តុលាការ​ផ្ដន្ទាទោស​លោក វិល្លាម គ័ង ដាក់​ពន្ធនាគារ​៩ឆ្នាំពាក់ព័ន្ធ​ករណី​​ប្លន់​ផ្ទះ​​អ្នក​លក់ឡេ​តាម​អនឡាញ

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង (William Guang) ចាកចេញពីរថយន្តពន្ធនាគារ ទៅចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ (អ៊ូច សូនី)

តុលាការ​សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ប្រធានគណបក្ស​ខ្មែរក្រោក និងបក្ខពួក៧​នាក់​ផ្សេងទៀត ដាក់ពន្ធនាគារ​ចន្លោះពី៦ឆ្នាំ​ទៅ៩ឆ្នាំ ពាក់ព័ន្ធ​នឹង​បទចោទ ​ប្លន់​អ្នក​លក់​ឡេតាម​អន​ឡាញដ៏ល្បីឈ្មោះម្នាក់​​ដោយ​ប្រដាប់អាវុធ។​

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង​ ហៅ វិល្លាម គ័ង និងបក្ខពួក ត្រូវ​​បានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ និងត្រូវបាន​តុលាការ​សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ពាក់​ព័ន្ធ​នឹង​សំណុំរឿងប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញមួយរូប ឈ្មោះ អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងខណ្ឌពោធិ៍សែន​ជ័យ។ ក្រុម​​ចោរ​​​បាន​​លួច​​ខ្សែក​ពេជ្រ​ចំនួន​៣​ខ្សែ ដែល​មាន​តម្លៃ​​សរុប​ប្រមាណ​​២​លាន​​ដុល្លារ។

ពេលប្រកាសសាលក្រម​លើសំណុំរឿងនេះ នៅព្រឹកថ្ងៃអង្គារ​ម្សិលមិញ លោក វិល្លាម គ័ង (William Guang) ត្រូវ​បាន​តុលាការ​​ផ្តន្ទា​​ទោស​ពី​​បទ​ «លួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងក្លែងបន្លំឯកសារសាធារណៈ» ឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ខណៈលោក​ជា​មេខ្លោងនៃប្រតិបត្តិការនេះ។ នៅពេលចាប់ខ្លួន លោក គ័ង ជាប្រធានគណបក្សខ្មែរក្រោក។

ចំណែកបក្ខពួក៧នាក់​ផ្សេង​ទៀតក៏​ត្រូវ​បានតុលាការ​​​កាត់ទោស​ដាក់ពន្ធនាគារពី៦ឆ្នាំទៅ៨ឆ្នាំ​ផងដែរ ក្នុងនោះ​​​ឈ្មោះ អោ រ៉ាម៉ន, សុវណ្ណ រ៉ានុត, នេត ផៃមុនី និង ជួប សុភក្ត្រា ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ៨ឆ្នាំ ពី​បទ «លួច និងកាន់កាប់អាវុធដោយគ្មានការអនុ​ញ្ញាត» ប៉ុន្តែឈ្មោះ ជួប សុភក្ត្រា ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ និង​កំពុង​គេច​ខ្លួន, ឈ្មោះ កេត ម៉ាច, ថុន វឌ្ឍនៈបូរ៉ាមី និង សុវណ្ណ ស្រីសូរិយោពណ៌ ត្រូវជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ «សមគំនិតក្នុងអំពើលួច និងក្លែងបន្លំឯកសារសាធារណៈ»។ លោក កេត ម៉ាច គឺជាសហការីរបស់លោក គ័ង មកពីគណបក្សខ្មែរក្រោក។

ជាមួយគ្នានេះដែរ តុលាការក៏បានចេញ​ដីកាប​ង្គាប់​ឱ្យ​ពួក​គេស​ង​ថ្លៃ​ខូច​ខាត​ចំនួន៥០០ ០០០ដុល្លារ​ ដល់​អ្នក​ស្រី អ៊ាន សៀវម៉ី និងសងជំងឺចិត្តចំនួន៥០ ០០០ដុល្លារ។

ក្នុងអំឡុងពេលសវនាការជំនុំជម្រះកាលពីខែមិថុនា ចុងចោទមួយចំនួន​ហាក់ដូចជាផ្លាស់ប្ដូរសក្ខី​កម្ម​របស់ពួកគេ ដោយទម្លាក់កំហុសករណីប្លន់នេះទៅលើឈ្មោះ សុភក្ត្រា ដែលធ្វើឱ្យចៅ​ក្រម​សង្ស័យ​ពី​ចេតនារបស់ពួកគេ។

ចៅក្រមបានសួរថា៖ «អ្នក​​ផ្លាស់ប្តូរសក្ខីកម្ម​ដើម្បី​ការពារ​គាត់មែនទេ [សំដៅលើលោក គ័ង]?»

ក្នុងស​វនាការ ឈ្មោះ រ៉ានុត បាននិយាយថា សុភក្ត្រា បានរៀបចំផែនការប្លន់ ហើយគាត់ជាអ្នកទទួលខុសត្រូវក្នុងការកាត់ផ្តាច់ប្រព័ន្ធ Wi-Fi ខណៈបក្ខពួកម្នាក់ទៀតឡើងទៅលើផ្ទះ និងបង្ហាញ​ឯកសារដល់ជនរងគ្រោះនៅពេលនាងបើកទ្វារ។

ឈ្មោះ រ៉ានុត បាន​និយាយ​នៅ​ក្នុង​សវនាការ​កាល​ពី​ដើម​ខែ​មិថុនា​ថា ពួកគេ​បាន​ចង​មនុស្ស៥ទៅ៦​នាក់​នៅ​ក្នុង​ផ្ទះ និងបានប្រើដំបងឆក់ទៅលើមនុស្សម្នាក់ផងដែរ៕


បកប្រែ និងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Small-Time Politician William Guang, Associates Convicted for Borey Robbery

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ