៦ខែដើមឆ្នាំនេះ ខេត្តសៀមរាប​ទទួល​បាន​ទេសចរជាតិ​និង​អន្តរជាតិ​ជាង​១លាន​នាក់

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២២នេះ ខេត្តទេសចរណ៍មួយនេះទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦ម៉ឺននាក់ ដោយកើនឡើងជាង១ ០០០ភាគរយ ស្របពេលទេសចរផ្ទៃក្នុងឬទេសចរជាតិមានចំនួនជាង១លាននាក់ ដែលកើនឡើងជិត៨០០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍លើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ បានស្រង់របាយការណ៍ដែលជម្រាបជូនដោយអភិបាលខេត្តសៀមរាប លោក ទៀ សីហា ​បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២ ខេត្តប្រវត្តិសាស្ត្រមួយនេះទទួលបានទេសចរអន្តរជាតិប្រមាណ៦ម៉ឺននាក់។

ចំនួននេះមានការកើនឡើងក្នុងអត្រា ១ ០២៥% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១។ ដោយឡែក ទេសចរផ្ទៃក្នុងមានចំនួនជាង១លាននាក់ កើនឡើងក្នុងអត្រា ៧៩៨% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១។ ក្នុងនោះ ជើងហោះហើរមកកាន់ខេត្តសៀមរាប លោក ទៀ សីហា បញ្ជាក់ថា មានចំនួន៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។​

លោកបាន​ឱ្យដឹងថា ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ​ជាង១០ម៉ឺននាក់នៅក្នុងឆ្នាំ២០២២ ​ហើយនឹងកើនដល់ប្រមាណ៥០ម៉ឺននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខ។ ដោយឡែក ភ្ញៀវជាតិជាង២លាននាក់នឹងមកទស្សនាខេត្តសៀមរាប ក្នុងឆ្នាំ២០២២​ ហើយនៅឆ្នាំ២០២៣ អាជ្ញាធរព្យាករ​ថានឹងមានភ្ញៀវជាតិមកទស្សនាខេត្តនេះប្រមាណ៤លាននាក់ផងដែរ​។

តាមរយៈគោលនយោបាយលើកទឹកចិត្តភ្ញៀវទេសចរបរទេស ដែលរដ្ឋាភិបាលផ្តល់ឱ្យសម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរបានយូរថ្ងៃជាងមុន លើសំបុត្រដែលបានទិញ ដោយទិញសំបុត្រសម្រាប់១ថ្ងៃ ដែលមានតម្លៃ ៣៧ដុល្លារ អាចចូលទស្សនាបាន២ថ្ងៃ។ ទិញសំបុត្រ៣ថ្ងៃ ដែលមានតម្លៃ៦២ដុល្លារ អាចចូលទស្សនាបាន៥ថ្ងៃ និងទិញសំបុត្រសម្រាប់៧ថ្ងៃ តម្លៃ៧២ដុល្លារ នឹងអាចចូលទស្សនាបានរហូត១០ថ្ងៃ។

​កន្លងមក ក្នុងខេត្តសៀមរាបមានការរៀបចំហេដ្ឋារចនាសម្ពន្ធ ព្រមទាំងផ្លូវថ្មី៣៨ខ្សែ និងកែលម្អតំបន់ទេសចរណ៍ជាច្រើន រួមទាំងក្នុងតំបន់ឧទ្យានអង្គរថែមទៀតផង។

​អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យវីអូឌីដឹងកាលពីចុងសប្ដាហ៍មុនថា ក្រោមបរិបទកូវីដ-១៩ មិនទាន់បញ្ចប់ ដូច្នេះភ្ញៀវទេសចរនៅមានកម្រិត ជាពិសេសការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិ។ យ៉ាងណា លោកថា ក្រសួងនិងភាគីដែលពាក់ព័ន្ធបានខំប្រឹងដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវលំនឹងស្ថិរភាព និងរៀបចំត្រៀមលក្ខណៈក្នុងការទទួលភ្ញៀវទេសចរ​អន្តរជាតិ ក៏ដូចជាភ្ញៀវជាតិឡើងវិញ។

លោកថា៖ «អ្វីដែលយើងខិតខំ គឺយើងប្រឹងប្រែងរៀបចំកែលម្អហ្នឹងឱ្យកាន់តែល្អប្រសើរ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ​ត្រលប់មកវិញ នៅពេលដែលភ្ញៀវត្រលប់មកវិញ គឺអ្វីៗនឹងប្រក្រតីអាចវិលទៅរកភាពសាដើមឡើងវិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ