ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២២ករណីបន្ថែមទៀតកាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺចំនួន១៣នាក់ បានជាសះស្បើយ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ថ្មី ដែលបានរកឃើញទាំង២២នាក់នោះ ជាការឆ្លងវីរុសប្រភេទអូមីក្រុង ក្នុងនោះមាន៤នាក់ ជាករណីដែលស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន១៣នាក់ ខណៈមិនមានករណីស្លាប់នោះទេ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៣៦ ៩៥៩នាក់ ក្នុងនោះជាសះស្បើយ ១៣៣ ៦៤០នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕