សង្គមស៊ីវិលយល់ថាលក្ខខណ្ឌ EBA របស់អឺរ៉ុបជំរុញប្រជាធិបតេយ្យនៅកម្ពុជា

ចូសិប បូររែល ហ្វុនតេលលេស (Josep Borrll Fontelles) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញនយោបាយ បង្ហាញការយល់ឃើញថា លក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុប ជាការជំរុញរបត់នយោបាយឱ្យដើរ​លើគន្លងប្រជាធិបតេយ្យ ដូច​មាន​ចែង​ក្នុងកិ​ច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា មិនមែនរំលោភបំពានអធិប​តេយ្យ​កម្ពុជានោះទេ។

ការលើកឡើង​នេះ បន្ទាប់​ពីរដ្ឋាភិបាល​បញ្ជាក់ជំហរជាថ្មីទៀតនៅថ្ងៃព្រហស្បតិ៍នេះ​ថា កម្ពុជានឹងមិនយកអធិបតេយ្យរបស់​ជាតិទៅដោះដូរនឹងជំនួយ​អនុគ្រោះពន្ធណាមួយនោះឡើយ។

នេះបើតាមការបញ្ជាក់​ពីលោក អ៊ាង​ សុផល្លែត ជំនួយ​​ការ​​នាយក​រដ្ឋ​មន្ត្រី ដែល​បាន​ថ្លែង​ប្រាប់​​ក្រុម​អ្នក​សារព័ត៌​​មា​ន នៅថ្ងៃទី៤ ខែសីហានេះ ក្រោយ​ជំនួប​រវាងនាយករដ្ឋមន្ត្រីកម្ពុជា និង​លោក ចូសិប បូររែល ហ្វុនតេល​លេស (Josep Borrll Fontelles) តំ​​​ណា​​ង​ជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ​នយោ​បាយ និង​​ជាអនុប្រធានគណៈកម្មការអឺ​រ៉ុប នៅរាជធានីភ្នំពេញ ចំពេល​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​កម្ពុជាជាប្រធានអាស៊ាន​ប្ដូរវេន។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើង​ថា លក្ខខណ្ឌ ​EBA មិន​បាន​បំពានលើ​អធិប​តេយ្យ​ភាព​កម្ពុជា​ទេ តែ​បាន​ភ្ជាប់​កាតព្វ​កិច្ច​រដ្ឋាភិ​បាលទៅនឹងគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញកម្ពុជា រួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សមួយចំនួនទៀត។

លោកយល់ថា ការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជា​អាចជាហេតុផលនយោបាយ ដើម្បីគេចចេញពីការទទួ​​ល​​ខុ​សត្រូវចំពោះមុខរដ្ឋធម្មនុញ្ញ និងប្រជាពលរដ្ឋកម្ពុជា។

លោកថា៖ «បើសិនប្រជាពលរដ្ឋមើលឃើញគណបក្សនយោបាយណាមួយមិនបានផ្តល់ប្រយោជន៍ដល់ប្រទេសជាតិ ​ទៅដល់ប្រជាពលរដ្ឋ អាហ្នឹងប្រជាពលរដ្ឋនឹងកាត់ទោសនៅពេលបោះឆ្នោត»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា ជាការកត់សម្គាល់ លក្ខខណ្ឌ(EB​A)រប​​ស់សហភាពអឺរ៉ុប មិនបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាកាត់ទឹកដី​ផ្នែក​ណា​មួយ​ជាថ្នូរ​នឹង​ការ​រក្សា​ទុក​ប្រព័ន្ធអនុ​គ្រោះផ្នែក​ពាណិជ្ជកម្មនោះទេ តែថាលក្ខខណ្ឌនេះបានជំរុ​ញ​​​​ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដូចជាលក្ខខណ្ឌការងារ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជា​ដើម ពិសេ​​សជំរុញឱ្យការប្រកួតប្រជែងផ្នែក​នយោ​បាយមានភាពស្មោះត្រង់តាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា។

លោកបារម្ភថា បើរបត់នយោបាយធ្វើឱ្យបាត់បង់ប្រព័ន្ធ​អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះ  នោះបង្ហាញថា​ អ្នកនយោបាយបានជ្រើសរើសយកផលប្រយោជន៍ក្រុមខ្លួនធំជាងផលប្រយោជន៍ពលរដ្ឋជាម្ចាស់ឆ្នោត។

លោកថា៖ «ខ្ញុំដូចជាមើលមិនឃើញដូរអធិបតេយ្យអីទេ ជាបច្ចេកទេស! ប៉ុន្តែជារឿងនយោបាយនៅពីក្រោ​យ​​ខ្នង យើង​មិនយល់ទេ ពីព្រោះមានអីនៅពីក្រោយ យើងមិនដឹង»។

យ៉ាង​ណា លោកគិតថា បើរដ្ឋាភិបាលធ្វើឱ្យបាត់បង់​ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនេះ ហើយ​មិនអាចរកទីផ្សារការងារមកជំនួសបាន ពេលនោះបន្ទុកនឹងធ្លាក់ទៅលើរដ្ឋាភិបាលវិញ។

អំឡុងខែឧសភា ឆ្នាំ២០២២ សភា​អឺរ៉ុបព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ​ទាំង​ស្រុង​​ក្រោយ​ការបោះឆ្នោតជាតិ២០២៣ បើ​ការបោះឆ្នោតនោះមិនមានគណបក្សប្រឆាំងដែលគួរឱ្យទុកចិត្តចូលរួមប្រកួត ដើម្បីធានាឱ្យបោះឆ្នោតនោះមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមគន្លងប្រជាធិបតេយ្យនោះ។

ប្រធាន​ក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រី សំដៅ​ការ​មិនជ្រៀតជ្រែកកិច្ចការតុលាការ ដើម្បីធានាស្ថិរភាពនយោបាយ។

លោកថា៖ «យើងមានរបៀបចាត់ចែងការពារ ធ្វើឱ្យដំណើរសិទ្ធិមនុស្សហ្នឹងដំណើរទៅ ទី១ គោរពនូវសន្តិសុខជាតិ ទី២ គោរពនូវស្ថិរភាពនយោបាយ ទី៣ អ្វីដែលហៅថាសន្តិភាពនេះឯង»។

ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល​នេះ ស្របពេលដែលគណបក្សសង្គ្រោះជាតិ​ដែលតុលាការបានរំលាយ​នៅចុងឆ្នាំ២០១៧នោះ មានអ្នកគាំទ្រជិត​៥០ភាគរយ។

ចំណែកមេដឹកនាំគណបក្ស​នេះ គឺ​លោក កឹម សុខា និងលោក សម រង្ស៊ី ជាដើម កំពុងជាប់បណ្តឹងនៅតុលា​ការ ហើយបច្ចុប្បន្នពួកគេ​ត្រូវបាន​តុលាការហាមធ្វើនយោបាយនៅឡើយ ខណៈកម្ពុជាគ្រោងរៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅឆ្នាំក្រោយនេះ។

សម្រាប់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា ការជំរុញរបស់សហភាពអឺរ៉ុប ជាការចង់ឱ្យកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យពិតប្រាកដ ដូចមាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញកម្ពុជា និង​ច្បាប់​សកលមួយចំនួនទៀតដែលកម្ពុជាទទួលយកមកអនុវត្ត។

ប៉ុន្តែលោកថា ជាមុំនយោបាយវិញ រដ្ឋាភិបាលនឹងមិនលេងល្បែងនេះទៀតទេ ដោយបារម្ភពីភាពរង្គោះរង្គើអំណាច ពិសេស​យន្តការផ្ទេរអំណាចទៅមនុស្សជំនាន់​ថ្មីរបស់គណ​បក្សប្រជាជនកម្ពុជា ខណៈបញ្ហាសង្គម​មួយ​ចំនួន រដ្ឋាភិបាលនៅ​មិនទាន់មានលទ្ធភាពដោះស្រាយបាននៅឡើយនោះ។

លោកថា៖ «បើកាលណា​បើកលំហសេរីភាព​ បើកឱ្យពលរដ្ឋមានសិទ្ធិរិះគន់ មានសិទ្ធិតវ៉ាច្រើនហ្នឹង គឺអាចប្រឈម​នឹង​ការរង្គោះរង្គើទៅដល់​ការកាន់អំណាចរបស់ខ្លួន»។

សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរ​យរួចហើយពីកម្ពុជា មុនកាលកំណត់ ក្រោមហេតុផលថា សិទ្ធិមនុស្ស សិទ្ធិនយោបាយ សិទ្ធិដីធ្លី និងសិទ្ធិការងារ រងការរំលោភជាប្រព័ន្ធ ក្រោយពីមានវិធានការរំលាយគណបក្សសង្គ្រោះជាតិដែលមានសំ​ឡេងឆ្នោតគាំទ្រជាង៤៣ភាគរយ ប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាចដែរនោះ។

ក្នុងសេចក្តីសម្រេចពេលនោះ សហភាពអឺរ៉ុបបន្តជំរុញឱ្យ៖ «អាជ្ញាធរកម្ពុជាគួរចាត់វិធានការ ដើ​ម្បី​​​​ស្តារសេរីភាពនយោបាយនៅក្នុងប្រទេសនេះ បង្កើតឡើងវិញនូវលក្ខខណ្ឌចាំបាច់សម្រាប់បក្សប្រ​​ឆាំ​ង​ដែ​​ល​អាច​ជឿទុកចិត្តបាន និងតាមបែបប្រជាធិបតេយ្យ និងដើម្បីចាប់ផ្តើមដំណើរការផ្សះផ្សាជាតិ តា​ម​​រ​យៈ​ការសន្ទនារួម​ និងពិតប្រាកដ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ