តុលាការ​ផ្ដន្ទាទោស​អតីត​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​ឱ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ ពាក់ព័ន្ធ​ករណី​ទន្ទ្រាន​ដីព្រៃ​លិចទឹក

​​អតីត​​​ស្នងការរងនគរបាលខេត្តកំពង់​ឆ្នាំង លោក ស៊ុំ សុជាតិ (ម៉ាស់ពណ៌ផ្ទៃមេឃ) ចេញពីរថយន្តពន្ធនាគារចូលទៅសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

សាលា​​ដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ​ បាន​ផ្ដន្ទាទោស​​អតីត​​ស្នង​​ការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​​ម្នាក់ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល៤ឆ្នាំ​ ពី​បទ ​ទន្រ្ទាន​ព្រៃ​លិច​ទឹក​ដោយ​ខុស​ច្បាប់​ជុំវិញ​បឹង​ទន្លេសាប​ចន្លោះ​ឆ្នាំ២០១១ ដល់ឆ្នាំ​២០២១។

លោកចៅក្រម លិ សុខា បាន​ប្រកាស​សាល​ក្រម​ផ្ដន្ទាទោស​​អតីត​​​ស្នងការរងនគរបាលខេត្តកំពង់​ឆ្នាំង លោក ស៊ុំ សុជាតិ អាយុ៥២ឆ្នាំ ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥០លាន​រៀល (ស្មើប្រមាណ១២ ៥០០ដុល្លារ)។

លោក​​ចៅ​ក្រម សុខា ក៏​បាន​សម្រេចឱ្យ​មានការ​​រឹបអូស​យក​​ប្រាក់​​ចំនួន៥០៨ ៩៨៨ដុល្លារ ​ពី​​លោក សុជាតិ ផងដែរ។ លោក​ចៅក្រមមានប្រសាសន៍​ថា លោក​ សុជាតិ មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍។

លោក សុជាតិ ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ «បំផ្លិច​បំផ្លាញ ការគៃបន្លំ ការទន្ទ្រាន​កាន់កាប់​ព្រៃ​លិច​ទឹក​ដោយ​ខុស​ច្បាប់ ការមិន​ប្រកាស​ទ្រព្យសម្បត្តិ និងបំណុល និង​ការ​សម្អាតប្រាក់» ​តាម​ក្រម​ព្រហ្មទណ្ឌនៃ​ច្បាប់ស្តីពី​ជលផល ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ និង​ច្បាប់​ប្រឆាំង​ការ​សម្អាតប្រាក់។

ការ​ចាប់​​ខ្លួ​ន​​លោក សុជាតិ ត្រូវបានធ្វើ​ឡើងជាផ្នែកមួយនៃ​​ការ​បង្ក្រាប​​ការ​ទន្ទ្រាន​ព្រៃ​លិច​ទឹក​បឹង​​ទន្លេសាប​​ កាល​ពី​ចុង​ឆ្នាំ​មុន។

ភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា មានការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនៅក្នុងតំបន់អភិរក្ស កងរាជអាវុធហត្ថ និងមន្ត្រីខេត្តបានបើកប្រតិបត្តិការដណ្ដើមយកមកវិញនូវផ្ទៃដីរាប់ម៉ឺនហិកតា។

នៅ​ពេល​​នោះ លោក សុជាតិ បាន​ប្រគល់ផ្ទៃ​ដី​ចំនួន៦៧៥ហិកតា​មកឱ្យ​រដ្ឋ​វិញ។ ទោះយ៉ាងណា លោក​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ទន្ទ្រាន​យក​ដី។

លោក ចាន់ សុជាតិ ដែលជាមេធាវីការពារក្ដីឱ្យ​លោក ស៊ុំ សុជាតិ មានប្រសាសន៍ថា កូន​ក្ដីរបស់​លោក​បាន​កាន់​កាប់​ផ្ទៃ​ដី​ទាំងនេះមែន ប៉ុន្តែគាត់បានប្រគល់ដីនោះ​មកឱ្យរដ្ឋវិញហើយ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស។

លោកថា៖ «ខ្ញុំគិតថា តុលាការគួរតែផ្ដល់ឱ្យគាត់នូវស្ថានសម្រាល​ទោស»។

លោកបន្ថែមទៀតថា លោកនឹងពិភាក្សាអំពីការប្ដឹងឧទ្ធរណ៍ជាមួយកូនក្តីរបស់លោក។

មន្ត្រី​នគរបាល​ខេត្ត​កំពង់ឆ្នាំង​​ម្នាក់​​ទៀត គឺ​លោក កែវ ណារុន ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​តំណាល​គ្នា​​នឹង​​លោក សុជាតិ ដែរ។ ទោះបីយ៉ាងណា អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទ​ឌឿន ដែល​ត្រូវបានចោទប្រកាន់ថាបានរំលោភយកដីជាង២ ០០០ហិកតាជុំវិញ​បឹងទន្លេ​សាប ហាក់​ដូច​ជា​គេចវេះពីការកាត់ទោស នៅពេលដែលអង្គភាពប្រឆាំងអំពើពុករលួយបានបិទសំណុំរឿងរបស់ខ្លួន​​ប្រឆាំងនឹងរូបលោកកាលពីខែមុន៕


បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Four Years in Jail for Police Official Who Grabbed Tonle Sap Forests

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ