រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ពិភាក្សា​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​ជាមួយ​អគ្គស្នងការ​នគរបាលជាតិ​កម្ពុជា

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី RETNO L.P MARSUDI រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេ​​ស៊ី បានពិភាក្សាអំពីករណី​ប្រតិបត្តិការឆបោក​​ដែល​​ពលរដ្ឋ​ឥណ្ឌូនេស៊ីបាន​​ចាញ់​បោក នៅក្នុង​​ជំនួប​​ជាមួយ​អគ្គស្នងការនគរបាលជាតិកម្ពុជា ហើយ​ក៏បានជួបជាមួយ​ពលរដ្ឋឥណ្ឌូនេស៊ីរាប់សិបនាក់​ដែលត្រូវបានជួយសង្គ្រោះពីទីតាំងឆបោកក្នុងខេត្តព្រះសីហនុ​ផង​ដែរ។

លោកស្រី រីត​ណូ ម៉ា​ស៊ូ​ឌី (Retno Marsudi) រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូនេ​ស៊ី កំពុង​​នៅ​​កម្ពុជា ដើម្បី​ចូល​​រួ​ម​​កិច្ច​​ប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ាន​ក្នុង​សប្ដាហ៍​នេះ។

បើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គម លោកស្រីបានជួបជាមួយអគ្គស្នងការនគរ​បាល​ជាតិ លោក នេត សាវឿន កាល​ពីថ្ងៃអង្គារ និងបានពិភាក្សាអំពីការបង្ខាំងពលរដ្ឋឥណ្ឌូនេស៊ីក្នុង​ប្រតិបត្តិការ​ឆបោកដែលកំពុងមានការកើនឡើងទូទាំងប្រទេស រហូតដល់ក្លាយជាមជ្ឈ​មណ្ឌល​នៃ​ការ​ជួញ​ដូរមនុស្ស ពលកម្មដោយបង្ខំ និងការធ្វើទារុណកម្ម។

បើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់ក្រសួងការបរទេសឥណ្ឌូនេស៊ី បានឱ្យ​ដឹង​​ថា៖ «មានកិច្ចពិភាក្សាដ៏រលូនជាមួយអគ្គស្នងការនគរបាលជាតិ នៅរាជធានីភ្នំពេញ។ យើងបានពិភាក្សាអំពីកិច្ចសហប្រតិ​បត្តិ​ការក្នុងការ​ដោះស្រាយបញ្ហាការជួញដូរ​ពលរដ្ឋឥណ្ឌូនេស៊ី ដោយក្រុមហ៊ុនឆបោកតាមអ៊ីនធឺណិត និងវិធានការទប់ស្កាត់ការជួញដូរមនុស្ស»។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌូនេស៊ី បានចង្អុលបង្ហាញថា ករណី​ទាំង​នេះបាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០២១ ហើយ​ថា​ ភាគីទាំង២ បានពិភាក្សាអំពីប្រតិបត្តិការរួមគ្នានាពេល​អនាគត និងយន្តការដើម្បីជួយជនរងគ្រោះ។

លោកស្រីក៏បានជួបជាមួយពលរដ្ឋឥណ្ឌូនេស៊ីចំនួន៦២នាក់ដែលជាជនរងគ្រោះពី «អំពើឆបោក និងការជួញដូរ» និងត្រូវបានជួយសង្គ្រោះពីប្រតិបត្តិការឆបោកនៅខេត្តព្រះសីហនុ។

ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំនៅកម្ពុជា ​មិន​បាន​ផ្ដល់​ការឆ្លើយតប​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិ​ប្បាយ​ចំពោះ​ករណីនេះ​ឡើយ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា លោក នេត សាវឿន និងលោកស្រី រីតណូ ម៉ាស៊ូឌី (Retno Marsudi) បាន​ពិភាក្សាអំ​ពី​ការ​ចែក​រំលែក​ព័ត៌​មាន និង​ការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២ ខែសីហា។

លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពីពលរដ្ឋឥណ្ឌូនេស៊ី ៦២នាក់ ​ដែល​​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាល​​​ពី​​សប្តាហ៍​​មុន​​នោះ​​ទេ ដោយ​លោក​​គ្រាន់​​តែ​​និយាយ​ថា ​ពួក​គេ​កំពុង​ត្រូវបានរៀបចំបញ្ជូន​ទៅ​​ស្ថាន​ទូត ហើយ​វា​​ជា​បញ្ហា​ផ្ទៃ​ក្នុង​ដែល​ត្រូវ​បាន​ដោះស្រាយ​ដោយ​អ្នក​ជំនាញ។

លោក​​ថា នគរបាល​ក៏​បាន​ទទួល​សំណើ​ស្រដៀង​គ្នា​នេះ​​ពី​ប្រទេស​ផ្សេង​ទៀត​ឱ្យ​ជួយ​​បង្ក្រាប​បទ​​ល្មើស​​ឆ្លង​​ដែន ហើយថា​កម្ពុជា​ក៏​បាន​ប្រើ​បណ្ដាញ​ស្រដៀង​គ្នា​នេះ​ ដើម្បី​ជួយ​​ពលរដ្ឋ​​ខ្មែរ​នៅ​​ក្រៅ​​ប្រទេស។

លោកបន្តថា៖ «យើង​ត្រូវតែ​ឆ្លើយ​តប ព្រោះយើងមានគោលដៅដូចគ្នា។ កងកម្លាំងអនុវត្តច្បាប់ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ»។

លោក ឆាយ គឹមឃឿន បាន​ថ្លែង​ទៀត​ថា នគរបាលកំពុង​ព្យាយាម​អស់​ពី​សមត្ថភាព ដើម្បី​ការពារ​ពលករ​បរទេស និង​ទប់ស្កាត់ការងារដោយបង្ខំលើ​ពលរដ្ឋមិន​មែន​ជា​និវាសនជន​ទាំង​អស់​ដែលកំពុង​ធ្វើ​ការ​នៅក្នុង​ប្រទេសកម្ពុជា។

មន្ត្រីនគរបាលកម្ពុជា បាននិយាយសម្រាលចំពោះការរំលោភបំពានដែលត្រូវបានរាយការណ៍នៅក្នុងប្រតិបត្តិការឆបោកក្នុងប្រទេស រួមទាំងការកាត់បន្ថយពលកម្មដោយបង្ខំ និងការបង្ខាំងដោយសារកិច្ចសន្យា ឬវិវាទការងារ៕


បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Indonesian Foreign Minister Talks Scam Compounds With Police Chief

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ