រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ប្រកាស​គម្រោង​លើក​កម្ពស់​សន្តិសុខស្បៀង​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​២៥លាន​ដុល្លារ​អាមេរិក

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) ថ្លែងអំឡុងជំនួបជាមួយអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ស្តីពីការផ្តល់មូលនិធិសន្តិសុខស្បៀង នៅរាជធានីភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ (ប៉ា សុខេង)

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) បានប្រកាសនូវគម្រោងថ្មីមួយក្នុងការលើកកម្ពស់សន្តិសុខស្បៀងអាហារ និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជាដែលមានទំហំទឹកប្រាក់២៥លានដុល្លារអាមេរិក។

ការប្រកាសនេះធ្វើឡើងនាជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះជាមួយអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ស្តីពីការផ្តល់មូលនិធិសន្តិសុខស្បៀង នៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍នេះ។

លោករដ្ឋមន្ត្រីការបរទេស Blinken មានប្រសាសន៍ថា៖ «យើងជឿជាក់លើគម្រោងនេះ យើងជឿជាក់លើដៃគូនានារបស់យើង ហើយយើងចង់ធ្វើការល្អៗឱ្យបានច្រើនជាមួយគ្នា។ វាពិតជាមានសារៈសំខាន់ដែលយើងត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និងដោះស្រាយឫសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ»។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) បានចាប់ផ្តើមដំណើរទស្សនកិច្ចមកកម្ពុជាជាលើកដំបូងពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក-អាស៊ាន​។

ការប្រកាសគម្រោងលើកកំពស់សន្តិសុខស្បៀងនេះ ធ្វើឡើងនៅមុនពេលលោក Blinken ចូលជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃដដែលនេះ។

បើតាម USAID គម្រោង Cambodia Harvest III នឹងធ្វើការជាមួយដៃគូកម្ពុជាក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារសម្រាប់កសិករ។ គម្រោងនេះ នឹងកសាងបន្ថែមលើការវិនិយោគដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ តាមរយៈការលើកកម្ពស់ឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព ណែនាំនូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាតបែបធន់នឹងអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។

ក្នុងរយៈពេលគម្រោង៥ឆ្នាំនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងរកបាន៣៩លានដុល្លារក្នុងការវិនិយោគវិស័យឯកជនថ្មី បង្កើតការងារថ្មីជាង៣ពាន់កន្លែង ជួយដល់បណ្ដាធុរកិច្ចនិងអ្នកផលិតក្នុងវិស័យកសិកម្មកម្ពុជាឱ្យទទួលបានហិរញ្ញប្បទាន១៥លានដុល្លារ និងរកបាន១០០លានដុល្លារពីការលក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ