានឆ្លើយថា ក្រុមហ៊ុន «បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ (Bati Tourism & Development)» ជាអ្នកទទួលខុសត្រូវលើទីតាំងនេះ។ តំណាងផ្នែកលក់បាននិយាយថា គម្រោងនេះត្រូវបានពង្រីកពីទំហំ២៤ ទៅ ៦០ហិកតា ប៉ុន្តែដីឡូត៍តិចជាង៣០០នៃឡូត៍ចំនួន១ ០០០ឡូត៍ បានលក់ដាច់។
ខណៈដែលក្រុមហ៊ុន «បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍» និងក្រុមហ៊ុន «ធីភី ម៉ូរ៉ាល់ គ្រុប» គឺជាក្រុមហ៊ុនពីរ ដែលមានអំណះអំណាងច្បាស់លាស់ ទាក់ទងនឹងទីតាំងដីជុំវិញនិងនៅក្នុងព្រៃភ្នំតាម៉ៅ ប៉ុន្តែសារបង្ហោះលើហ្វេសប៊ុករបស់អាជ្ញាធរកាលពីខែមីនា បានចង្អុលបង្ហាញមួយផ្សេងទៀត។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានបង្ហោះសារលើហ្វេសប៊ុកអំពីជំនួបមួយរវាងមន្ត្រីរបស់សួនសត្វភ្នំតាម៉ៅ និងក្រុមហ៊ុន «ឆាយណា ប៉ោយប៉ែត សែ៍ថឺឡាយន៏ ស៊ីធី ឯ.ក (China Poipet Satellite City)» ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ ដើម្បីធ្វើការឆ្លងកំណត់ហេតុដែលក្រុមការងារបានចុះវាស់វែងដីជាក់ស្ដែង ស្ថិតនៅតំបន់ភ្នំតាម៉ៅ ដោយមិនបង្ហាញពីទីតាំងឬគោលបំណងនោះទេ។
អាជ្ញាធរមូលដ្ឋាន និងមន្ត្រីខេត្ត ដែលត្រូវបានដាក់ស្លាកក្នុងប្រកាសនោះ រួមមានឈ្មោះ លោក អ៊ូច ភា លោក ឈឿយ រឿន និងលោក ញ៉ិប ស្រ៊ន សុទ្ធតែមិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេ ទាក់ទងនឹងកិច្ចប្រជុំនេះ។
ដោយមិនមានការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាល បញ្ជីឈ្មោះអ្នកអភិវឌ្ឍអចលនទ្រព្យ ដែលត្រូវបានដឹងថាមានជាប់ពាក់ព័ន្ធនឹងភ្នំតាម៉ៅ គឺនៅទ្រឹងត្រឹមនេះ៖ ក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍, ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និងក្រុមហ៊ុន ឆាយណា ប៉ោយប៉ែត សែ៍ថឺឡាយន៏ សីធី ឯ.ក។
លោកស្រី សុខ សារឿន ត្រូវបានចុះបញ្ជីជាប្រធានក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍។ ក្នុងចំណោមលេខទាំងបីដែលមានក្នុងបញ្ជីពាណិជ្ជកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា គឺមានលេខទូរសព្ទមួយខ្សែមិនត្រឹមត្រូវ ខណៈលេខពីរខ្សែទៀតមិនអាចទាក់ទងបាន។
លោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ជានាយកក្រុមហ៊ុនអចលនទ្រព្យ ឆាយណា ប៉ោយប៉ែត សែ៍ថឺឡាយន៍ ស៊ីធី ក៏ដូចជាក្រុមហ៊ុន Galaxy Navatra Group និង Galaxy Navatra Investment។
ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ត្រូវបានដឹកនាំដោយលោក ឃុន ទី លោក ឃុន សេងផេង និងលោក ឃុន សៀ។ លោក ឃុន សៀ មានអចលនទ្រព្យនៅពាសពេញប្រទេសកម្ពុជា។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជួបជាមួយរដ្ឋបាលព្រៃឈើ កាលពីពាក់កណ្ដាលខែឧសភាកន្លងទៅ ដើម្បីពិភាក្សាអំពីការធ្វើឯកជនភាវូបនីយកម្ម និងការអភិវឌ្ឍនៃព្រៃឈើភ្នំតាម៉ៅ ជាលើកដំបូង។ នេះបើតាមការលើកឡើងរបស់លោក Marx ដោយលោកបានបន្ថែមថា ជំនួបនោះមិនបានបន្ថែមព័ត៌មានណាដែលយកជាការបាននោះទេ។
លោក Marx បាននិយាយទាក់ទងនឹងកិច្ចប្រជុំនោះ ដែលអាជ្ញាធរអះអាងថាជាការប្រជុំប្រកបដោយភាពស្និទ្ធស្នាល និងរួសរាយរាក់ទាក់៖ «គ្មានអ្វីថ្មីបន្ថែមលើព័ត៌មានដែលបានលេចឡើងរួចហើយនោះទេ»។
«រដ្ឋបាលព្រៃឈើបាននិយាយថា វាមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ ក្នុងការសម្រេចពីរបៀបនៃការអភិវឌ្ឍនោះទេ»។
នៅក្នុងអំឡុងពេលដែលឈានដល់កិច្ចប្រជុំនោះ មានលិខិតមួយទៀតដែលចុះហត្ថលេខាដោយប្រធានរដ្ឋបាលព្រៃឈើ គឺលោក កែវ អូម៉ាលីស្ស ផ្ញើទៅកាន់អង្គការដែលធ្វើការលើការអភិរក្សទាំងនោះ ដោយបានបញ្ជាក់ថា «ទីតាំងដីស្នើសុំផ្ទេរ» មិនត្រួតស៊ីគ្នាជាមួយដីទំហំ៤០០ហិកតា ដែលជាកម្មសិទ្ធិរបស់មជ្ឈមណ្ឌលសង្គ្រោះសត្វនោះទេ។
លោក Marx បាននិយាយថា លោក កែវ អូម៉ាលីស្ស មិនបានបំភ្លឺបន្ថែមអំពីការអភិវឌ្ឍនៅក្នុងលិខិត ឬកិច្ចប្រជុំនោះទេ តែក្រោយមក លោក អូម៉ាលីស្ស បាននិយាយថា គម្រោងនោះគឺនៅ «ផុតពីដៃរបស់លោក»។
ការដោះដូរដីដោយស្របច្បាប់
ក្រុមអភិរក្សជឿជាក់ថា ព្រៃភ្នំតាម៉ៅ គឺជាតំបន់ការពារធម្មជាតិ យោងតាមច្បាប់ស្ដីពីព្រៃឈើ ចេញកាលពីឆ្នាំ២០០២។
លោក Marx បានលើកឡើងថា៖ «ខ្ញុំតែងតែត្រូវបានប្រាប់ថា ព្រៃមួយនេះគឺមានសុវត្ថិភាព គឺថាមិនមាននរណាម្នាក់នឹងទៅប៉ះពាល់ព្រៃភ្នំតាម៉ៅនោះទេ»។
«ខ្ញុំមិនបានប្រាកដចិត្តទាំងស្រុងទេ ថាព្រៃនោះនឹងមិនត្រូវគេច្បិចយកម្តងបន្តិចៗ នេះបន្តិច នោះបន្តិច។ ប៉ុន្តែកន្លងមក ខ្ញុំតែងតែគិតថា ភ្នំតាម៉ៅមានសុវត្ថិភាពទាំងស្រុង»។
លោកបានបន្ថែមថា៖ «ខ្ញុំមិនបានគិតថានឹងមានការអភិវឌ្ឍពេញលេញទៅលើព្រៃទាំងមូលនោះទេ»។
ការសន្មតបែបនេះ គួបផ្សំនឹងកង្វះភាពច្បាស់លាស់របស់រដ្ឋាភិបាល ចំពោះទីតាំងដីជាក់លាក់ដែលទទួលបានការការពារដោយច្បាប់ បានត្រួសត្រាយផ្លូវឱ្យមានភាពស្របច្បាប់សម្រាប់ការដោះដូរដីនេះ។
លោក ភាព សុភា ប្រធានកម្មវិធីដីធ្លី និងព្រៃឈើ របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) បានមានប្រសាសន៍ថា លក្ខន្តិកៈពាក់ព័ន្ធទាក់ទងនឹងការធ្វើឯកជនភាវូបនីយកម្មដីរបស់រដ្ឋ គឺច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៨ និងច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២។
លោក សុភា បានរៀបរាប់ថា ក្រសួងអាចនឹងផ្លាស់ប្ដូរការបែងចែក «ដីសាធារណៈរបស់រដ្ឋ ក្លាយជាដីឯកជនរបស់រដ្ឋ នៅពេលដីនោះលែងមានប្រយោជន៍សម្រាប់ការប្រើប្រាស់ជាសាធារណៈ» ដោយលោកបន្ថែមថា ព័ត៌មានលម្អិតនៃនីតិវិធីនេះ គឺមិនមានភាពច្បាស់លាស់នោះទេ។
លោក ម៉ាត ហាន់ (Matt Hunt) នាយកប្រតិបត្តិនៃអង្គការ Free the Bears ជាអង្គការអភិរក្សសត្វព្រៃមួយ ដែលផ្តល់ជម្រកសត្វខ្លាឃ្មុំតូចនិងខ្លាឃ្មុំអាស៊ី នៅភ្នំតាម៉ៅ បានមានប្រសាសន៍ថា៖ «រឿងមួយក្នុងចំណោមអ្វីពិសេសនៅភ្នំតាម៉ៅ ក្នុងភាពជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ នោះគឺការណ៍ដែលវាមានទីតាំងស្ថិតនៅក្នុងព្រៃការពារ ដែលផ្ដល់ការការពារបន្ថែម សម្រាប់សត្វដែលនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ»។
លោក Hunt បន្តថា៖ «នោះវានឹងមិនមានករណីពិសេសបែបនេះទៀតទេ ប្រសិនបើការអភិវឌ្ឍមួយនេះនឹងបន្តទៅមុខ»។
«តាមការយល់របស់ខ្ញុំ គឺថា ពីមុនវា [ការអភិវឌ្ឍ] មិនអាចទៅរួចតាមផ្លូវច្បាប់នោះទេ ពីព្រោះថានោះគឺជាព្រៃការពារ»។
បន្ទាប់ពីមានសំណើធ្វើឯកជនភាវូបនីយកម្ម និងកង្វះតម្លាភាពនៅក្នុងដំណើរការនេះ បានធ្វើឱ្យក្រុមឃ្លាំមើលបរិស្ថានមួយឈ្មោះ «បៃតង វ៉ររៀរស៍ (Baitong Warriors)» ដាក់សំណើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) របស់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការស៊ើបអង្កេតលើក្រុមហ៊ុនដែលទទួលបានដីភ្នំតាម៉ៅ។
កាលពីខែមិថុនា អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ពីការទទួលសំណើនេះ ប៉ុន្តែមិនផ្ដល់ការអត្ថាធិប្បាយបន្ថែមទេ។
លោក នេត វិបុល ជានាយករងអង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំប្រទេសកម្ពុជា ក៏បានយល់ស្របដូចគ្នាថា ភ្នំតាម៉ៅ តែងតែត្រូវបាន «ចាត់ទុកថាជាតំបន់ការពារធម្មជាតិ»។ ប៉ុន្តែលោកពន្យល់បន្ថែមថា នេះមិនមែនគ្រាន់តែជាការសន្មតបែបទូលំទូលាយទេ ហើយលោកព្រមទាំងបានលើកឡើងពីផ្នែកជាក់លាក់មួយនៃច្បាប់ព្រៃឈើមកបង្ហាញ។
ជំពូកស្តីពី «សម្បត្តិព្រៃឈើអចិន្ត្រៃយ៍» ចែងថា ព្រៃឈើដែលត្រូវបានប្រើប្រាស់សម្រាប់ការសិក្សាស្រាវជ្រាវ លំហែកម្សាន្ត ឬជាសួនភូតគាម គួរតែត្រូវបានរក្សាទុកជាចម្បង ដើម្បីការពារប្រព័ន្ធមជ្ឈដ្ឋាន និងធនធានធម្មជាតិ។
ខណៈដែលលោក វិបុល មានទំនុកចិត្តថា ភ្នំតាម៉ៅបានបំពេញលក្ខខណ្ឌក្នុងប្រភេទព្រៃបម្រុងទុកអចិន្ត្រៃយ៍ យ៉ាងតិចមួយក្នុងចំណោមប្រភេទទាំងបីក៏ដោយ ប៉ុន្តែនៅមានមាត្រាមួយទៀតដែលផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការរំសាយចំណាត់ថ្នាក់ព្រៃឈើ សម្រាប់អាទិភាព ដូចជា «ផ្ទៃដីព្រៃសម្រាប់ផ្ទេរ ដើម្បីគោលបំណងអភិវឌ្ឍន៍ផ្សេងទៀត»។
មិនថាចំណាត់ថ្នាក់ណាមួយក៏ដោយ ច្បាប់តម្រូវឱ្យមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងផលប៉ះពាល់សង្គមចំពោះ «សកម្មភាពចម្បងៗពាក់ព័ន្ធទៅនឹងប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើ ដែលអាចបណ្ដាលឱ្យមានផលប៉ះពាល់អាក្រក់ដល់សង្គមនិងបរិស្ថាន»។
ក្រុមអភិរក្សបាននិយាយថា ពួកគេមិនបានដឹងអំពីការវាយតម្លៃណាមួយនោះទេ។ មន្ត្រីរដ្ឋបាលព្រៃឈើ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយចំពោះរឿងនេះបានទេ។
លោក ប៉ាប៉្លូ ស៊ីណូវ៉ាស (Pablo Sinovas) នាយកអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិប្រចាំប្រទេសកម្ពុជា (Fauna & Flora International) ដែលជាក្រុមអភិរក្សដែលបានដំណើរការ គម្រោងអភិរក្ស និងបង្កាត់ពូជសត្វក្រពើភ្នំ នៅក្នុងមជ្ឈមណ្ឌលនេះ បាននិយាយថា «ខ្ញុំពិតជាសង្ឃឹមយ៉ាងមុតមាំថា វា [ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម] ពិតជាត្រូវបានធ្វើឡើងមែន ប៉ុន្តែខ្ញុំមិនដែលបានឃើញវាទេ»។
លោកបានមានប្រសាសន៍ថា៖ «ភ្នំតាម៉ៅត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃដ៏ល្អបំផុតមួយនៅក្នុងតំបន់ តាមរយៈរបៀបដែលសត្វព្រៃត្រូវបានការពារ និងថែរក្សា»។
«ខ្ញុំសង្ឃឹមថា វាមិនមានការផ្លាស់ប្តូរច្រើនទេ ហើយព្រៃឈើនៅតែអាចរក្សាទុកបាន»។
ផលប៉ះពាល់ចំពោះសត្វព្រៃ
អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រើប្រាស់ព្រៃការពារជុំវិញមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ដើម្បីដោះលែងសត្វដែលត្រូវបានជួយសង្គ្រោះ។
បន្ទាប់ពីទទួលបានដំណឹងអំពីផែនការអភិវឌ្ឍន៍ លោក Marx បានដំឡើងម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន១៨ នៅក្នុងតំបន់ភ្នំតាម៉ៅ ដែលលោកជឿថា បង្គោលព្រំដីទាំងនោះ គឺជាគោលដៅនៃការសាងសង់។
លោកបានបន្តថា រូបភាពទាំងនោះបានផ្តិតយកទិដ្ឋភាពសត្វព្រៃដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងព្រៃ និងបង្ហាញពីសារៈសំខាន់នៃជម្រកសត្វនេះ។
លោក Nick Marx នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានដំឡើងម៉ាស៊ីនថតស្វ័យប្រវត្តិមួយចំនួននៅក្នុងបរិវេណព្រៃភ្នំតាម៉ៅ ដែលលោកជឿជាក់ថាត្រូវបានបែងចែកសម្រាប់ការអភិវឌ្ឍ។ កាមេរ៉ាថតជាប់សត្វជាច្រើនប្រភេទ។ រូបពីលើឆ្វេងទៅបាតស្ដាំ៖ ប្រើសស្បូវ ជ្រូកព្រៃ ប្រើសស្បូវ ខ្លែងឆាបលឿងក្រម៉ៅ ជ្រូកព្រៃ និងសំពោចត្នោត។ (រូបថតផ្តល់ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ)
លោក Marx បាននិយាយថា អង្គការរបស់លោកបានលែងសត្វរាប់រយក្បាល រួមទាំងសត្វមួយចំនួនទៀតដែលនៅក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែង របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ដូចជា៖ ប្រើសស្បូវ ឈ្មុសប្រែង និងខ្លាត្រី ក៏ដូចជា សត្វឆ្កែព្រៃ និងស្វាព្រាម ដែលងាយរងគ្រោះ និងសត្វពង្រូល ដែលជិតផុតពូជ។
«យើងដឹងថា ទីតាំងនេះគឺជាកន្លែងដ៏មានតម្លៃសម្រាប់ការអភិរក្សសត្វព្រៃក្នុងប្រទេសកម្ពុជា»។
ព្រះតេជព្រះគុណ សុត ផល្លី ព្រះចៅអធិការវត្តថ្មអន្ទង នៅក្នុងព្រៃភ្នំតាម៉ៅ មានថេរដីកាថា ព្រះអង្គមាននិស្ស័យជិតស្និទ្ធនឹងសត្វជាច្រើនប្រភេទ។ នៅពេលនិមន្តដើរព្រៃនាពេលយប់ ជាញឹកញយ ព្រះអង្គពើបប្រទះនឹងសត្វក្ដាន់ធំៗ និងសត្វប្រភេទផ្សេងៗទៀត។ ហើយព្រះអង្គបានដាក់ធុងបាយសម្រាប់ជ្រូកព្រៃដែលឧស្សាហ៍រត់ចូលវត្ត។
ព្រះតេជព្រះគុណ ផល្លី មានថេរដីកាថា៖ «អាត្មានឹងឈឺចាប់ ប្រសិនបើព្រៃនេះត្រូវបានបំផ្លាញ ព្រោះធម្មជាតិបានជួយមនុស្សច្រើនយ៉ាងណាស់»។
«បើគ្មានព្រៃទេ ជីវិតមនុស្សយើងក៏គ្មានន័យដែរ ព្រោះមិនមានទឹក និងសត្វទៀតទេ»។
ព្រះតេជព្រះគុណ ផល្លី ត្រូវបានរដ្ឋបាលខេត្តតាកែវនិមន្តចូលរួមកិច្ចប្រជុំកាលពីខែឧសភា ដើម្បីពិភាក្សាអំពីការដោះដូរដីរវាងរដ្ឋាភិបាល និងវត្ត។ ព្រះតេជព្រះគុណ បានឱ្យដឹងថា ព្រះអង្គមិនទាន់សម្រេចចិត្តនៅឡើយទេ។
«ស្ទើរតែពេញមួយជីវិតរបស់អាត្មា អាត្មាតែងតែរស់នៅព័ទ្ធជុំវិញដោយព្រៃឈើ។ អាត្មាពេញចិត្តនឹងជីវិតនេះ។ អាត្មាមិនដែលចង់គង់នៅទីក្រុងទាល់តែសោះ»។
«តាមទស្សនៈរបស់អាត្មា អាត្មាចង់រក្សាព្រៃនេះឱ្យគង់ជារៀងរហូត ហើយអាត្មាចង់បានជំនួយនិងការគាំទ្រពីអ្នកទាំងអស់គ្នា»។
ព្រះតេជព្រះគុណ សុត ផល្លី ព្រះចៅអធិការវត្តថ្មអន្ទង នៅក្នុងព្រៃភ្នំតាម៉ៅ មានថេរដីកាថា ព្រះអង្គមានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វជាច្រើនដែលត្រូវបានដោះលែង។ ព្រះអង្គសង្ឃឹមថា ការអភិវឌ្ឍនៅតំបន់នេះនឹងមិននាំឱ្យមានការកាប់បំផ្លាញព្រៃឈើ និងជម្រកសត្វព្រៃឡើយ។ (រូបថតដោយ Anton L. Delgado សម្រាប់ Southeast Asia Globe)
លោក នៀង នោ ជាប្រជាពលរដ្ឋដែលបានកើតនិងធំដឹងក្ដី នៅក្នុងស្រុកតែមួយ រួមនឹងភ្នំតាម៉ៅ បាននិយាយថា ការអភិវឌ្ឍនឹងប៉ះពាល់ដល់សហគមន៍ទាំងមូល។ លោក នោ គឺជាកសិករម្នាក់ ហើយលោកនិងអ្នកជិតខាងតែងតែដើរបេះស្លឹកថ្នឹង ឫស្សី និងដើរដកផ្សិតនៅតាមមាត់ព្រៃ។ លោកបារម្ភថា ការសាងសង់នឹងអាចបញ្ចប់សកម្មភាពទាំងនេះរបស់អ្នកភូមិ។
លោក នៀង នោ បាននិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយ ក្នុងនាមជាពលរដ្ឋម្នាក់។ ខ្ញុំពិតជាសង្ឃឹមថា [អាជ្ញាធរ] នឹងពិចារណាឡើងវិញ ស្វែងរកកន្លែងផ្សេងទៀតដើម្បីអភិវឌ្ឍ ពីព្រោះអត្ថប្រយោជន៍មិនបានទៅដល់ពលរដ្ឋច្រើនទេ»។
ក្រុមអភិរក្សសញ្ជឹងមើលជំហានបន្ទាប់ នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ និងមន្ត្រីរដ្ឋាភិបាល ធ្វើការសម្រេចចំពោះអនាគតរបស់ព្រៃភ្នំតាម៉ៅ ឱ្យមានភាពច្បាស់លាស់ និងតម្លាភាព ដូចជា ផែនការអភិវឌ្ឍន៍ផ្លូវការ និងឈ្មោះក្រុមហ៊ុនដែលពាក់ព័ន្ធ។
លោក Marx បាននិយាយថា៖ «នេះជាការតក់ស្លុតណាស់។ ប្រសិនបើព្រៃឈើទាំងមូលត្រូវបានបំផ្លាញ ហើយមានតែខុនដូ និងអគារខ្ពស់ៗជាច្រើនទៀត មកជំនួសតំបន់ធម្មជាតិនេះ។ ខ្ញុំមិនអាចនិយាយតំណាងឱ្យអង្គការ Wildlife Alliance បានទេ ប៉ុន្តែខ្ញុំនឹងប៉ះទង្គិចជាមួយខ្លួនឯងយ៉ាងខ្លាំង ចំពោះប្រតិកម្មរបស់ខ្ញុំ ថាវានឹងទៅជាយ៉ាងណានោះទេ»។
ជាង២០ឆ្នាំនៃការធ្វើការជាមួយសត្វព្រៃនៅក្នុងប្រទេសកម្ពុជាបានបង្រៀនឱ្យលោក Marx យល់ថា នយោបាយនៃកិច្ចការអភិរក្សនៅក្នុងប្រទេសនេះ ត្រូវការចំណុចកណ្ដាលមួយ។
លោក Marx បាននិយាយថា៖ «ជាមួយនឹងកំណើនចំនួនប្រជាជនកាន់តែរីកធំឡើង ប្រាកដណាស់ថានឹងមានការអភិវឌ្ឍ ប៉ុន្តែមិនមែនត្រូវបង្កផលប៉ះពាល់ដល់ធម្មជាតិទាំងស្រុងនោះទេ។»
«ខ្ញុំគិតថា ការអភិវឌ្ឍមិនចាំបាច់ត្រូវតែបំផ្លាញទាំងធម្មជាតិ និងធនធានធម្មជាតិនោះទេ»៕
រាយការណ៍បន្ថែមដោយ៖ Andrew Haffner ឌិប ណាសា ជា សំអៀង និង ថុន វាសនា
បកប្រែដោយ៖ នូវ ពៅលក្ខិណា
អត្ថបទនេះត្រូវបានផលិតឡើងដោយមានការសហការគ្នាជាមួយបណ្ដាញស៊ើបអង្កេតព្រៃទឹកភ្លៀង (Rainforest Investigations Network) របស់មជ្ឈមណ្ឌល Pulitzer ។ អត្ថបទដើមជាភាសាអង់គ្លេសត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Southeast Asia Globe។