ព្រឹទ្ធសភា​គ្រោង​ប្រជុំ​ពិនិត្យ​និង​ឱ្យ​យោបល់​លើ​សេចក្ដី​ព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅថ្ងៃស្អែក

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន០៥ ក្នុងនោះក៏ពាក់ព័ន្ធនឹងសេចក្ដីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមផង នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ព្រឹទ្ធសភាកម្ពុជា Senate of Cambodia)

ព្រឹទ្ធសភាគ្រោង​បើក​កិច្ចប្រជុំពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្ដីព្រាងច្បាប់វិសោធនកម្ម​រដ្ឋ​​ធម្មនុញ្ញលើកទី១០ នៅថ្ងៃទី០៥ ខែ​សីហា ស្អែកនេះ​ ក្រោយរដ្ឋសភាបានអនុម័តកាលពី​ពេល​ថ្មី​ៗនេះ។

សេចក្ដីប្រកាសព័ត៌មាន​​ ស្តីពី «លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា» ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ឱ្យដឹងថា បន្ទាប់ពីបានពិនិត្យនិងពិភាក្សារួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភាបានកំណត់យកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២​នេះ ក្នុង​ការ​បើក​សម័យប្រជុំ​លើក​ទី​៩ ព្រឹទ្ធ​សភា នីតិកាលទី៤ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ថ្មី មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ)​ និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃពុធម្សិលមិញ​​ថា ព្រឹទ្ធសភាបានទទួល​សេច​ក្ដីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញលើកទី១០ ពីរដ្ឋសភា កាលពីថ្ងៃ​ទី១ ខែ​សីហា។ លោក​បន្ត​​ថា គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធ​សភានឹងស្ដាប់នូវរបាយការណ៍​លម្អិតដែលគណៈកម្មការជំនាញ​រាយ​ការណ៍ នៅថ្ងៃនេះ ដើម្បីពិនិត្យថាតើទម្រង់សេចក្តី​​ព្រាង​ច្បាប់​វិសោធនកម្មនេះស្របនឹងច្បាប់រដ្ឋធម្មនុញ្ញ និង​របបប្រជាធិបតេយ្យសេរីពហុបក្សដែរឬយ៉ាងណា។

គួរបញ្ជាក់ថា រដ្ឋស​​ភាបា​​ន​​អ​នុម័​តទាំ​ង​ស្រុង​​​លើ​សេច​ក្ដីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​លើក​​​ទី​១០ ដែល​រដ្ឋាភិបា​​ល​បាន​ស្នើឡើង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បើទោះបីជាគណបក្សនៅក្រៅរដ្ឋាភិបាលចំនួន៤ និង​ក្រុមអ​ង្គការសង្គមស៊ីវិលជាង១០​០​​ស្ថាប័ន បាន​ប​ង្ហា​ញ​​​ក្ដីបា​រម្ភ​ថា ការស្នើនេះនឹង​កាត់​បន្ថយ​អំណាច​​សភា និងប៉ះ​ពា​ល់ដ​ល់​ប្រព័ន្ធ​សភានិយមអាស្រ័យធម្មនុញ្ញ​ក្ដី។

តែយ៉ាងណា ​រដ្ឋមន្ត្រីក្រ​សួងយុត្តិធម៌ ​​លោក ​កើត​ រិទ្ធ បាន​ឡើង​ការពារសេចក្ដីព្រាងច្បាប់​ស្នើកែរដ្ឋធម្មនុញ្ញ ក្នុងកិច្ចប្រជុំរដ្ឋសភា​​ថា ការស្នើ​ធ្វើ​​វិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនាពេលនេះ មិនបាន​កាត់​​​​បន្ថ​យតួនាទី សិ​ទ្ធិតំណាងរាស្ត្រ ក្នុងប្រព័ន្ធរបបសភានិយម ដូចការលើកឡើង​របស់គណបក្សក្រៅរដ្ឋាភិបាលមួយ​ចំនួននោះឡើយ។

លោក​ថា ការស្នើកែ​នេះជា​​ការ​បំពេញភាពខ្វះចន្លោះរដ្ឋធម្មនុញ្ញដើ​ម ​និ​​ងបង្ការភាពជាប់គាំងស្ថាប័នកំពូលរបស់ជាតិក្រោយការបោះឆ្នោត ដើម្បីការពារផលប្រយោជន៍រួម ហើយ​មិនបានប៉ះពាល់ដល់​គោល​​ការណ៍​​តុល្យ​ភាពអំណាចដែលមានចែងកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ រហូតបច្ចុប្បន្ននេះ​ផង​ដែរ។

ក្នុងន័យនេះ រដ្ឋមន្ត្រីរូបនេះបញ្ជាក់​ថា សិទ្ធិអំណាច​របស់តំណាងរាស្ត្រក្នុងការដាក់សំណួរឬអញ្ជើញសមាជិក​រដ្ឋាភិបាល​មកសាក​សួរ តាមមាត្រា៩៦ ​និង៩៨ថ្មី រួមទាំងការធ្វើញត្តិបន្ទោសឬទម្លាក់រដ្ឋាភិបាល នៅតែអាចធ្វើបាន តាមមតិភាគច្រើន​ដាច់​ខាត​នៃសមាជិកសភាទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ