ពលរដ្ឋ​នៅ​ជាប់​បឹងតាមោក​២នាក់​ចូល​បំភ្លឺ​នៅ​តុលាការ​ព្រឹកនេះ ក្រោយ​រងបណ្ដឹង​របស់​អាជ្ញាធរ

ពលរដ្ឋរស់នៅជាប់បឹងតាមោក មកគាំទ្រតំណាងរបស់ពួកគេដែលរងបណ្ដឹងរបស់អាជ្ញាធរ នៅថ្ងៃសវនាការសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទ «រារាំង ញុះញង់ បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋ២នាក់ រស់​នៅ​ជាប់​បឹង​តាមោក ដែល​ត្រូវបាន​តុលាការចេញដីកា​​កោះហៅ បាន​​ចូល​ទៅ​បំភ្លឺនៅ​សាលា​ដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃ​អង្គារនេះ ក្រោយពួកគេប្រមូល​ផ្ដុំតវ៉ាទាមទារឱ្យមានដំណោះស្រាយ​រឿងដីធ្លី។

កាលពីថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ២០២២ តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ទុង រតនា បានកោះហៅ​តំណាងពលរដ្ឋចំនួន៧នាក់ រួម​មាន អ្នកស្រី ប្រាក់ សុភា, អ្នកស្រី ខេន សាអយ, អ្នកស្រី ផន សុខុម, អ្នកស្រី គង់ តឿ, អ្នកស្រី ផន សុំ, អ្នកស្រី តាន់ ខ្ទី និងអ្នកស្រី អំ ភឿន ឱ្យចូលទៅបំភ្លឺចំពោះតុលាការ នៅថ្ងៃទី២ ទី៣ ទី​៤ និងថ្ងៃទី៩ ខែសី​ហា ឆ្នាំ២០២២ ក្រោមបទចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» ទៅតាម​បណ្ដឹងរបស់លោក មាស សម្បូរ ដែលពលរដ្ឋប្រាប់ថា ជាប្រធាន​សន្តិ​សុខខណ្ឌ​ព្រែក​ព្នៅ។

ការកោះហៅតំណាងពលរដ្ឋទាំង៧នាក់នេះធ្វើឡើងក្រោយពីពួកគេនាំគ្នាតវ៉ាប្រឆាំងមិនឱ្យអាជ្ញាធរចាក់ដីលុប​​បឹង​តាមោក ដោយថា​ប៉ះពាល់ដល់កន្លែងអាស្រ័យផល និង​ការតវ៉ាទាមទារសុំការអភិវឌ្ឍ​នៅនឹងកន្លែង ក្រោយអាជ្ញាធរ​ថា ពួកគាត់រស់នៅលើដី​ចំណី​ផ្លូវដោយខុសច្បាប់។

នៅព្រឹក និងរសៀលថ្ងៃអង្គារ​នេះ ពលរដ្ឋចំនួន២នាក់ ក្នុងចំណោម៧នាក់ ត្រូវចូលឆ្លើយបំភ្លឺនៅសាលា​ដំបូង​រាជធានីភ្នំពេញ ក្នុងនោះមានអ្នកស្រី ប្រាក់ សុភា និងអ្នកស្រី ផល សុខុម។

តំណាង​ប្រជាពលរដ្ឋ ២៥០គ្រួសារ​ រស់​នៅជាប់បឹងតាមោក ក្នុងសង្កាត់សំរោង​ត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អ្នកស្រី ប្រាក់ សុភា បានឱ្យដឹងបន្ទាប់ពីចូលឆ្លើយបំភ្លឺថា បើតាមដីការបស់តុលាការ គឺដើមបណ្ដឹង​បានប្ដឹងតំណាងពលរដ្ឋចំនួន១៦នាក់ទៅតុលាការ ក្នុងនោះមាន ៧នាក់បានផ្ដិតមេដៃទទួលដីការួច។ អ្នកស្រីចាត់ទុកការកោះហៅតំណាងពលរដ្ឋទៅបំភ្លឺនេះ ថាជារឿងអយុត្តិធម៌ ខណៈដែលពួកគាត់​គ្រាន់តែ​តវ៉ាទាមទារឱ្យ​​មាន​ដំណោះស្រាយដីធ្លីសម្រាប់ពលរដ្ឋ ២៥០គ្រួសារ ស្មើនឹង១០៨ខ្នង​ផ្ទះ និងការ​ពារ​​ដីធ្លីផ្ទះសម្បែង​ដែលខ្លួនធ្លាប់រស់នៅ បែរជា​​ត្រូវជាប់បណ្ដឹងនៅតុលាការទៅវិញ។

អ្នកស្រីថា៖ «វាឈឺចាប់ វាអយុត្តិធម៌បំផុត […] ពួកខ្ញុំអត់មានប៉ះពាល់​​ពាក្យ​អសុរោះណាមួយ​ទៅលើអាជ្ញាធរដែនដីខណ្ឌទេ អ៊ីចឹងខ្ញុំសូមបដិសេធការចោទ ដែលអាជ្ញាធរចោទពួកខ្ញុំ ខ្ញុំអត់មានបាន​ប្រមាថទៅលើអាជ្ញាធរ មានតែលើកដៃសំពះសុំថាប្រជាពលរដ្ឋគ្រាន់តែសុំកុំឱ្យមានការរុះផ្ទះប្រជាពលរដ្ឋទេ ព្រោះប្រជាពលរដ្ឋ​រស់នៅលើហ្នឹងតាំងពីឆ្នាំ១៩៩០​មក​ហើយ រឿងអីដែលត្រូវឱ្យពលរដ្ឋរុះចេញ? អ៊ីចឹងពលរដ្ឋទាំង​អស់​គ្នាអត់មានអ្នកណាញុះញង់អ្នកណាទេ»។

កណីនេះ អ្នកស្រី ប្រាក់ សុភា បានស្នើដល់​ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំ​ពេញ ទម្លាក់​ចោល​បទចោទ​ទៅលើតំណាង​ប្រជា​ពលរ​ដ្ឋ​ទាំង ៧រូបនោះ។

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីលោក មាស សម្បូរ ដែលពលរដ្ឋអះអាងថាជាប្រធានសន្តិ​សុខ​ខណ្ឌព្រែកព្នៅ បានទេ នៅព្រឹកថ្ងៃអង្គារនេះ។

ប៉ុន្តែអភិបាល​ខណ្ឌ​ព្រែកព្នៅ លោក សុខ សម្បត្តិ ប្រាប់វីអូឌីកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ថាពលរដ្ឋទាំងនោះបានរស់នៅលើចំណីផ្លូវលេខ១៣០ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលមានគម្រោង​ពង្រីកឱ្យបាន៥០ម៉ែត្រ។ លោកថា អាជ្ញាធរមិនអាចឱ្យពលរដ្ឋទាំងនោះអភិវឌ្ឍនៅនឹងកន្លែងបាន​ឡើយ។

លោក​បន្តថា កន្លងមក អាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួលដោះស្រាយជាច្រើនដងហើយ ដោយសុំដោះដូរដីឱ្យពលរដ្ឋទៅកន្លែងផ្សេងដែលរៀបចំដោយអាជ្ញាធរ ស្ថិតក្នុងភូមិសំរោងត្បូងដូចគ្នា និងចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋថែមទៀត ប៉ុន្តែពលរដ្ឋទាំងនោះមិនព្រមទទួលយកការដោះស្រាយនេះ ដែលធ្វើឱ្យការដោះស្រាយអូសបន្លាយយូរបែបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ