លីកាដូ រក​​ឃើញ​​ថា ស្រ្ដី​ខ្មែរ​​ជា​​គោលដៅ​នៃ​​ក្រុម​​កម្ចី​អនឡាញ​និង​​ការ​​ជំរិត​​ទារ​ប្រាក់​​ខុស​ច្បាប់

កម្មវិធី Loanly ដែលស្រ្តីរងគ្រោះក្នុងរបាយការណ៍របស់ អង្គការលីកាដូ បានអះអាងថា រងការគំរាមកំហែងបញ្ចេញរូបភាព និងវីដេអូអាក្រាតរបស់អ្នកដែលខ្ចីប្រាក់ជាបន្តបន្ទាប់។ (Screenshot វីដេអូ អង្គការលីកាដូ)

អង្គការ​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​មួយ បាន​រកឃើញថា ការ​​ផ្ដល់​ប្រាក់​​ក​​ម្ចី​មិន​ផ្លូវការ ​​កំពុង​​ដាក់​គោល​ដៅ​​​លើ​​ស្រ្តី​ខ្មែរ​ ​នៅ​លើ​បណ្ដាញ​​សង្គម​ហ្វេសប៊ុក​ ​និង​​តេឡេ​ក្រាម​ ហើយ​​ការប្រើប្រាស់កម្ចី​អន​ឡាញនេះ អាចទាញ​​ស្ដ្រីទាំ​ង​នោះ​​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ ​តាមរយៈ​ការប្រើប្រាស់​រូបភាព​ ​និង​វីដេអូ​អាក្រាត​​របស់​​ជន​រងគ្រោះ​​។

ក្នុង​របាយ​ការណ៍​របស់​​អង្គការ​លីកាដូ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២​នេះ ឱ្យដឹង​ថា កាល​ពី​ឆ្នាំ​មុន​ អង្គការ​នេះ ​បាន​ផ្ដល់​សេវា​មួយ​​ចំនួន​ដល់​ស្ត្រី​ ៣​នាក់​ ​ដែល​រង​ការ​បៀតបៀន​ដោយ​​​អ្នក​ផ្ដល់​​ក​​ម្ចី​មិន​ផ្លូវការ​ ក្នុងនោះ​​ស្ត្រី​ម្នាក់ៗ​​ជួបប្រទះ​រឿងរ៉ាវ​ស្រដៀង​គ្នា​។

របាយការណ៍​បន្តថា ​​ដំបូងឡើយ ​ស្រ្ដីទាំង៣រូប​នេះ ​បាន​​ខ្ចីប្រាក់​ប្រមាណ​ ​៥​០​ដុល្លារ ​ពី​ក្រុមហ៊ុន​​ដែល​ផ្សព្វ​ផ្សាយ​​នៅ​​លើ​​​ហ្វេស​ប៊ុក​ ​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំថ្ងៃ​ ​ឬ​ព្យាបាល​ជំងឺ​ ប៉ុន្ដែ​ក្រោយ​ពី​ស្រ្ដីទាំង​នោះ បានទទួលប្រាក់កម្ចីតូចៗហើយ ពួកគាត់​​បា​ន​​ប្រឈម​នឹង​អត្រា​ការប្រាក់​ដ៏​ខ្ពស់​ ​និង​ភាព​មិន​ច្បាស់លាស់​​នៃ​​លក្ខខណ្ឌ​ក​ម្ចី ​ដែល​នាំ​ឱ្យ​មានការ​កើន​ឡើង​បន្ទុក​បំណុល​។​ បន្ទាប់មក​​អ្នកផ្ដល់​ប្រាក់​ក​ម្ចី​ថ្មី​ ​បាន​ចាប់ផ្ដើម​ទាក់ទង​ទៅកាន់​ជនរងគ្រោះ​តាមរយៈ​កម្មវិធី​តេឡេ​ក្រាម​ ​ដើម្បី​ស្នើ​ផ្ដល់​​ក​ម្ចី​ថ្មីទៀត​ ​​ហើយក្រោយមកទៀត ក្រុមទាំងនេះ ក៏បាន​ចាប់ផ្ដើម​​ទាក់ទង​ទៅ​មិត្ត​ភក្ដិ​ ​និង​ក្រុម​គ្រួសារ​របស់​ស្រ្ដីទាំង ៣នាក់នោះ​ ​ដើម្បី​ដាក់​សម្ពាធ​ឱ្យមានការ​​បង់​​សងត្រឡប់។

ប្រភពដដែល បន្តទៀត​ថា បន្ទាប់ពីនេះ នៅ​ពេល​សម្ពាធនៃ​អត្រា​ការប្រាក់ឈាន​ដល់​ចំណុចធ្ងន់ធ្ងរ មានក្រុម​ថ្មី​មួយ​ទៀតដែល​បាន​ដាក់ឈ្មោះ​ថា​ ​Loan​l​y​ ​បាន​ស្នើ​ផ្ដល់​ក​ម្ចី​ក្នុង​ទំហំ​ធំ​មួយ​ ​ឬ​គ្រប់គ្រាន់​សម្រាប់​ស្ត្រី​ម្នាក់ៗ​​​យកទៅ​សងបំណុល​តូច​ៗ​ទាំងនោះ​។ ​ប៉ុន្តែ​ជាដំបូង​ ​ក្រុមហ៊ុននេះ មានលក្ខខណ្ឌដោយទាមទារ​ឱ្យ​ស្ត្រី​ទាំងនេះ​ផ្ញើ​​​​រូបភាព​ ​ឬ​វីដេអូ​អាក្រាត​កាយ​​ឱ្យពួកគេជាថ្នូរមុនបានប្រាក់​កម្ចី ​តាមរយៈ​កម្មវិធី​តេឡេ​ក្រាម​ ​ដោយ​​ភ្ជាប់​ជាមួយ​ទីតាំង​ ​និង​ឯកសារ​សម្គាល់​​ខ្លួន​។​

របាយការណ៍អង្គការលីកាដូ បន្ថែមថា នៅពេលស្រ្ដីទាំងនោះ​ មាន​អារម្មណ៍​ថា​​ជាប់​​ក្នុង​​អន្ទាក់​ ​និង​​រង​ការបៀតបៀន​ពី​អ្នកផ្ដល់​ប្រាក់​ក​ម្ចី​តូច​ៗ​ ហើយ​បាន​យល់ព្រម​ស្នើសុំ​ក​ម្ចី ​និង​ទាញ​យក​កម្មវិធី​ ​Loan​l​y​ ​ដែល​អាច​ឱ្យ​ក្រុមហ៊ុន​ចូ​លមើល​បញ្ជី​ទំនាក់ទំនង​​នៅ​ក្នុង​ទូរសព្ទ​របស់​ជនរងគ្រោះ​​បាន​​។​ ជាមួយគ្នានេះ ​ស្ត្រី​ម្នាក់ៗ​ ​បាន​ទទួល​ប្រាក់​តែ​ប៉ុន្មាន​រយ​ដុល្លារ​ប៉ុណ្ណោះ​តាមរយៈ​សេវា​ផ្ទេរ​ប្រាក់​អ៊ី​ម៉ាន់​នី​ (​e​Money​) ​គឺ​តិច​ជាង​ចំនួន​ដែល​​ក្រុមហ៊ុន ​Loan​l​y បានសន្យា ដោយ​​អះ​អាង​​ថា​ ​ចំណែក​ផ្សេងទៀត​នៃ​ប្រាក់​ក​ម្ចី ត្រូវ​បាន​កាត់​ជា​ថ្លៃ​សេវា​។​

ប្រភពដដែល គូសបញ្ជាក់ថា បន្ទាប់ពីស្រ្ដីទាំងនេះ ព្រមទទួលកម្ចីនេះហើយ ក្រុមហ៊ុន​ ​Loan​l​y​ ​បាន​​ចាប់ផ្ដើម​យុទ្ធនាការ​ដាក់​សម្ពាធ​ឱ្យ​​បង់​សង​ ដោយ​គំរាម​បញ្ចេញ​រូបភាព​ ​និង​វីដេអូ​អាក្រាត​របស់អ្នកដែល​ខ្ចី​ប្រាក់​ទាំងនោះ​នៅ​​លើ​​អ៊ី​ន​ធឺ​ណិ​ត​ ឬ​ទូរសព្ទ​ឥតឈប់ឈរ​​ ទៅកាន់​ជនរងគ្រោះ​ ​គ្រួសារ​ ​មិត្ត​ភក្ដិ​ ​និង​សហការី​របស់​អ្នក​ទាំងនោះ​ ដោយ​ប្រើប្រាស់​លេខទូរសព្ទ​ប្លែកៗ​ជាច្រើន​។

លើស​ពីនេះទៅទៀត ក្រុមហ៊ុន​នេះ បាន​គំរាម​បង្ហោះ​​រូបភាព​ ​និង​វីដេអូ​អាក្រាតទាំងនោះ ​ជា​សាធារណៈ​ រួមទាំង​រូបភាព​គ្រួសារ​របស់​​ជនរងគ្រោះ​នៅ​លើ​ហ្វេសប៊ុក​ ​ដោយ​ចោទប្រកាន់​អ្នក​ទាំងនោះ​អំពី​ការបោកប្រាស់​ ​និង​ជា​មនុស្សកុហក​ជាដើម។

ក្រៅពីនេះ ក្រុមហ៊ុន​ ​Loan​l​y​ ​បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ជាក់លាក់​ទៅកាន់​ស្ត្រី​រងគ្រោះ​អំពី​ចំនួន​ប្រាក់​សរុប​ដែល​ពួកគេ​បាន​ជំពាក់​ ​និង​បាន​ទុក​ពេល​ឱ្យ​បង់​សង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​មុន​ពេល​មានការ​ធ្វើទុក្ខបុកម្នេញ​ជា​ថ្មីទៀត​។

​លីកាដូ បញ្ជាក់ថា៖ «ស្ត្រី​ទាំងនេះ​លើកឡើង​ពី​ការ​ទទួលរង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​គំរាមកំហែង​ជាបន្តបន្ទាប់​ទាំងនេះ​ ​រួម​មានការ​គិត​ចង់​ធ្វើ​អត្តឃាត​ ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ ​ភាព​ភ័យខ្លាច​ ​និង​ការ​ព្រួយបារម្ភ​ចំពោះ​ការងារ​ ​អាពាហ៍ពិពាហ៍​ ​ឬ​សុវត្ថិភាព​កូន​ៗ​របស់​ពួកគេ​»​។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា ករណីស្រី្ដ៣នាក់ ​ដែល​រង​ការបៀតបៀន​ដោយ​អ្នកផ្ដល់​ក​ម្ចី​មិន​ផ្លូវការនេះ បាន​កើត​ឡើង​​កាលពីពាក់កណ្ដាលឆ្នាំ២០២១ ដោយពួកគាត់​មាន​ភាព​ក្លាហាន​ចេញ​​មុខ និ​ង​បានប្ដឹង​ប្រឆាំង​លើ​អ្នក​ដែលធ្វើ​ការ​ឆបោក​ផ្ដល់ប្រាក់កម្ចី និងការគំរាមចាប់ជំរិតតាមរយៈការប្រើប្រាស់រូបអាក្រាតរបស់ពួកគេនៅលើប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ លោកថា  មានស្រ្តីជា​ជនរង​គ្រោះដោយសាររឿងនេះជាច្រើននាក់ទៀត ប៉ុន្ដែពួកគេមិនទាន់ហ៊ានប្រឈមនឹងបញ្ហានេះ។

ជាមួយគ្នានេះ លោក អំ សំអាត លើកឡើងថា មកទល់ពេលនេះ ជនរងគ្រោះទាំងនោះ មិនទាន់ទទួលបានយុត្តិធម៌ តាមរយៈការដាក់​បណ្ដឹង​ទៅកាន់​អាជ្ញាធរនោះទេ ដោយអាជ្ញាធរមិនទាន់ចាត់វិធានចំពោះការឆបោកនេះនៅឡើយ។ លោក​ថា ការណ៍នេះបង្កផលប៉ះពាល់ដល់ជន​រងគ្រោះ​ ដែលធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្ត មិនហ៊ានប្រឈមមុខ ហើយការបោកប្រាស់នេះ​នឹង​កាន់តែបន្តកើនឡើង។

លោកថា៖ «ការយឺតយ៉ាវក្នុងការចំណាត់ការ​របស់​អាជ្ញាធរ​នឹង​ធ្វើឱ្យប៉ះពាល់ទៅដល់ជនរងគ្រោះ ទី១ គឺទំនុកចិត្តនៅក្នុងការប្ដឹង គឺការខ្វះភាពក្លាហាន ហើយទី២ ធ្វើឱ្យអ្នកផ្សេងទៀត[ជនរងគ្រោះ]គាត់​រារែក​ក្នុង​ការចេញមុខ​ក្នុងការប្ដឹង ពីព្រោះអ្នកប្ដឹងមុនហ្នឹង មិនទាន់មានភាពយុត្តិ​ធម៌​សម្រាប់គាត់។ ហើយទី៣ កាលណាយឺតយ៉ាវអីចឹង វានឹ​ងបន្តឱ្យអ្នកដែលប្រព្រឹត្តនូវទង្វើទាំង​អស់ហ្នឹង​បន្តទៅមុខទៀត​ ដែលធ្វើឱ្យមានអ្នករងគ្រោះនឹងកាន់តែច្រើន»។

ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ លោក ជា ពៅ បានឱ្យដឹងថា លោកមិនទាន់ទទួលបាន​ពាក្យបណ្ដឹងណាមួយ​ពីករណី​កម្ចី​អន​ឡាញ​នេះ​ទេ រួមទាំងបណ្តឹងរបស់​ស្ត្រីទាំង៣នាក់ ដែលបានលើកឡើងនៅក្នុងរបាយការណ៍របស់អង្គការ​លីកាដូ។ តែ​យ៉ាងណា លោកថា ឱ្យតែមានពាក្យបណ្ដឹង ក្រសួង​នឹង​ចាត់​ការ​តាម​ផ្លូវច្បាប់។

លោក​ថា៖ «តែមានពាក្យបណ្ដឹង គឺយើងចាត់ការតាមផ្លូវច្បាប់ហើយ​​ តែបើគាត់មករាយ​ការណ៍​យើងអត់​ចាត់​ការ​ផ្លូវច្បាប់ទេ ព្រោះអីមិនមែន​ជាគតិយុត្តិបានទេ អាហ្នឹង​គ្រាន់តែរាយការណ៍»។

តែយ៉ាងណា បើតាមរបាយការណ៍របស់អង្គការលីកាដូ ​ស្ត្រី​ទាំង​៣​នាក់​នេះ ​បាន​ដាក់ពាក្យបណ្ដឹង​ជា​ផ្លូវការរួចហើយ​ ទៅ​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យានៃក្រសួង​មហាផ្ទៃ​ ដោយមាន​​​​​ភ្ជាប់​​​ភស្តុតាង​​ជាច្រើន​ផង​ដែរ​។ តែ​​គិត​មកទល់​ពេលនេះ នាយកដ្ឋាន​មួយនេះ នៅ​មិន​ទាន់​បាន​ចាត់វិធានការ​លើ​នរណា​ម្នាក់​ក្នុងរឿងនេះនៅឡើយ​ទេ​​។

ជាមួយគ្នានេះ ស្ត្រី​ម្នាក់ដែល​ត្រូវ​បាន​ធ្វើទុក្ខបុកម្នេញ​ដោយ​អ្នកផ្ដល់​ប្រាក់​ក​ម្ចី​អន​ឡា​ញ បាន​លើកឡើង​នៅ​ក្នុងរបាយការណ៍របស់អង្គការ​លីកា​ដូ​​ថា​៖ «សូម​សំណូមពរ​ដល់​ខាង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​សូម​ឱ្យ​ខាង​បង​ៗ​ខាង​នាយកដ្ឋាន​ ​ជួយ​ពន្លឿន​នូវ​ពាក្យបណ្ដឹង​របស់​ខ្ញុំ​ដែល​បាន​ដាក់​ ​និង​ក៏ដូចជា​ពាក្យបណ្ដឹង​ជនរងគ្រោះ​ទាំងអស់​ដែល​គាត់​បាន​ដាក់​»។​

ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី មានប្រសាសន៍ថា សន្ទុះ​នៃ​ការ​ឆបោក​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ មាន​ការ​កើន​ឡើង​ចាប់តាំង​ពី​មាន​ការ​ផ្ទុះឡើ​ង​នៃ​ជំងឺ​កូវីដ-១៩ ដោយ​ក្រុមមនុស្សមួយចំនួន បាន​បង្កើតជាភ្នាក់ងារ​កម្ចីតាម​អន​ឡាញ ដែល​ងាយ​ស្រួលក្នុងការស្នើសុំប្រាក់កម្ចី។ លោកបន្តថា ភាគច្រើន​នៃ​​ក្រុមរកស៊ី​ខុស​ច្បាប់ទាំង​នោះ បានដាក់ការប្រាក់ខ្ពស់ ដែល​ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ករណីនេះ លោក​បាន​អំពាវនាវ​​ដល់ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្នខ្ពស់ មុន​នឹងដាក់ពាក្យ​សុំប្រាក់​កម្ចីនៅតាមគ្រឹះស្ថានផ្តល់ប្រាក់កម្ចី​ ជាពិសេសតាមរយៈប្រព័ន្ធអនឡាញ។

លោកថា៖ «អញ្ចឹងខ្ញុំសុំយកឱកាសនេះ​សំណូមពរដល់ប្រជាពលរដ្ឋយើង ប្រសិនបើបងប្អូនមានការលំបាកខ្វះខាត ត្រូវការដើមទុន ត្រូវការឥណទាន​ហ្នឹង! សូមចៀសផុត ចៀស​ឱ្យ​ឆ្ងាយពីពួ​ក​កម្ចី​អន​ឡាញ​ខុស​ច្បាប់​ទាំង​អស់​នេះ។ ងាកទៅ​គ្រឹះស្ថាន​ផ្លូវ​ការ​ដែល​បង​ប្អូន​ស្គាល់ ដែល​គេ​មាន​អាជ្ញាប័ណ្ណពី​ធនាគារជាតិនៃកម្ពុជាហ្នឹង ដើម្បីស្នើសុំធ្វើការ​កម្ចី ដែលជាទូទៅកម្ចីពួកគាត់មានការប្រាក់សមរម្យ ហើយយន្តការច្បាស់លាស់ក្នុងការការពារអតិថិជន»។

បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស​លីកាដូ កាលពីឆ្នាំមុន​ ​អង្គការមួយនេះ ក៏​​បានស្នើទៅ​​ក្រុមហ៊ុនហ្វេសប៊ុក​ ​និង​អាជ្ញាធរពាក់ព័ន្ធ​​ ​ចាត់​វិធានការ​ ​ដើម្បី​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​​នៅ​លើ​ប្រព័ន្ធ​អន​ឡា​ញ​​។​ ​ជាមួយគ្នានេះ លីកាដូ ក៏បាន​ស្នើទៅ​​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ ​ធ្វើ​ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ឆាប់រហ័ស​ ​ដើម្បី​ធានា​យុត្តិធម៌ដល់ជនរងគ្រោះ​​ ​ស្របតាម​ច្បាប់ជាធរមាន​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ