កម្មករ​រោងចក្រ ជីងសឹង តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារ ក្រោយ​បញ្ឈប់​ដោយ​គ្មាន​មូលហេតុ

កម្មករ​ប្រមាណ៤០នាក់ ធ្វើការ​នៅ​រោងចក្រ ជីនសឹង ស្ថិត​​ក្នុង​ភូមិក្រាំងស្វាយ ឃុំព្រែកកំពឹស សង្កាត់ដង្កោ រាជធានីភ្នំពេញ​ បាន​​នាំ​គ្នាប្រ​មូល​​ផ្ដុំតវ៉ា​នៅ​មុខ​រោងចក្រ ទាម​ទារ​ការ​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ទៅតា​ម​ច្បាប់​​ ក្រោយ​រោងចក្រ​បាន​បញ្ឈប់​​​កម្មករ​ដោយពុំប្រាប់​ពីមូលហេតុនិង​ផ្ដល់ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ដល់​កម្មករ​ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ ​(ហ៊ាន រង្សី)

កម្មករ​ប្រមាណ៤០នាក់ ធ្វើការ​នៅ​រោងចក្រ ជីងសឹង ស្ថិត​​ក្នុង​ភូមិក្រាំងស្វាយ ឃុំព្រែកកំពឹស សង្កាត់ដង្កោ រាជធានីភ្នំពេញ​ បាន​​នាំ​គ្នាប្រ​មូល​​ផ្ដុំតវ៉ា​នៅ​មុខ​រោងចក្រ នៅថ្ងៃ​ព្រហស្បតិ៍នេះ ដើម្បី​​ទាម​ទារ​ឱ្យ​​​ក្រសួង​ពាក់ព័ន្ធ និង​​ថៅកែរោងចក្រ ​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ទៅតា​ម​ច្បាប់​​ ក្រោយ​រោងចក្រ​បាន​បញ្ឈប់​​​កម្មករ​ដោយពុំប្រាប់​ពីមូលហេតុនិង​ផ្ដល់ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ដល់​កម្មករ​។​

អ្នកស្រី នុត ផល្លី អះអាងថាបាន​ធ្វើការនៅរោងចក្រ ជីងសឹង រយៈពេល៣ឆ្នាំមកហើយ បានឱ្យ​ដឹងថា ថ្មីៗនេះ ក្រោយពីមានការ​ស្នើសុំបង្កើតសហជីពនៅក្នុងរោងចក្រ តែថៅកែមិនព្រម​មក ភាគី​​រោង​ចក្រ​​បាន​បញ្ឈប់​កម្មករ​​ជាបន្តបន្ទាប់ដោយពុំប្រាប់ពីមូលហេតុនោះទេ ហើយ​ក៏មិនទាន់បើកប្រាក់ឈ្នួលចុងក្រោយ (ខែកក្កដា) នៅឡើយដែរ។

ករណីនេះ អ្នកស្រីបានទាមទារឱ្យខាង​រោងចក្រដោះស្រាយជូនកម្មករទៅតាមច្បាប់ស្ដីពី​ការ​ងារ បើ​ទោះ​​ថៅកែរោងចក្រមិនទទួលយកពួកគេវិញក៏ដោយ។

អ្នកស្រីថា៖ «ចង់ឱ្យពួកគាត់ដោះស្រាយទៅតាមច្បាប់ការងារ។ ខាងរោងចក្រ បើគាត់ឱ្យធ្វើការវិញក៏ធ្វើ! បើអត់ធ្វើ បញ្ឈប់ពួកខ្ញុំ ត្រូវគិតទៅតាមច្បាប់ការងារ ពួកខ្ញុំធ្វើការបានប៉ុន្មាន​ឆ្នាំ គិតឱ្យប៉ុណ្ណឹងមក»។

បើតាមអ្នកស្រី នុត ផល្លី ដំបូងឡើយ កម្មករដែលធ្វើការនៅរោងចក្រ​បោកកក់ និងជ្រលក់ពណ៌ក្រណាត់ ជីងសឹង​ នេះ មានចំនួនជាង៥០នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់ជាង៤០នាក់ប៉ុណ្ណោះ ដោយសារ​ថៅកែបានបញ្ឈប់ពួកគេពីការងារ។ អ្នកស្រីបន្តថា កម្មករនៅរោងចក្រ​នេះមានអតីតភាពការងារចន្លោះពី៣ឆ្នាំដល់១០ឆ្នាំ។

កម្មករម្នាក់ទៀត លោក ផេង ពៅ បម្រើ​ការ​ងារ​នៅ​រោង​ចក្រ​ ជីង​សឹង អស់រយៈពេល​៤ឆ្នាំមក​ហើយ​​ និយាយ​ថា ករណី​ថៅ​កែបញ្ឈប់​កម្មករ​ជា​បន្ត​បន្ទាប់​នេះ គឺ​មាន​ចេតនា​រើស​អើង​សហជីព ខណៈរោង​ចក្រនេះ​ដំណើរ​ការអាជីវកម្ម ដោយ​បាន​គាប​សង្កត់​កម្មករ និង​មិនគោរពច្បាប់ស្តីពីការងារ។ លោកថា ថៅកែបានបញ្ឈប់ពួកគាត់ពីការងារ ហើយបានប្រកាសជ្រើសរើសកម្មករ​ថ្មីឱ្យចូលបម្រើការងារវិញ។

បើតាមលោក ផេង ពៅ ករណីថៅកែបញ្ឈប់ពួកគាត់ពីការងារនេះ គឺមិនបានជូនដំណឹងត្រឹមត្រូវទៅតាមច្បា​ប់ស្តីពីការងារឡើយ។

លោកបន្ថែម​ថា៖ «ពេលដែល​ដូរ​ប្រធាន​រោង​ចក្រ​មក​ថ្មី​ហ្នឹង គឺ​គាត់​បាន​គាប​សង្កត់​មក​លើ​កម្មករ គាត់ប្រើកម្មករដោយស្រែក​សម្លុត​មក​លើ​កម្មករ សូម្បីតែប្រធានក៏គាត់ប្រើដោយមិនដឹងខ្យល់អីទាំងអស់។ គាត់អត់មានគោរពច្បាប់ស្ដីពីការងារទេ។ ដល់ពេលយើងនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ គេបញ្ឈប់ពួកយើងម្តង៤នាក់ ម្តង៥នាក់ ហើយពេលខាងសហជីពយក​ឯកសារបង្កើត​សហជីពដាក់​ជូន គាត់មិនទទួលទេ»

ប្រធានរដ្ឋបាលរោងចក្រ ជីង សឹង លោក សុខ ពិសី ប្រាប់វីអូឌីថា រោងចក្រ​ព្យួរការ​ងារ​កម្មករ គឺ​មិន​បាន​បញ្ឈប់​កម្មករ​នោះទេ។ លោកថា ការព្យួរការងារកម្មករនេះ ដោយសាររោងចក្រអស់​អីវ៉ាន់​សម្រាប់​ឱ្យ​កម្មករ​ធ្វើ ហើយថា ខាង​រោងចក្រក៏បានជូនដំណឹងទៅក្រសួងការងារ អំពីមូលហេតុនៃការព្យួរការងារកម្មករនេះដែរ។

លោកបន្ថែមថា៖ «ខាងខ្ញុំអត់មានការងារឱ្យកម្មករធ្វើ អ៊ីចឹងហើយបានយើងព្យួរការងារពួកគាត់ ដោយសារខាងភ្ញៀវគេអត់មាន​អីវ៉ាន់​ឱ្យមកខាងយើងធ្វើដែរ។ អ៊ីចឹងអត់ដឹងថាកម្មករគាត់តវ៉ារឿងអីដែរ»

អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា​ នៃក្រសួងការងារ និងបណ្ដុះ​​បណ្ដាល​​វិជ្ជា​ជីវៈ​ លោក វង្ស សុវណ្ណ មានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងនេះនៅឡើយ ដោយសារលោកជាប់កាន់ករណីផ្សេង។ លោក​​បានបង្វែរឱ្យទៅសួរ​អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ វិញ។

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃព្រហស្បតិ៍​នេះ។

បើតាមកម្មករ ​នៅ​​ម៉ោង២រសៀល​នេះ តំណាងក្រសួងការងារ​បាន​ជួបជាមួយតំណាង​កម្មករ តំណាង​​​រោង​​ចក្រ ដើម្បីសម្របសម្រួល​រក​ដំណោះ​ស្រាយ។

ប្រធានសហព័ន្ធសហជីព​ឯករាជ្យ លោក រី សិទ្ធីណែត មានប្រសាសន៍ថា កន្លងមក មានថៅកែរោងចក្រជាច្រើនបានបញ្ឈប់​កម្មករ​ពី​ការងារ ដោយសារពួកគេចងក្រង​បង្កើតសហជីពនៅក្នុងសហគ្រាសដែលពួកគេបម្រើការងារ។ លោកថា ទង្វើ​នេះ​បានរំលោភច្បាប់និងសិទ្ធិកម្មករធ្ងន់ធ្ងរ ហើយមិនត្រូវបានខាងក្រសួងការងារមានវិធានការទៅលើថៅកែឡើយ។

លោកបន្ថែមថា៖ «ជាទូទៅ និយោជក​មិន​ចង់​ឱ្យមា​ន​សហជីព​នៅ​ក្នុង​រោងចក្រទេ ព្រោះកាលណាតែមានសហជីព គឺសហជីព​ គេត្រូវបណ្ដុះបណ្ដាលឱ្យគាត់ចេះច្បាប់ការងារ ច្បាប់សហជីព និង​អនុសញ្ញាអន្តរជាតិផ្សេងៗ។ កាលណាតែពួកគាត់ចេះច្បាប់សហជីពឬច្បាប់ការងារ មានន័យថា ថៅកែមិនអាចកេងប្រវ័ញ្ច​ ជិះ​ជាន់​ និងរំលោភសិទ្ធិរបស់ពួកគាត់កើតទៀតទេ»

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធ​​សហជីព​ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងថា មាន​​​រោង​​ចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប​១ ៤០៨នាក់ បាន​​រងគ្រោះ​ដោយ​ការ​បញ្ឈប់​ពី​ការ​ងារ បន្ទាប់ពី​ពួក​គេប្រើប្រាស់​សិទ្ធិ​ក្នុងការបង្កើតសហជីព​ក្នុង​សហគ្រាស និងគ្រឹះ​ស្ថាន​​​ដែលពួកគេកំពុង​ធ្វើការ ខណៈ​រោងចក្រខ្លះទៀតត្រូវបាន​​បិទ​​ទ្វារ ដោយសារ​ថៅកែមិន​បាន​ទូទាត់​​​ប្រាក់​​ជូន​កម្មករតាមច្បាប់ស្តីពីការងារ។

មួយ​ទៀត​​នោះ សហជីពថា សំណុំរឿងមួយចំនួន​​​ដែល​​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​បាន​ដោះ​ស្រាយ និង​សម្រេចឱ្យកម្មករ​ឈ្នះ​​ហើយ គឺមិនត្រូវបានថៅកែ ​អនុវត្តតាម​សេចក្ដី​​បង្គាប់​​របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ឡើយ ដែល​ករណីនេះ សហជីពចាត់ទុក​ថា ជា​ការរំលោភសិទ្ធិ​មនុស្ស​​ធ្ងន់​​ធ្ងរ និង​​ជា​​ការកេងប្រវ័ញ្ចកម្លាំងពលកម្ម​កម្មករ ដែលត្រូវបានហាមឃាត់​ដោយ​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ