កូដករ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​ជាថ្មីទៀត ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​គោរព​លក្ខខណ្ឌ​ការងារ

កូដករណាហ្គាវើលដ៍បន្ត​ប្រមូល​ផ្ដុំគ្នា​ជា​ថ្មីទៀត​នៅ​ម្ដុំនា​គ​បាញ់​ទឹក ក្បែរ​ក្រុមហ៊ុន ដើម្បី​ទាមទារឱ្យរដ្ឋាភិបាលជំរុញ​ទៅក្រុមហ៊ុន​ពន្លឿនការ​ដោះស្រាយបញ្ចប់វិវាទការងារជូនពួកគេ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កូដករណាហ្គាវើលដ៍មួយចំនួន នៅថ្ងៃព្រហស្បតិ៍នេះ បន្ត​ប្រមូល​ផ្ដុំគ្នា​ជា​ថ្មីទៀត​នៅ​ម្ដុំនា​គ​បាញ់​ទឹក ក្បែរ​ក្រុមហ៊ុន ដើម្បី​ទាមទារឱ្យរដ្ឋាភិបាលជំរុញ​ទៅក្រុមហ៊ុន​ពន្លឿនការ​ដោះស្រាយបញ្ចប់វិវាទការងារជូនពួកគេ ខណៈជម្លោះនេះ​បានអូសបន្លាយពេលជាងមួយឆ្នាំមកហើយ។

កញ្ញា សុខ រតនា ជាកូដករ​​ណាហ្គាវើលដ៍​ ​បាន​ប្រាប់អ្នកសារព័ត៌មាន​នៅកន្លែងប្រមូល​ផ្ដុំថា ដើម​ចម​ដែលនាំឱ្យ​ពួក​គាត់នាំគ្នាបន្តការតវ៉ាទាមទារ​បែបអហិង្សាជាថ្មីទៀត ដោយសាររយៈពេលជាងមួយឆ្នាំហើយ ក្រុមហ៊ុន​ណាហ្គាវើលដ៍នៅតែមិនទាន់​ដោះស្រាយជូនពួកគាត់​ស្របតាមច្បាប់ការងារ​នៅឡើយ។

ករណី​នេះ កញ្ញាស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់​ព័ន្ធជំរុញទៅ​ក្រុម​ហ៊ុន​ពន្លឿនការ​​ដោះស្រាយ​បញ្ចប់វិវាទការងារជូនពួកគេឱ្យបានឆាប់ បើពុំដូច្នោះទេ ពួកគេ​នៅ​តែ​បន្ត​ធ្វើ​កូដកម្មរហូតមានដំណោះស្រាយ។

កញ្ញាបន្ត​ថា៖ «យើងមកនេះចង់ឱ្យទម្លាក់បទចោទមកលើកូដករនិងសហជីពទាំង១៤នាក់ ​និងទី២ ស្នើសុំឱ្យ​ក្រុម​​ហ៊ុន​ណាហ្គា​ចេញ​មក​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ជូនពួកយើងដោយសន្តិវិធី ដើម្បី[បញ្ចប់]វិវាទការងារនេះ។ បើ​ក្រុមហ៊ុន​អត់មានដំណោះស្រាយ [កូដករ]នឹង​បន្តទាមទាររហូតមានដំណោះស្រាយ»។

កូដករ​ម្នាក់​ទៀត លោក ណាន់ ជីវ័ន្ត ក៏បាន​ស្នើទៅរដ្ឋាភិបាលនិងស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសក្រសួងការងារ​ អនុវត្ត​តួនាទី​របស់​ខ្លួន​ដោយ​តម្លា​ភាព និង​មិន​លម្អៀង​ទៅ​រ​ក​ក្រុម​និយោជក​ដែល​មាន​លុយ​មានអំណាច និង​មិនបាន​គោរព​តាម​ច្បាប់​កម្ពុជា។

លោកបន្តថា បើមិនពន្លឿនដោះស្រាយបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងកូដករទេ នឹង​ធ្វើឱ្យពួកគេ​កាន់តែប្រឈមនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ។

លោកនិយាយថា៖ «ការអូសបន្លាយក្នុងការដោះស្រាយបញ្ចប់វិវាទការងារនេះ ធ្វើឱ្យពួកគាត់ជួបនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ ដោយសារចេញតវ៉ាត្រូវចំណាយលើសាំង ញ៉ាំ​អាហារ និងបច្ចុប្បន្នកំពុងជាប់បំណុលធនាគារ​ច្រើនមែនទែន»។

កូដករ​​ក្រុ​​មហ៊ុ​នណាហ្គាវើល​ដ៍ ដែល​​មាន​​ទី​តាំង​នៅជា​ប់របង​​រដ្ឋសភា​ ក្នុ​ងរា​ជធានី​ភ្នំពេញ​ បានកម្រើក​ការតវ៉ារបស់ខ្លួនចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រោយពីក្រុមហ៊ុននេះបានជូន​ដំណឹង​ពី​គម្រោង​ប​​ញ្ឈ​​ប់​​បុ​គ្គលិក​១ ៣២៩​នា​ក់ជា​ទ្រង់​ទ្រាយ​ធំ ​​​ក្រោ​មហេតុ​​ផលជួ​ប​​​វិ​​​​​​បត្តិហិរ​ញ្ញវត្ថុដោយ​​សារ​តែ​​​ការ​រី​​​ករាល​​ដាលនៃ​​​ជំ​​ងឺ​​កូ​វីដ​-​១​​៩​។​​

ក៏ប៉ុ​ន្តែសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ​បាន​សម្អាង​ហេ​តុ​ផ្ទុយ​ពីនេះ ដោយ​ពួកគេ​​ចាត់​ទុ​កការបញ្ឈប់នេះ​ថា​ជាចេ​តនារបស់​ថៅកែដែល​ចង់​​លុបបំបា​ត់​សហ​ជី​ព​ឯករាជ្យ​ ផ្ទុយ​ពីច្បាប់​ការ​ងារ និ​​ង​អនុសញ្ញារួមរបស់អង្គការពលកម្ម​​អន្តរជាតិ (ILO) ដែលកម្ពុជាបា​ន​ផ្ដល់​​​សច្ចាប័ន​​ ​ខណៈ​អ្នកដែ​​ល​​​ត្រូវ​បញ្ឈប់ទាំងនោះ​​ភាគ​ច្រើ​នជាមេ​​ដឹ​កនាំ​​​ស​ហជី​ព​ ​​ស​​​​​ក​ម្មជន​ស​ហ​​ជី​​ព ​និ​ង​ប្រតិ​ភូ​បុ​គ្គ​​លិក ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ