សកម្មជន​ចលនា​មាតា​ធម្មជាតិ ស្នើ​រដ្ឋាភិបាល​ដកហូត​គម្រោង​អភិវឌ្ឍន៍​នៅ​កោះកុងក្រៅ

ទិដ្ឋភាពថតពីលើអាកាសនៃតំបន់កោះកុងក្រៅ ដោយក្រុមមាតាធម្មជាតិ។ (Mother Nature Cambodia)

ក្រុម​យុវជនចលនា​មាតា​ធម្មជាតិ បានស្នើ​សា​ជាថ្មី​តាម​រយៈ​វីដេអូមួយទៅកាន់រដ្ឋាភិបាល​ ដើម្បីដកហូត​គម្រោងអភិវឌ្ឍន៍​នៅ​កោះកុងក្រៅ ក្នុងខេត្តកោះកុង ពីស​មាជិក​ព្រឹទ្ធិ​សភាមក​ពី​គណបក្សប្រជាជនកម្ពុជា គឺ​ឧកញ៉ា លី យ៉ុង​ផាត់។

ក្នុងឃ្លីប​វីដេអូដែលមានរយៈពេលជាង​២នាទីដែលបង្ហោះលើ​ទំព័រ​ហ្វេស​​ប៊ុក​​របស់​​ចលនា​មាតា​​ធម្មជាតិ​ នៅថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ២០២២នេះ សកម្ម​​ជន​បរិស្ថានចលនាមាតាធម្មជាតិ​ កញ្ញា ភួន កែវរស្មី​ បាន​លើក​ឡើង​​ថា ​«កោះ​កុងក្រៅ» ត្រូវ​បាន​​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុម​ហ៊ុន​​កោះ​កុង ​​SEZ ដែលជារបស់ឧកញ៉ា លី យ៉ុងផាត់ នៅថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០១៩​ ប៉ុន្តែ​ក្រុមហ៊ុន​មួយនេះមិនទាន់​​មានការ​អភិវឌ្ឍ​ណាមួយអស់រយៈពេលជាង១ឆ្នាំ​មក។ កញ្ញា​បន្តថា ការមិនទាន់​អភិវឌ្ឍជាង​១ឆ្នាំ​មក​នេះ គឺ​ផ្ទុយពីច្បាប់​ភូមិ​បាល​មាត្រា​៦២ ដែល​បានចែងថា ​រាល់ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច និង​​ខកខាន​មិន​បាន​ធ្វើ​អាជីវ​កម្មក្នុង​រយៈ​ពេល​១២​​ខែ​​នោះ នឹងត្រូវចាត់ទុកជាមោឃៈ។

ករណីនេះ កញ្ញាស្នើ​ថា៖ «ដូច្នេះ នាងខ្ញុំស្នើទៅរដ្ឋាភិបាល​ឱ្យដកសិទ្ធិ​អភិវឌ្ឍន៍​ពី​ក្រុមហ៊ុនកោះកុង SEZ ប្រគល់ឱ្យរដ្ឋគ្រប់គ្រង និងដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រវិញ។ ម៉្យាងវិញទៀត នាងខ្ញុំមានសំណួរទៅកាន់គណៈកម្មា​ធិការ​ត្រួតពិនិត្យការអភិវឌ្ឍកោះកុងក្រៅ ថាស្នាមដែលនាងខ្ញុំឃើញ​ក្នុងផ្កាយរណបនោះ​ ថា​ជាការកាប់បំផ្លាញព្រៃ​ឈើ​មែន​ឬ​ទេ ហើយគេកាប់វាក្នុងគោលបំណងអ្វី?»

សកម្ម​ជន​បរិស្ថានចលនាមាតាធម្មជាតិ​​​ម្នាក់​​ទៀត លោក លី ចាន់​ដារ៉ា​វុធ​ បានលើកឡើងថា ប្រសិន​បើរដ្ឋាភិបាល​នៅបន្តឱ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍនៅតំបន់កោះកុងក្រៅនោះ នឹងធ្វើឱ្យធនធានធម្មជាតិដ៏សម្បូរបែបនៅតំបន់​នោះបាត់បង់។

លោក​បន្តថា ហេតុផលមួយទៀតដែល​សកម្មជនបរិស្ថាន​ស្នើរដ្ឋាភិបាល​ដកហូត​ដីសម្បទាន​សេដ្ឋកិច្ច​ពីក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ វិញនោះ ​ដោយសារ​តែក្រុមហ៊ុន​របស់គាត់​ធ្លាប់មាន​ប្រវត្តិមិនល្អ​​​ពាក់ព័ន្ធ​នឹងការ​រំលោភ​​ដីធ្លីប្រជា​ពលរដ្ឋ​នៅខេត្តកំពង់ស្ពឺ​​ នៅពេលដែលក្រុមហ៊ុននោះ​អភិវឌ្ឍដាំដំណាំ​ស្ករអំពៅជាដើម។ ករណីនេះហើយដែលធ្វើឱ្យសកម្មជនបរិស្ថានរូបនេះបារម្ភខ្លាចគម្រោង​​​អភិវឌ្ឍ​ន៍របស់​ក្រុមហ៊ុនកោះកុង SEZ នៅតំបន់​កោះ​​កុង​​ក្រៅ នឹង​​បង្កផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់ធនធានធម្មជាតិនៅ​តំបន់នោះ។

លោក លី ចាន់​ដារ៉ា​វុធ​ និយាយ​ថា៖ «លោកឧកញ៉ា លី យ៉ុងផាត់ ហ្នឹង​គឺ​ជាមនុស្ស​មិន​ល្អ ​ជាពិសេសពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ពាក់ព័ន្ធ​នឹង​រឿង​ស្ករ​អំពៅ​ ការរកស៊ីដែលមិនសុចរិត ការរកស៊ីដែលគ្មានតម្លាភាព​ ហើយយើងសង្ស័យថា អាចពាក់ព័ន្ធនឹង​អំពើពុករលួយ​ចំពោះការផ្ដល់កោះឱ្យលោកឧកញ៉ា លី យ៉ុងផាត់ ហ្នឹង​»។

ទោះជាយ៉ាងណា សកម្មជនចលនាមាតាធម្មជាតិនៅពុំទាន់បានដឹងពីទំហំដីដែលរដ្ឋាភិបាល​​បាន​ផ្ដល់សិទ្ធិទៅ​ឱ្យ​ក្រុមហ៊ុនកោះកុង SEZ ធ្វើការ​អភិវឌ្ឍនៅតំបន់កោះកុងក្រៅនេះនៅឡើយទេ។

វីអូឌី មិនទាន់អាចសុំការឆ្លើយតប​ពីលោកឧកញ៉ា លី យ៉ុងផាត់ ​បានទេ ​នៅថ្ងៃព្រហស្បតិ៍នេះ​។

អភិបាល​ខេត្តកោះកុង និងជាសមាជិក​គណៈកម្មាធិការត្រួតពិនិត្យការអភិវឌ្ឍកោះកុង​ក្រៅ លោក​ស្រី មិថុនា ភូថង មាន​ប្រសាសន៍ថា ​គណៈកម្មា​ធិការ​​កំពុងសិក្សាពីគ​ម្រោង​​អភិវឌ្ឍន៍របស់ក្រុមហ៊ុនកោះកុង SEZ ទើប​​ក្រុមហ៊ុន​នៅ​មិនទាន់មានសកម្មភាពអភិវឌ្ឍន៍ណាមួយ​នៅ​តំបន់នេះនៅឡើយ​។ លោកស្រីបញ្ជាក់ថា ការយឺតយ៉ាវ​ក្នុង​ការ​ពិនិត្យទៅលើ​គម្រោង​អភិវឌ្ឍន៍នេះ ដោយសារតែមានការរាតត្បាតជំងឺកូវីដ-១៩នាពេលកន្លង​មក។

អភិបាលខេត្តរូប​នេះបន្តថា ​រដ្ឋបាលខេត្តកោះកុងមានតែជំរុញ​ឱ្យមានការអភិវឌ្ឍ​នៅតំបន់​កោះកុងក្រៅនេះ ដើម្បីឱ្យ​​​ប្រជាពល​រដ្ឋ​នៅមូលដ្ឋានមានមុខរបរ ហើយ​​ភ្ញៀវទេសចរ​អាច​​ចំណាយ​ថវិកា​តិច​សម្រាប់​ដំណើរកម្សាន្តនៅទីនោះ​ និង​​មាន​​​សុវត្ថិភាព ជាដើម។

លោកស្រី មិថុនា ភូថង ថ្លែង​​ថា៖ «រដ្ឋបាលខេត្តមានតែជំរុញ​​ឱ្យមានការអភិវឌ្ឍ​ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកមានការងារធ្វើ​ មានកន្លែងកម្សាន្តដែលតម្លៃថោកជាងមុន […] ជាជាង​ការអភិវឌ្ឍមិន​ត្រឹមត្រូវ​ អ្នកទៅលេងកម្សាន្ត​ក៏មិ​នមាន​ការពារ​»។

ចំណែកការចោទសួររបស់សកម្មជនបរិស្ថាន ថាតើ​មានការ​កាប់បំផ្លាញព្រៃឈើនៅតំបន់នោះដែរ​ឬទេ? អភិបាលខេត្ត​រូប​នេះឆ្លើយតបថា លោកស្រីក៏​នៅ​មិនទាន់ដឹងរឿងនេះដែរ។ តែយ៉ាងណា លោកស្រីនឹងធ្វើការសាកសួរ​ទៅ​មន្ត្រី​ក្រោម​ឱវាទ ព្រោះថា​តំបន់​កោះកុងក្រៅក៏​ជាតំបន់ការពារធនធាន​សមុទ្រ​​ផងដែរ។​

លោកស្រីថ្លែងថា​​៖ «ចាំ​មើល​ខ្ញុំឆែក​មើល!​ ខ្ញុំ​អត់​ទាន់​បាន​ព័ត៌មានពីមន្ទីរបរិស្ថាន ​មិន​ទាន់​ដឹង​ថា​កាប់​ទៅ​ប្រើក្នុ​ង​អីដែរ​ ព្រោះ​ទីនេះ​ត្រូវ​បាន​អភិរក្ស​ក្នុង​ធន​ធាន​សមុទ្រដែរ»។​

អ្នក​​សម្រប​សម្រួល​នៃ​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះ​កុង លោក ហួរ អ៊ីន បានស្នើ​រដ្ឋាភិបាល​ពិចារណាឡើង​វិញ​លើគ​ម្រោង​​អភិវឌ្ឍន៍​នេះ ព្រោះការអភិវឌ្ឍនេះ​អាច​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិនៅតំបន់​កោះកុង​ក្រៅ​ ខណៈកន្លងមក លោកសង្កេតឃើញ​មាន​កោះ​ជាច្រើន​​​បាន​បាត់បង់ធនធានធម្មជាតិ​ បន្ទាប់ពីការអភិវឌ្ឍ។

លោកថា៖ «​អ្វីដែលអាចមាន​ធនធានធម្មជាតិ មានភាពស្រស់ស្អាតខ្លាំងហើយ​ ទៅជាមានការអភិវឌ្ឍ​ទៅ​ វាបណ្ដាល​ឱ្យមានការប៉ះពាល់​ អាហ្នឹងគួរតែពិចារណាឡើងវិញ​»។

បើតាម​មន្ទី​រទេសចរណ៍ខេត្តកោះកុង កោះកុងក្រៅ គឺ​ជាកោះធំទី១​របស់ប្រទេសកម្ពុជា ដែល​មាន​ទំហំ​សរុប១០៣​គីឡូម៉ែត្រ​ការ៉េ ហើយក៏​ជា​កោះ​ខ្ពស់​ជាង​គេ​ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ។ ប្រភពដដែលបន្តថា កោះនេះ​ស្ថិត​ក្នុងភូមិ​ជ្រោយ​ប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ៣០គីឡូ​ម៉ែត្រ​ ពីក្រុងខេម​រភូមិន្ទ។ ​កោះនេះ​សម្បូរ​​ដោយសក្ដានុពលផ្នែកធនធានធម្មជាតិ និង​ជីវចម្រុះនៅបាតសមុទ្រ ព្រមទាំង​​មាន​ឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយដែលមានពណ៌ខៀវស្រងាត់។

កាលពីឆ្នាំ២០២០​ ក្រុមសង្គមស៊ីវិល​ និង​សហគមន៍​មួយចំនួន ​ក៏បានចេញសេចក្ដីថ្លែងការណ៍​មួយដោយ​បង្ហាញ​ពីការ​​ព្រួយ​បារម្ភ​​ជា​ខ្លាំង ​ក្រោយពេល​​​​រដ្ឋាភិបាល​បានផ្ដល់​សិទ្ធិ​អភិវឌ្ឍន៍​​កោះ​កុង​​ក្រៅ​​ទាំងមូលទៅ​ឱ្យក្រុមហ៊ុន​ «កោះ​កុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី​ (KOH KONG SEZ CO., LTD.)​»។ ពួកគេថា ការអភិវឌ្ឍនេះនឹង​​​អាច​ជា​ការ​គំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្មជាតិ​នៅលើ​កោះ និងជីវចម្រុះ​ក្នុងសមុទ្រ ​ការកាប់បំផ្លាញ​ព្រៃឈើ ​ការបរបាញ់​​សត្វ​ព្រៃ ​ការ​សាង​សង់​​អាគារ​លើឆ្នេរសមុទ្រ​ ការបង្ហូរ​ទឹកកខ្វក់​ចូលសមុទ្រ​ ការបាត់បង់​សោភ័ណ​ភាពធម្មជាតិ​នៃ​កោះ ​និងការ​បាត់បង់​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ