វិភាគ៖ វិធានការ​បិទខ្ទប់​មេបក្សប្រឆាំង​ឱ្យ​បន្ត​នៅ​ក្រៅ​សង្វៀន​នយោបាយ តើ​កម្ពុជា​នឹង​ខាតបង់​អ្វីខ្លះ​ទៀត?

លោក កឹម សុខា កាន់ដៃលោក សម រង្ស៊ី អំឡុងពេលព្រឹត្តិការណ៍លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។ (ស្រី សុភ័ក្ត្រ)

​ប្រព័ន្ធយុត្តិធ​ម៌ត្រូវបានគេមើលឃើញថា ​ជា​ឧ​បសគ្គ​ចម្បង​មួយ​រា​រាំ​​ងដល់កា​រ​ប្រកួ​តអំណាច​តា​មគោ​លកា​រណ៍ប្រ​ជាធិ​បតេយ្យ បើប្រ​ព័​ន្ធនេះ​ត្រូវ​បាន​ជ្រៀត​​​ជ្រែកដោ​​​យ​ឥទ្ធិព​ល​នយោ​បាយ។​

ជ្រុង​មួយ​នៃបញ្ហា​នេះ​ មេ​ដឹកនាំគណប​​​ក្សសង្គ្រោះ​ជាតិដែលតុ​លាការ​បានរំ​​លា​យ ​កំពុ​ង​ស្ថិតក្នុ​ងភា​​ពមិនច្បា​​ស់​លា​​ស់ក្នុ​ងការ​​​វិល​ត្រលប់ទៅកា​ន់​​​ការបោះ​ឆ្នោ​ត​​ជា​​តិ​​​​នៅឆ្នាំ​​​២០​២​៣​ខា​​ង​​មុខ បើ​​​ទោះបីមានការគាំទ្រពីប្លុកលោកសេរី ដែលនាំមុខគេដោ​យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្ដី។

ភាពចម្រូ​​ងចម្រាសនេះ​ជំរុញឱ្យមាន​ការព្រួយបារម្ភ​ពីផលប៉ះពាល់ដល់​វិស័យការងារ ​ធនាគារ វិ​និយោគ សេដ្ឋកិ​ច្ច រួមទាំងអ្នកជំនួញ បើគ្មានការសន្ទនានយោ​បា​យ ដើម្បីស្ដារប្រជាធិ​បតេ​យ្យ​ឡើងវិញទេនោះ។

ការព្រួយបារម្ភនេះស្រ​​​បពេល​វិប​ត្តិ​នយោបាយអូសបន្លាយ​ជិត៥ឆ្នាំ​ ជំរុ​​ញ​​​ឱ្យមានកំណើ​នវិ​ធាន​ការជាបន្តបន្ទាប់ពីប្លុកលោកសេរី ដើម្បីឆ្លើយតបទៅ​នឹងការធ្លាក់​ចុះស្ថា​នភាព​សិទ្ធិ​ម​នុ​ស្ស​ និ​ងលទ្ធិប្រជាធិបតេ​​យ្យ​នៅ​​​កម្ពុ​ជា។

ជា​ការកត់សម្គាល់ សេចក្តីព្រាង​​ច្បាប់​​​ស្តី​​ពី​​សិទ្ធិមនុស្ស និង​ប្រជា​​ធិបតេយ្យសម្រា​ប់កម្ពុជា​​​​ ហៅ​កាត់ថា ​S.​3​052​ ដែល​តាក់តែងឡើងដោ​យតំណាងរាស្ត្រអាមេរិក​ ត្រូវ​បាន​​គណៈក​ម្មាធិ​ការ​​ទំនា​ក់​​​ទំ​​​ន​​ង​​​កិច្ច​ការ​បរទេស​​នៃព្រឹទ្ធសភាអាមេរិក បាន​អនុ​ម័ត​​រួ​ចហើយកា​​​​លពីថ្ងៃទី​​១៩ ខែកក្ក​ដា។

សេ​ចក្តី​ស្នើច្បាប់នេះមានទិសដៅចម្បង ដើម្បីដាក់ទណ្ឌ​កម្ម​និងបង្កកទ្រព្យសម្បត្តិ​​ម​ន្រ្តី​​​ជា​ន់​​​​​​​​ខ្ពស់​រដ្ឋាភិបាលកម្ពុជា​ ព្រមទាំ​ង​អ្នក​ដែល​​​រួម​​ចំណែករំលោភសិទ្ធិមនុស្ស និងគាស់​​រម្លើង​​ពន្លក​​ប្រ​​ជា​​ធិប​​តេយ្យ។

ស្រប​​នឹង​​​ច្បាប់​​នេះកំពុង​រុញ​ដល់​ដៃ​ព្រឹ​​ទ្ធ​សភា​ពេញអង្គដើម្បី​ដាក់ទណ្ឌក​ម្មផ្សេងៗ ​អាមេរិ​កក៏​បា​​នដាក់កម្ពុជា​​​ទៅ​ក្នុងប​ញ្ជីខ្មៅនៃកា​រជួ​ញ​​​ដូរ​ម​នុស្ស កាល​ពីថ្ងៃ​ទី​​២០ ខែកក្កដា ​ឆ្នាំ​២០២២នេះ​​ផងដែរ។​

បន្ថែមពីនេះ សមាជិកសភាអាមេរិកបាន​ធ្វើ​សេ​​ចក្ដីព្រាង​ច្បាប់ និង​សេចក្ដីស្នើ​ច្បាប់​ចំនួន២រួច​មក​​​​ហើយ ដែរ​ក្នុង​​នោះ​មា​​នច្បា​ប់សកល​​ស្ដីពី «មែគនីតស្គី​អ៊ែក (G​lobalMagnitsky Act)» និង​ច្បាប់​ស្តី​​ពី​​​ «ប្រជា​​ធិប​តេ​យ្យកម្ពុជា ឆ្នាំ២០​២​១» ដែលហៅថា ​HR.​4686

​បច្ចុ​​ប្បន្ន ​​​ឈ្មួញនិងក្រុមហ៊ុនមួយចំនួនដែលរងការចោទប្រកាន់​ចូ​លរួមប្រព្រឹត្តអំពើពុករលួយ និងការរំលោ​​​ភ​​​សិ​​​ទ្ធិ​មនុស្ស ក៏ត្រូវបានអាមេរិកដាក់ទណ្ឌកម្មក្រោមច្បាប់សកលនោះ​រួចទៅ​ហើ​យដែរ ដូចជា មេបញ្ជាការ​​​នៃ​​​បញ្ជា​ការ​ដ្ឋាន​​កង​អង្គ​រក្ស​នាយក​រដ្ឋ​មន្រ្តី លោក ហ៊ីង ប៊ុន​ហៀង, អនុ​ប្រធាន​​ទី១ នៃ​គណៈ​​កម្មា​ធិកា​រ​ជាតិ​​គ្រ​ប់​គ្រង​​គ្រោះ​​មហន្តរាយ លោក គន់ គីម និង​សមាជិកគ្រួសារ៣នាក់​ទៀត ដែលគេ​ស្គា​​​ល់ថាជា​​​ឈ្មួ​ញ​ឈើ​​ដ៏​​ធំ​នៅ​​ស្រុក​ខ្មែ​រ គឺ​លោ​ក ទ្រី ភា​ព

ក្រៅពីនេះ មន្រ្តីយោធាជាន់​​ខ្ពស់​របស់​កម្ពុជា២រូប គឺលោក ចៅ ភិរុណ អគ្គនាយ​ក​នៃអគ្គនា​យ​កដ្ឋា​ន​សម្ភា​​រ​​​ប​ច្ចេ​ក​ទេស​នៃក្រ​​សួងការពារជាតិ និងលោក ទៀ វិញ មេបញ្ជាការ​កងទ័ព​ជើ​ង​ទឹក កំពុងជាប់ទណ្ឌកម្មក្រោ​ម​ច្បា​ប់សកលនេះ។

ដាច់​ដោយឡែកពីនេះ អំឡុងឆ្នាំ២០២០ សហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុ​គ្រោះព​ន្ធ «អ្វី​ៗ​គ្រប់​យ៉ា​ងលើ​ក​លែ​ងតែអាវុធ (E​B​A​)​​​» ២០ភា​គរយ ពីកម្ពុជា មុនកាលកំណត់ ដោយសម្អាងថាបានរកឃើញមា​​នការ​រំ​​​​​លោ​​​​ភជា​ប្រព័ន្ធទៅលើអ្នកនយោបាយប្រឆាំង ការរំលោភសិទ្ធិមនុស្ស និ​ង​សិទ្ធិការងារជាដើម។​

នៅឆ្នាំ២០២២នេះ សភាអឺរ៉ុបក៏ព្រមានផងដែរពីវិធានការដកប្រព័ន្ធអនុគ្រោះពន្ធនេះទាំ​ងស្រុ​ងពីកម្ពុជា ​​បើ​​ក្រោយការបោះឆ្នោត​ជាតិ ឆ្នាំ២០២៣ ខ្លួនរកឃើញថា ទីលាន​ប្រកួ​តន​យោបាយនៅ​តែមិនវិលទៅរកគន្ល​​​​ងប្រ​​ជាធិ​បតេយ្យ ធានាដល់សិទ្ធិ​ចូលរួមធ្វើនយោ​បាយ​ឡើងវិញពី​គ​ណប​ក្សប្រឆាំងដែលគួរឱ្យ​​ទុកចិត្តនោះ​។​

ចំ​ណាត់​កា​រ​នេះកើតឡើងក្រោយពី​​​តុលាការ​​កម្ពុជា​​​​សម្រេ​​ច​​​​​​រំ​​លាយ «​​គណបក្សស​ង្រ្គោះ​​ជាតិ» ដែ​លជា​គូប្រកួតនយោបាយ​​​​ដ៏មាន​សក្តានុពល​ជាមួយ​គណ​បក្ស​​ប្រ​ជាជន​កម្ពុជា ​​ចេញ​​ពី​​សង្វៀ​​ន​​​ន​​​យោ​​​បាយ ចាប់ពីចុងឆ្នាំ២០១៧ ក្រោយចាប់​ឃុំខ្លួនប្រ​ធានគណបក្ស លោក កឹម សុខា ខណៈមេដឹក​នាំ​មួយចំនួនទៀត រួមទាំងលោក សម រង្ស៊ី ផង បាននិរទេសខ្លួន។

សំ​ណួរត្រង់ថា វិធានការបិទខ្ទប់មេបក្សប្រឆាំងឱ្យនៅក្រៅស​ង្វៀនន​យោបាយ តើក​ម្ពុជានឹ​ង​ខា​ត​បង់អ្វីខ្លះទៀត?​

សាស្ត្រាចា​រ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា បង្ហាញជាទស្សនៈថា​ តាម​ប​រិប​ទ​នយោបាយ ការបោះឆ្នោតជាតិ​ឆ្នាំ២​០២៣ មានគណប​ក្សភ្លើងទៀន ​តែថាជាង៦០​ភាគរយគ្មា​​​ន​វត្តមាន​លោក កឹម សុខា និងលោក​ សម រង្ស៊ី ទេ ដោយ​ថា បក្សកា​ន់អំ​ណា​ចនឹង​ស​ម្រេច​បុព្វ​ហេតុគណបក្ស ដើម្បីផ្ទេរតំណែងទៅម​​នុ​​ស្ស​​ជំ​នា​ន់ក្រោយ ច្រើនជាងប្តេជ្ញា​ចិត្តរៀបចំ​ការបោះ​ឆ្នោ​តឱ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ តា​មកា​​​រទាមទាររប​ស់ស​ហគមន៍ជា​តិនិងអន្តរ​ជាតិ។

លោកថា៖ «គណបក្សកាន់អំណាចហ្នឹងត្រៀមទទួលយកសម្ពាធឬក៏ទណ្ឌកម្មផ្សេ​ងៗហ្នឹងអស់​ហើយ ទោះ​​បីដាក់ស្អីក៏ដោយទៅ នឹងមិនអនុញ្ញាតទេ ដើម្បីរក្សានូ​វស្ថិរភា​ពនយោ​បាយ​របស់គ​ណប​ក្ស មិនមែនន​យោ​បាយរបស់ជាតិទេ? ដើម្បីផ្ទេ​រអំណាចពី​អ្នកជំនា​ន់មុន​ទៅអ្នក​ជំនា​ន់ក្រោ​យឱ្យមានស្ថិរភាព»។

យ៉ាងណា លោកយល់ថា បរិបទនេះនឹងជំរុញឱ្យមានវិធា​​​​នការជាលក្ខណៈបុគ្គលពីសហរដ្ឋអាមេរិក ដែលអាចប៉ះពាល់ដល់ឥស្សរជននយោបាយ អ្នកជំនួញរបស់ក្រុមគ្រួ​សារ​មន្ត្រី​ជា​ន់ខ្ពស់ដែលបានក្ដោបក្ដាប់ក្រុមហ៊ុនធំៗរាប់សិបកន្លែងនោះ។

លោកថា៖ «បើសិនជាមិនមានអីប្រែប្រួល ឬក៏ផ្លាស់ប្ដូរហ្នឹ​ង អ៊ីចឹងសេដ្ឋកិ​ច្ចទាំងមូលប៉ះហើ​យ​ ទោះ​បីតិចឬច្រើ​​​​​ន​ ទោះបីដាក់ទណ្ឌកម្មជាលក្ខណៈបុគ្គលក៏ប៉ះដែរ ព្រោះបុគ្គលមួយៗ​សុទ្ធតែ​មា​នក្រុមហ៊ុននៅក្នុងដៃច្រើ​ន»។

អង្គការការពារបរិស្ថានអន្តរជាតិ Global Wit​n​ess ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានចេញរបាយការណ៍ស៊ើ​បអ​​ង្កេត​មួយ អំឡុងខែកក្កដា ឆ្នាំ២០១៦ ​​ដាក់ចំណ​ងជើ​ងថា ​«អា​​ណា​ចក្រជំនួញ​ត្រកូ​ល​​​​ហ៊ុ​ន» ​នោះ បា​ន​សម្អា​ងថា​ ​គ្រួសារ​​លោ​កនាយករ​ដ្ឋមន្ត្រី​​ ហ៊ុ​ន សែន​ ​បាន​​​កសា​​ង​​​​អា​ណាចក្រ​​ជំ​នួញ​របស់​ខ្លួ​ន ​ប្រ​​​មែ​​​​​ប្រ​មូល​ទ្រ​​ព្យ​ធន​ច្រើន​សន្ធឹក​សន្ធាប់ ​ដាក់​​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុ​​ន​ក្នុង​ស្រុក​យ៉ាង​ហោច​ណា​ស់​​​ចំ​នួន១​​១៤ មា​នទាំ​ងក្រុ​មហ៊ុន​​ថាមពល ​ក្រុមហ៊ុន​ទូរ​​គមនា​គមន៍​ ​​ក្រុមហ៊ុ​ន​​រុក​រក​​រ៉ែ​ និង​​ក្រុមហ៊ុន​​ពាណិ​ជ្ជ​កម្ម​​ ​ដែល​​​ភា​​គ​ច្រើន​​ក្នុ​ង​​វិស័​​យ​សំ​ខាន់ៗរបស់​​កម្ពុជា​។

​​អ្នកស្រាវជ្រា​វផ្នែកភូមិ​សាស្ត្រ​នយោបាយ ​លោ​ក វណ្ណ​ ប៊ុ​នណា​ មើ​លឃើ​ញថា កា​រប្រើប្រាស់យន្តការរ​បស់សហ​រដ្ឋ​​​អា​មេរិកកន្លងទៅ ពិបាកនឹងធ្វើឱ្យមេដឹកនាំបក្សប្រឆាំង លោ​ក សម រង្ស៊ី និងលោក កឹម សុខា អាចចូលរួម​​ប្រកួតក្នុ​ងឆា​កនយោបា​យឡើងវិញ​បានណាស់ ខណៈពេលនេះបក្សកាន់អំណាច កំពុងពង្រឹងយន្តការផ្ទេរអំណាចដល់មនុស្សជំនាន់ថ្មីនោះ។

លោកយល់ថា សហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់ច្បាប់នេះដាក់ទណ្ឌកម្មមន្ត្រីមួយចំនួនដែល​នៅ​ជុំវិញរដ្ឋាភិបាលបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការមិនស្តារស្ថានភាពនយោ​បា​យឱ្យប្រសើរ។

ប៉ុន្តែ​លោកគិតថា ជម្រើសនេះនឹងមិនកើតឡើងភ្លាមៗទេ ដោយសារពេលនេះ​បញ្ហាពិភ​ពលោ​កបានកើតច្រើ​ន ដូចជា សង្គ្រាមនៅអ៊ុយក្រែន បញ្ហានៅភូមា និងតៃវ៉ាន់ ជាដើម ធ្វើឱ្យ​យុទ្ធ​សាស្ត្រក្នុងការផ្ដោតអារម្មណ៍ម​ក​លើកម្ពុជាពីសំណាក់សហរដ្ឋអាមេរិកមានតិច បើធៀ​បនឹង​សម័យមុន ដែលការណ៍នេះ អាមេរិក​ត្រូវតែចាប់យ​កផលប្រយោ​ជន៍សន្តិសុខនិ​ងសេ​ដ្ឋកិ​ច្ច​ជាចម្បង ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាមិនសូវអើពើទៅនឹងការគំរាមរ​បស់​​​លោ​កសេរីទេ ដោយ​ស​ម្អា​ងមានប្រទេសចិនជាបង្អែក។

លោកថា៖ «ច្បាប់នេះ មែនទែនទៅ ជាសញ្ញាដាក់ឱ្យមន្ត្រីក្នុងជួររដ្ឋាភិបាល ជាពិសេសមន្ត្រីក្នុង​ជួរបក្សប្រជា​ជ​​​ន​​ហ្នឹ​ង គាត់អាចប៉ះទង្គិចគ្នាជាផលប្រយោជន៍ កាលណាប៉ះ​ផលប្រយោជ​ន៍ វាមា​នភា​ពរកាំរ​កូសផ្ទៃក្នុងផ​ងដែរ ប៉ុន្តែប្រយោជន៍អស់នេះ គាត់បានទទួលប្រយោជន៍ពីចិនផង តាមរយៈការរកស៊ីជាមួយក្រុមហ៊ុនចិ​​ន​ធំ​ៗនៅកម្ពុជាច្រើន ដែលចិនជះ​លុយទាំងដំ​ៗ ដែល​ធ្វើឱ្យគា​ត់មានលទ្ធភាពស្តារទ្រព្យសម្បត្តិគាត់ឡើងវិញ»។

នាយកប្រតិ​បត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា វត្តមា​នមេ​​បក្សប្រឆាំងក្នុងទីលានប្រកួតការបោះឆ្នោតជាតិឆ្នាំ២០២៣ ស្ថិតក្នុងភាពមិ​នច្បាស់លាស់ ដោ​យសា​រតែបក្សកា​ន់​អំ​ណាចដឹងមុនថា ល្បែងចាស់នោះជាការគំរាមកំហែងដល់អំ​ណា​ចរ​ប​ស់ខ្លួន។

តែយ៉ា​ង​ណា លោកបារម្ភថា បើគ្មានអ្វីប្រែប្រួលទេ បរិបទនយោ​បាយនេះនឹង​បង្កហានិភ័យ​ដល់​វិស័​យកា​រងារ វិ​​​ស័យកាត់ដេរ និងពលរដ្ឋដែលមានប្រាក់ចំណូលទាប។

លោកថា៖ «ប្រសិនបើ EU ដកប្រព័ន្ធអនុគ្រោះពន្ធ១០០ភាគរយ ហើយអាមេរិកប្រកាសថាមិនបន្ត GSP ហ្នឹ​ង​ជា​​ផ្លូវការ អាចនឹងធ្វើឱ្យវិនិយោគទុននៅស្រុកខ្មែរ អាចនឹងត្រូវបិទ អាចនឹ​ងធ្វើឱ្យ​មនុ​ស្សជាង១លាននាក់បា​​ត់បង់ការងារ […] បើប្រជាព​លរដ្ឋអ​ត់ការងារ​ធ្វើ គា​ត់មិន​ត្រូ​វជារឿងមួ​យមា​នវិបត្តិនៅក្នុងសង្គមបាត់ហើ​យ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ