ក្រសួង​ថា​ការអភិវឌ្ឍ​នៅ​តំបន់ភ្នំតាម៉ៅ​មិន​ប៉ះពាល់​សត្វព្រៃកម្រ ខណៈ​ព្រៃឈើ​នៅ​ទីនោះ​មិន​លូតលាស់​ល្អ

ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មបានអះអាងថា ការដែលរដ្ឋាភិបាល​សម្រេច​យកតំបន់ភ្នំតាម៉ៅសម្រាប់ធ្វើការ​អភិវឌ្ឍ ដោយសារតែតំបន់នោះ​នៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និង​​​​កៀក​តំបន់​ទេសចរណ៍​បាទី ខណៈតំបន់នោះពោរពេញដោយដីខ្សាច់ ព្រៃឈើ​មិនមានការលូតលាស់ល្អ និងពុំមានសត្វព្រៃសំខាន់ៗនោះទេ។

ការអះអាងរបស់រដ្ឋបាលព្រៃឈើ បានធ្វើឡើងក្រោយពីមាន​សាធារណជន​ជាច្រើនបង្ហាញ​ចម្ងល់​អំពី​​​ស្ថានភាពព្រៃឈើនៅភ្នំតាម៉ៅ ខណៈពួកគេមួយចំនួនបានប្រកាសពីការធ្វើពហិការ​មិន​ប្រើប្រាស់សេវាកម្ម និងផលិត​ផលរបស់ក្រុមហ៊ុនដែលវិនិយោគ ដែលធ្វើឱ្យ​បាត់បង់ព្រៃ​ឈើ​ និងជម្រកសត្វព្រៃនៅតំបន់ភ្នំតាម៉ៅ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានលើកឡើង​​​ថា តំបន់​ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្ដារព្រៃឈើមួយ ដែលមានដំណុះឈើដាំប្រភេទអាកាស្យា​ ប្រេងខ្យល់ និងឈើធម្មជាតិ ហើយ​តំបន់នេះពោរពេញទៅដោយ​ដីខ្សាច់ និងដំណុះឈើ​ដែលមិនមានការលូតលាស់ល្អ។

រដ្ឋបាលព្រៃឈើបន្តថា ករណីនេះហើយបានជារដ្ឋាភិបាលសម្រេច​យកតំបន់នេះសម្រាប់ធ្វើការ​អភិវឌ្ឍ មិនមែនជាការលក់ដូរនោះទេ ខណៈ​តំបន់នោះស្ថិត​នៅ​ក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។  

រដ្ឋបាលព្រៃឈើ បញ្ជាក់ថា៖ «ការអភិវឌ្ឍតំបន់នេះមិនមែនជាការលក់ដូរដូចការលើកឡើង​នោះទេ តែជាការ​ដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យាន​សួនសត្វ​ និងមជ្ឈ​មណ្ឌល​​សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយ​កែលម្អឧទ្យាន​សួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង»។

ប្រភពដដែលនេះបានបញ្ជាក់ទៀតថា តំបន់ភ្នំតាម៉ៅ ក៏ពុំមានសត្វព្រៃសំខាន់ៗជិតផុតពូជ និងសត្វកម្រ​នោះដែរ ខណៈតំបន់នេះតែងមានសត្វជ្រូកព្រៃមករំខានដល់ដំណាំប្រជាពលរដ្ឋ។ រដ្ឋបាលព្រៃឈើបន្តថា សត្វព្រៃដែលបានលើកឡើងកន្លងមក ជាសត្វព្រៃបានថែរក្សា​នៅ​ក្នុង​ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានសុវត្ថិភាព១០០ភាគរយ លើផ្ទៃដីហ៊ុមព័ទ្ធដោយរបង​ជិត​​ជាង៤០០ហិកតា ដែលករណីនេះ​មានន័យថា ការអភិវឌ្ឍនេះមិន​មាន​ការ​ប៉ះ​ពាល់ទាល់​តែសោះដល់ជម្រក​​សត្វព្រៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ