លោកស្រី ផេឡូស៊ី ថា​អំណាច​របស់​ចិន​មិន​អាច​បញ្ឈប់​ដំណើរ​របស់​មេដឹកនាំ​ពិភពលោក​ទៅ​កាន់​តៃវ៉ាន់​បាន​ឡើយ

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ថ្លែងអំឡុងចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ (REUTERS)

យោង​តាម​ការចុះផ្សាយដោយទីភ្នាក់ងារ​សារ​ព័ត៌​មាន Reuters បានឱ្យដឹង​ថា ប្រធាន​​​រដ្ឋសភា​​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានធ្វើដំណើរចាកចេញពីទឹកដីនៃកោះតៃវ៉ាន់ហើយ​កាល​ពីថ្ងៃពុធម្សិលមិញ ខណៈលោកស្រី​ថា ឥទ្ធិពលរបស់ចិន​ពិតជាមិនអាចរារាំងមេដឹកនាំពិភព​លោក​ទាំង​ឡាយ​ពី​ការ​ធ្វើដំណើរទៅកាន់កោះមួយនេះឡើយ។

ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយ​បន្ទាប់ពីការចាកចេញរបស់ខ្លួន លោកស្រី ផេឡូស៊ី បានលើកឡើង​​ថា៖ «ជារឿងគួរឱ្យសោកស្ដាយមួយ ដែលតៃវ៉ាន់ត្រូវបានរារាំងមិនឱ្យចូលរួមក្នុងកិច្ចប្រជុំជាសកលធំៗ ក្នុងនោះរួមមានមហាសន្និបាតប្រចាំឆ្នាំរបស់​អង្គការសុខភាពពិភពលោក ដែលធ្វើឡើងកាលពីពេលថ្មីៗនេះផងដែរ ដោយសារតែការជំទាស់ដោយបក្សកុម្មុយនីស្តចិន [Chinese Communist Party]»។

ទោះជាយ៉ាងណា លោកស្រីបន្ថែមថា៖ «ខណៈ​ដែលពួកគេ [ចិន] អាចរារាំងតៃវ៉ាន់ពីការបញ្ជូនមេដឹកនាំទាំងឡាយរបស់ដែនកោះនេះទៅកាន់វេទិកាពិភពលោក ប៉ុន្តែពួកគេមិនអាចរារាំងមេដឹកនាំពិភពលោក ឬនរណាម្នាក់ពីការធ្វើដំណើរទៅកាន់តៃវ៉ាន់ដើម្បីបង្ហាញពីការគោរពលទ្ធិប្រជាធិបតេយ្យ និងការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការបានឡើយ»។

គួរបញ្ជាក់ថា លោកស្រី ណានស៊ី ផេឡូស៊ី បានធ្វើដំណើរទៅ​ដល់កោះតៃវ៉ាន់ កាលពីយប់ថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីចាកចេញពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។

ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ប្រមាណជា១៩​ម៉ោង ក្នុង​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ របស់​ប្រធាន​​សភា​​​​អាមេរិករូប​នេះ លោកស្រីក៏បានទៅកាន់សភាតៃវ៉ាន់ ​ជួបជាមួយនឹងប្រធានាធិបតី​ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen), អតីតសកម្មជនធានអានម៉ិន (Tiananmen) អ្នកលក់សៀវភៅហុងកុងមួយរូបដែលត្រូវបានឃុំខ្លួនដោយចិន និងសកម្មជនតៃវ៉ាន់​ដែលទើបដោះលែងដោយប្រទេសចិនផងដែរ។

យោងតាមសារព័ត៌មានក្នុងស្រុក លោកស្រី ណានស៊ី ផេឡូស៊ី បច្ចុប្បន្នបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ បន្ទាប់ពីចាកចេញពីកោះតៃវ៉ាន់ ខណៈគោលដៅបន្ទាប់នៃដំណើរទស្សនកិច្ចក្នុងទ្វីប​អាស៊ីរបស់លោកស្រី គឺ​ត្រូវ​បាន​រំពឹង​ថានឹង​ទៅកាន់​ប្រទេស​ជប៉ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ