ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនាការ ក្នុងរឿងក្តីប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ទៅតាមការស្នើសុំពីសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ។
លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានឯកភាពភ្លាមៗ នៅបន្ទាប់ពីបានទទួលលិខិតស្នើសុំពន្យារពេល បើកសវនាការពីសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា នៅថ្ងៃទី ២ សីហានេះ។ តាមការគ្រោងទុក សវនាការក្នុងសំណុំរឿងព្រហ្មទណ្ឌ ប្រឆាំងលោក កឹម សុខា នេះនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៣ ខែសីហា។
លិខិតស្នើសុំរបស់មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ដែលចេញមុនមួយថ្ងៃ នៅថ្ងៃអង្គារនេះ បង្ហាញថា មូលហេតុនៃការស្នើសុំលើកពេល នៃការជំនុំជម្រះទៅធ្វើនៅថ្ងៃពុធសប្តាហ៍ក្រោយវិញ ដោយសារសហមេធាវីម្នាក់ ក្នុងចំណោមមេធាវីការពារសិទ្ធិទាំង៤នាក់ ជាប់សង្ស័យថាមានវិជ្ជមានជំងឺកូវីដ-១៩។ លិខិតបន្ថែមថា កាលពីថ្ងៃទី៣១ កក្កដា សហមេធាវីបានចូលរួមពិភាក្សាគ្នាអំពីផ្លូវច្បាប់ តែក្រោយមក សហមេធាវីម្នាក់ក្នុងចំណោមនោះ ត្រូវបានគេជូនដំណឹងមកថា ត្រូវតាមដានពីសុខភាព ព្រោះមានអ្នកសង្ស័យថា មានជំងឺកូវីដ-១៩ បានប្រាស្រ័យទាក់ទងគ្នាកាលពីថ្ងៃទី៣០ កក្កដា។
តាមរយៈលិខិតរបស់ខ្លួន សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បញ្ជាក់ថា ការស្នើសុំផ្អាកសវនាការនៅពេលនេះ គឺដើម្បីតាមដានពីសុខភាព មួយ ឬពីរថ្ងៃសិន ដើម្បីចៀសវាងការរីករាល នៃជំងឺកូវីដ-១៩ និងជាការចូលរួមអនុវត្តវិធានសុខាភិបាលផង។
គិតត្រឹមថ្ងៃទី ២៧ ខែ កក្កដា កន្លងទៅនេះ សវនាការក្នុងសំណុំរឿង «សន្ទិដ្ឋិភាពឬ ត្រូវរ៉ូវដោយសម្ងាត់ជាមួយភ្នាក់ងារបរទេសនេះ» បានបន្តអូសបន្លាយចំនួន ៥០លើកមកហើយ ចាប់តាំងពីបើកសវនាការ កាលពីឆ្នាំ២០២០មក៕