លោក ប្រាក់ សុខុន នឹង​ធ្វើ​សន្និសីទ​កាសែត​លទ្ធផល​កិច្ចប្រជុំ​អាស៊ាន​នៅព្រឹកស្អែក ខណៈ​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា និង​វេទិកា​តំបន់​អាស៊ាន​ប្រព្រឹត្ត​ទៅ​នៅថ្ងៃនេះ

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងពិធីបើក «កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងការបរទេស)

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាន កំពុងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃកំណត់ចុងក្រោយសម្រាប់កិច្ចប្រជុំនៅលើកនេះ។

រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន លោក គង់ ភោគ ឱ្យដឹងនៅក្នុងសន្និសីទកាសែតនៅយប់ថ្ងៃទី៤ ខែសីហា ក្រោយកិច្ចប្រជុំថា នៅថ្ងៃសុក្រនេះមានកិច្ចប្រជុំសំខាន់ចំនួនពីរទៀតត្រូវធ្វើឡើង គឺកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ព្រមទាំងកិច្ចប្រជុំមួយចំនួនទៀតរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាមួយដៃគូផ្សេងទៀតផងដែរ។

បើតាមលោក គង់ ភោគ សម្រាប់ថ្ងៃនេះ នឹងមិនមានសន្និសីទកាសែតដូចកាលពីពីរថ្ងៃកន្លងទៅនោះទេ ដោយហេតុថា កិច្ចប្រជុំនៅថ្ងៃនេះមានការមមាញឹកច្រើន និងអាចអូសបន្លាយយូរ។ ប៉ុន្តែលោកថា លទ្ធផលនៃកិច្ចប្រជុំនឹងត្រូវលោក ប្រាក់ សុខុន ធ្វើសន្និសីទកាសែតនៅទីស្ដីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី៦ ខែសីហា។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងក្រោមប្រធានបទ «ASEAN A.C.T. ដោះស្រាយបញ្ហារួមគ្នា»

កិច្ចប្រជុំទាំងនេះធ្វើឡើងជួនចំពេលដែលអាស៊ាននិងពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលទាមទារឱ្យមានដំណោះស្រាយ។ បញ្ហាទាំងនោះមានដូចជា វិបត្តិជំងឺកូវីដ-១៩ វិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា សង្រ្គាមរុស្សីឈ្លានពានប្រទេសអ៊ុយក្រែន បញ្ហាសេដ្ឋកិច្ច សន្តិសុខស្បៀង និងថាមពល និងការកើនឡើងនៃភាពតានតឹងរវាងប្រទេសមហាអំណាចអាមេរិកនិងចិន ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៊ី ផេឡូ​ស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន ជាដើម។

ថ្លែងស្វាគមន៍​និងបើកកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៣ ខែសីហា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏បាន​លើក​ឡើង​​ពី​បញ្ហា​ប្រឈម​សំខាន់ៗ​មួយ​ចំនួន​ដែល​តំបន់​អាស៊ាន និង​ពិភព​លោក កំពុង​​ជួប​ប្រទះ ទាំង​បញ្ហា​ភូមិ​សាស្រ្តនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលលោក​ថា​តម្រូវ​ឱ្យ​មាន​​ដំណោះ​ស្រាយ​រួម​គ្នា​រវាង​ភាគី​ពាក់​ព័ន្ធ។

ក្នុងនាមជាសមាជិកអាស៊ាន​តាំងពីឆ្នាំ១៩៩៩ កម្ពុជាបានធ្វើជាប្រធានប្ដូរវេនអាស៊ានចំនួន៣ដងរួចមកហើយ គឺនៅឆ្នាំ​២០០២ ឆ្នាំ​២០១២ និងឆ្នាំ​២០២២​នេះ។ សម្រាប់កិច្ចប្រជុំនៅពេលនេះ ក្រៅពីរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីការបរទេសអាស៊ានចំនួន៩ប្រទេស​​​ចូលរួម កិច្ចប្រជុំនេះក៏មានការ​ចូលរួមដោយរដ្ឋមន្រ្តីការបរទេសមហាអំណាចមួយចំនួន រួមមាន សហរដ្ឋអាមេរិក ចិន រុស្សី និងប្រទេសមួយចំនួនទៀតដែលជាដៃគូរបស់អាស៊ានផងដែរ៕       

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ