លោក Antony Blinken ជំរុញ​លោក ហ៊ុន សែន បង្ហាញ​តម្លាភាព​មូលដ្ឋាន​ទ័ពរាម និង​បើក​ចំហ​នយោបាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ២០២៣

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅវិមានសន្តិភាព រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

បញ្ហាមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម និងលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅតែជាកង្វល់ចម្បងរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា។

នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីរសៀលថ្ងៃទី៤ ខែសីហា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) បានជំរុញទៅកាន់លោក ហ៊ុន សែន ឱ្យបង្ហាញតម្លាភាពពេញលេញពីមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ដែលត្រូវបានចោទប្រកាន់ថាប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍យោធារបស់ចិន និងជំរុញឱ្យមានការបើកចំហសិទ្ធិធ្វើនយោបាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី៤ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណែត ប្រាយ (Ned Price) ឱ្យដឹងថា លោក Blinken បានស្នើឱ្យលោក ហ៊ុន សែន បង្ហាញតម្លាភាពពេញលេញអំពីសកម្មភាពរបស់ប្រទេសចិន នៅមូលដ្ឋានទ័ពសមុទ្ររាមកម្ពុជា។ លោក Blinken បញ្ជាក់ប្រាប់លោក ហ៊ុន សែន ថាវត្តមានផ្ដាច់មុខតែឯងរបស់ចិននៅមូលដ្ឋានទ័ពរាម នឹងបង្កហានិភ័យ និងបំផ្លាញអធិបតេយ្យភាពកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខតំបន់ និងឯកភាពនៅក្នុងរង្វង់សមាគមអាស៊ាន។

ក្រៅពីបញ្ហាចម្រូងចម្រាសមូលដ្ឋានទ័ពជើងទឹករាម លោក Blinken ក៏បានសម្តែងការព្រួយបារម្ភអំពីការវិវត្តស្ថានភាពសិទ្ធិមនុស្ស និងលំហនយោបាយនៅកម្ពុជាដែលកាន់តែរួមតូច។ រដ្ឋមន្រ្តីការបរទេសរូបនេះបានជំរុញឱ្យលោក ហ៊ុន សែន បើកចំហជាថ្មីនូវលំហនយោបាយនិងសិទ្ធិពលរដ្ឋ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខ និងធ្វើឱ្យមានភាពជឿនលឿនលើការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដោយត្រូវធានាថា ពលរដ្ឋខ្មែរគ្រប់រូប រួមទាំងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ អាចចូលរួមដោយសេរីនៅក្នុងជីវភាពនិងដំណើរការនយោបាយ។

បន្ថែមពីលើនោះ លោក Blinken ក៏ទទូចឱ្យលោក ហ៊ុន សែន ដោះលែងកញ្ញា សេង ធារី មេធាវីខ្មែរសញ្ជាតិអាមេរិកដែលត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ឃុំខ្លួន និងដែលអាមេរិកចាត់ទុកថាជាការចាប់ឃុំខ្លួនក្រោមហេតុផលនយោបាយ។

រដ្ឋមន្រ្តីការបរទេសអាមេរិកក៏បានបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះពលរដ្ឋកម្ពុជា និងក្តីប្រាថ្នារបស់ពួកគេដែលចង់ឃើញកម្ពុជាក្លាយជាប្រទេសមានវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យ ដែលសំឡេងរបស់ពលរដ្ឋមិនត្រូវបានរឹតត្បិត និងគោរព និងឯករាជ្យភាពរបស់កម្ពុជាត្រូវបានការពារ។​

ក្រៅពីបញ្ហារសើបខាងលើ លោក Blinken ក៏បានលើកឡើងនូវបញ្ហាមួយចំនួនផ្សេងទៀត ក្នុងទំនាក់ទំនងដែលជាផលប្រយោជន៍រួមរវាងកម្ពុជានិងអាមេរិក។ បញ្ហាទាំងអស់នោះមានដូចជា សុខាភិបាល កិច្ចប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ការរុករកអដ្ឋិធាតុកងទ័ពអាមេរិកក្នុងសម័យសង្រ្គាម ភាពជាដៃគូរវាងអាមេរិកនិងប្រទេសទន្លេមេគង្គ វិបត្តិនយោបាយនិងមនុស្សធម៌នៅប្រទេសភូមា បញ្ហាសង្រ្គាមរុស្សីលើប្រទេសអ៊ុយក្រែន និងតួនាទីជាប្រធានអាស៊ានរបស់ប្រទេសកម្ពុជា ជាដើម។

លោក Blinken បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៣ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែសីហានេះ។​

ទោះជាយ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់លោក Blinken នៅពេលនេះ ចំពេលដែលទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកមិនសូវល្អនោះឡើយ។

គេសង្កេតឃើញថា ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកហាក់ពុំសូវមានភាពល្អូកល្អិននឹងគ្នាដូចទំនាក់ទំនងរវាងកម្ពុជាជាមួយប្រទេសមហាអំណាចចិនដែលកម្ពុជាចាត់ទុកជាមិត្តដែកថែបនោះឡើយ។

ភាពរកាំរកូសនៃទំនាក់ទំនងកម្ពុជានិងអាមេរិក ភាគច្រើនកើតចេញពីការមិនពេញចិត្តរបស់កម្ពុជាចំពោះការរិះគន់ទៅលើដំណើរការប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស និងសេរីភាព ក្នុងប្រទេសនេះ។ ក្នុងពេលជាមួយគ្នា អាមេរិកក៏តែងចោទប្រកាន់ថា កម្ពុជាលម្អៀងទៅរកប្រទេសចិនដែលជាគូប្រជែងភូមិសាស្រ្តនយោបាយរបស់ខ្លួននៅក្នុងតំបន់ ជាពិសេសគឺការចោទប្រកាន់ថាកម្ពុជាបានអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមសម្រាប់បម្រើផលប្រយោជន៍ផ្តាច់មុខរបស់ចិន ដែលអាមេរិកចាត់ទុកថាអាចបង្កឱ្យមានអស្ថិរភាពនិងអសន្តិសុខនៅក្នុងតំបន់ ហើយដែលកម្ពុជាតែងបានច្រានចោលចំពោះការចោទប្រកាន់នេះ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ