ស្ថាប័ន​រដ្ឋ​ចំនួន​២​ឱ្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​២៥០​គ្រួសារ​នៅ​ជាប់​បឹងតាមោក

ប្រជាពលរដ្ឋរស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឱ្យជួយដោះស្រាយវិវាទដីធ្លី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ស្ថាប័នរដ្ឋចំនួន២បានឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យ និងដោះស្រាយបញ្ហា​​ដីធ្លី​ជូនពលរដ្ឋចំនួន២៥០គ្រួសារនៅ​ជាប់បឹង​តាមោក ខណៈតំណាងពលរដ្ឋ១៦នាក់ជាប់បណ្ដឹងនៅតុលាការ ក្រោយដើរតវ៉ារឿងជម្លោះដីធ្លី​នេះ។

ប្រជាពលរដ្ឋ​២៥០គ្រួសារ រស់​​​នៅជាប់​បឹង​​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បាននាំគ្នាដាក់ញត្តិនៅក្រសួងរៀបចំ​ដែនដី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភាជាតិ ដើម្បីសុំស្ថាប័នទាំង៣នេះអន្តរាគមន៍ទៅអាជ្ញាធរខណ្ឌដោះស្រាយដីធ្លីជូនពួកគាត់ឱ្យបានអភិវឌ្ឍន៍នៅនឹងកន្លែង និងចេញបណ្ណកម្មសិទ្ធិ។

តាមរយៈលិខិតមួយចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ដែលវីអូឌីទើបទទួលបាននៅថ្ងៃពុធ​នេះ រដ្ឋសភាបានបញ្ជូនសំណើសុំ​ដោះស្រាយ​របស់​ប្រជាពលរដ្ឋទៅឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យ និង​ដោះស្រាយ ហើយ​​ផ្តល់លទ្ធផល​នៃ​ការ​ដោះស្រាយ​នេះ​ជូនទៅខាងរដ្ឋសភាវិញ។

ក្នុងលិខិតមួយទៀតចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏​បាន​បញ្ជូនសំណើសុំ​អន្តរាគមន៍​របស់​ពលរដ្ឋ​ទាំង​នោះ​ទៅរដ្ឋបាលរាជធានីភ្នំពេញជាសមត្ថកិច្ច​ ក្នុង​ការ​ពិនិត្យ និង​ដោះ​ស្រាយ​ជូនពល​រដ្ឋ​ផង​ដែរ។

តំណាងប្រជាពលរដ្ឋ អ្នកស្រី ប្រាក់ សុភា ប្រាប់វីអូឌីថា ក្រោយទទួលបានលិខិតរបស់រដ្ឋសភា និងក្រសួងរៀបចំដែនដី គឺនៅថ្ងៃទី៣ ខែសីហានេះ តំណាងពលរដ្ឋប្រហែល១០នាក់បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញជាថ្មី​ទៀត ដើម្បី​ជំរុញ​ទៅអាជ្ញាធរ​​ឱ្យពន្លឿនការដោះស្រាយ និងចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។

អ្នកស្រី​​អះ​អាង​ថា ពលរដ្ឋ២៥០គ្រួសារបានទៅរស់នៅនិងអាស្រ័យផលលើដីកំពុង​មាន​ជម្លោះនោះ​តាំងពីឆ្នាំ១៩៩០ជាបន្ត​បន្ទាប់ ដោយកាលមុន​បាន​បង្កបង្កើនផលធ្វើស្រែប្រាំង ដាំ​ឈូក និង​បន្លែ ហើយ​បច្ចុប្បន្នចិញ្ចឹមត្រីលើផ្ទៃបឹងតាមោក និងធ្វើអាជីវកម្មលក់ដូរជាប់ចិញ្ចើមផ្លូវលេខ​១៥១។

អ្នកស្រី ប្រាក់ សុភា ប​ន្តថា ស្របពេល​ដែលពួកគាត់​​ដើរតវ៉ាដើម្បីទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ និងចេញបណ្ណ​ដីធ្លីជូនពួកគាត់នេះ គឺមានតំណាងពលរដ្ឋចំនួន១៦នាក់ត្រូវបានអាជ្ញាធរប្ដឹងទៅតុលាការ ដោយចោទ​ប្រកាន់​ពី​បទ «រារាំង ញុះញង់ និងបង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» យ៉ាងអយុត្តិធម៌ថែមទៀត។

អ្នកស្រីបន្ថែមថា៖ «គ្រាន់តែពួកខ្ញុំការពារ​ជម្រក​ សុំសិទ្ធិលំនៅឋាន សុំប្លង់កម្មសិទ្ធិ សុំអភិវឌ្ឍន៍នៅហ្នឹងកន្លែងសោះ បែរជាមានដី​កា​កោះ​ហៅ អ៊ីចឹងវាអយុត្តិធម៌ និងឈឺចាប់ណាស់។ ពួកខ្ញុំមិនបានរារាំងការអភិវឌ្ឍ​ទេ សម្ដេច​​អភិវឌ្ឍ​ចុះ​ កណ្ដាល​បឹង! ប៉ុន្តែកុំឱ្យមន្ត្រីក្រោមរបស់​សម្ដេច​អភិវឌ្ឍលើជម្រក​របស់​ពួក​ខ្ញុំ លំនៅឋានរបស់ពួកខ្ញុំ។ បើអភិវឌ្ឍ​របៀបនេះ វាស្មើ​នឹង​ការ​អភិវឌ្ឍ​លើទឹកភ្នែករបស់ខ្ញុំ»

តំណាងពលរដ្ឋម្នាក់ទៀត ​អ្នកស្រី ផន សុខុម មានប្រសាសន៍ថា អ្នកភូមិកំពុង​រងទុក្ខលំបាក និងរស់នៅដោយភ័យខ្លាចមានការ​បណ្ដេញចេញទាំងបង្ខំ និងការបាត់បង់កន្លែងអាស្រ័យផល ខណៈអាជ្ញាធរខណ្ឌព្រែកព្នៅថា ពួកគាត់កំពុងរស់នៅលើចំណីផ្លូវលេខ១៥១ ដោយខុសច្បាប់ និងគ្មានបណ្ណកម្មសិទ្ធិត្រឹមត្រូវ។

អ្នកស្រី​បន្តថា ករណី​អាជ្ញាធរខណ្ឌព្រែកព្នៅ បង្ខំឱ្យពួកគាត់ដោះដូរដី​ទៅនៅទីតាំង​ថ្មី​នោះ គឺពួកគាត់​មិន​ព្រម​ឡើយ ដោយ​សារ​ទីតាំងនោះនៅក្រៅក្រុង ឬជាយក្រុង ដែលធ្វើឱ្យ​ពួកគាត់​បាត់បង់មុខរបរ និងកន្លែងអាស្រ័យ​ផល។ អ្នកស្រីថា ពលរដ្ឋ​នៅតែ​​ទាម​ទារ​​ការអភិវឌ្ឍ​នៅនឹងកន្លែង។

អ្នកស្រីបន្ថែមថា៖ «គាត់ជាអាជ្ញាធរ គាត់មានសិទ្ធិម៉្លេះ ដែលពួកយើងជាកូនចៅ កុំឱ្យទាន់ចាក់ដីលុប​លើកន្លែងចិញ្ចឹមត្រីរបស់​ពួកយើង បែរជាគាត់ទាញកាំភ្លើងយកមកគំរាម​ប្រជាពលរដ្ឋ អាហ្នឹងវាយ៉ាងម៉េចវិញ? សុំឱ្យសម្តេចជួយគិតមើល! ពួកខ្ញុំមានឃ្លីប​វីដេអូទាំង​អស់ គាត់​យា​រកាំភ្លើងរកបាញ់ប្រជាពលរដ្ឋ ក៏ខ្ញុំមាន! តែ​ខាង​គាត់​ប្ដឹង​ខ្ញុំ គាត់មានភស្តុតាងអត់? អ៊ីចឹងខ្ញុំសុំឱ្យអាជ្ញាធរពាក់ព័ន្ធ និងសម្តេចជួយដោះស្រាយដល់កូនចៅផង»

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានទេ នៅថ្ងៃពុធនេះ។

ចំណែកអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញនឹងពិភាក្សាជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយបញ្ចប់រឿងនេះ ប៉ុន្តែ​មិនអាច​ឱ្យអភិវឌ្ឍនៅនឹងកន្លែងបាននោះទេ។ លោកថា ពលរដ្ឋទាំងនោះរស់នៅចំណីផ្លូវលេខ១៥១ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលគ្រោងពង្រីក៥០ម៉ែត្រ។

លោកបន្ថែមថា៖ «អាជ្ញាធរនឹងរៀបចំកន្លែងជូនពួកគាត់នៅពេលដែលមានផលប៉ះពាល់ ប៉ុន្តែមិនមែនគាត់នៅកន្លែងណាធ្វើ​កន្លែង​ហ្នឹង​បាន​ទេ។ បើសិនជាកម្មសិទ្ធិរបស់គាត់ គាត់នៅកន្លែងណា យើងធ្វើឱ្យនៅកន្លែងហ្នឹងបាន ប៉ុន្តែនេះ ពួក​គាត់រស់នៅលើទ្រូងផ្លូវ ផ្លូវ៥០ម៉ែត្រ»

អភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ ប្រាប់វីអូឌីកាលពីថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០២២ ថា កន្លងមក អាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួលដោះស្រាយជាច្រើនដងហើយ ដោយសុំដោះដូរដីឱ្យពលរដ្ឋទៅកន្លែងផ្សេង ដែលរៀ​ប​ចំដោយអាជ្ញាធរ ស្ថិតក្នុងភូមិសំរោងត្បូង​ដូច​គ្នា និង​​ចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋថែមទៀត ប៉ុន្តែពលរដ្ឋទាំង​នោះមិនព្រមទទួលយកការដោះស្រាយនេះ។

ប្រធានគម្រោង​សិទ្ធិ​លំនៅ​ឋាន និង​ស្រាវ​ជ្រាវ នៃ​អង្គការ​សមាគម​ធាង​ត្នោត​ លោក ស៊ាង មួយឡៃ មានប្រសាសន៍ថា ករណីរដ្ឋាភិបាលកាត់ដីផ្ទៃបឹងតាមោករាប់ពាន់ហិកតាទៅឱ្យក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអ្នកមានលុយមានអំណាច បង្កឱ្យមាន​ភាពអយុត្តិធម៌សង្គម។ លោកថា ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអ្នកមានលុយមានអំណាច មានសិទ្ធិទទួលបានដីបឹង​មក​ធ្វើជា​កម្ម​សិទ្ធិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅនិងអាស្រ័យផលនៅជាប់បឹងនោះ​រាប់ឆ្នាំ បែរ​​​ជាមិន​​ទទួល​បាន​​កម្ម​សិទ្ធិ​លើដីរបស់ខ្លួន និងត្រូវរងនូវ​ការបណ្តេញចេញពីលំនៅឋាន​ទាំងបង្ខំយ៉ាងអយុត្តិធម៌ថែមទៀត។

លោកបន្ថែមថា៖ «យើងឃើញថា ប្រជាពលរដ្ឋក្រីក្រដែលរស់នៅតាំងពីយូរណាស់មកហើយ នៅតាមទីតាំង​តំបន់ជាប់បឹងនោះ ត្រូវបានគេបណ្តេញចេញ ឬគំរាមកំហែងឱ្យចេញពីទីតាំងហ្នឹង ហើយយកដីនៅទីតាំងហ្នឹងទៅឱ្យអ្នកមានលុយមានអំណាច​វិញ ដែលបញ្ហានេះ វាបង្ក​ឱ្យមានការឈឺចាប់ និងប៉ះពាល់ធ្ងន់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ»។

គួរបញ្ជាក់ថា បឹងតាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩​​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានី​​ភ្នំពេញ ហើយ​បឹ​ងមួយនេះ ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​ ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​កំណត់យក​បឹង​ធម្មជាតិ​មួយ​នេះ​​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹងតាមោក សរុប​ជាង២ ០០០​ហិកតាហើយត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួនដែលគេដឹងថាជាអ្នក​មាន​លុយមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេង​ៗ ព្រម​ទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ