រុស្សី​ផ្ដល់​កញ្ចប់​តេស្ត​រក​វីរុស​អុតស្វា​ចំនួន​៥០០​ឯកតា​ដល់​កម្ពុជា

រូបថតឯកសារ៖ បំពង់ពិសោធន៍សំណាកអុតស្វា ដែលមានស្លាក “មេរោគ Monkeypox វិជ្ជមាន” ត្រូវបានថតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ (REUTERS/Dado Ruvic)

រដ្ឋាភិបាលរុស្ស៊ីបាន​ផ្ដល់​​កញ្ចប់​តេស្ត​រក​វីរុស​អុត​ស្វា (Monkeypox Test Kits) ចំនួន៥០០​ឯកតាដល់​កម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអុតស្វា។

​ពិធី​ប្រគល់​និង​ទទួល​កញ្ចប់តេស្តរកវីរុស​អុតស្វានេះបានធ្វើឡើងនៅទីស្ដីការ​ក្រសួង​សុខាភិ​បាល នៅថ្ងៃទី០៤ ខែ​សីហា ឆ្នាំ២០២២ ម្សិលមិញ​ ដោយ​​មានការចូលរួមពី​រដ្ឋមន្រ្តីក្រសួងសុខាភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង និង​ឯក​​អគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា ​លោក អាណាតូលី បូរ៉ាវីក (Anatoly Borovik) ព្រម​ទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ត្រូវបាន​ទីភ្នាក់ងារទូរទស្សន៍ជាតិកម្ពុជា បាន​ស្រង់ប្រសាសន៍មកផ្សព្វផ្សាយថា ការផ្ដល់ជំនួយកញ្ចប់​តេស្ត​រក​វីរុស​អុត​ស្វានេះជា​ការ​រួមចំណែកបម្រុង ​ក៏​ដូច​ជាទប់​ស្កាត់​ពីការរីករាលដាលនៃជំងឺអុតស្វា។ លោកបន្តថា ជំនួយ​នេះ​ដែរក៏​ជា​បង្ហាញពីសាមគ្គីភាព​របស់​រដ្ឋាភិបាល​និង​ប្រជាជនរុស្សីជាមួយរដ្ឋាភិបាលនិងប្រជាជន​កម្ពុជា ខណៈ​ពិភពលោកទាំងមូលកំពុងជួបនឹងបញ្ហាប្រឈមជាច្រើន។

គួរបញ្ជាក់ថា រហូត​មក​ដល់​ពេលនេះ កម្ពុជា​បានរកឃើញករណី​ជំងឺអុតស្វាតែ១​ករណីប៉ុណ្ណោះ ហើយ​ជា​ករណី​នាំចូល។ មន្ត្រីសុខាភិបាលកម្ពុជាបានបញ្ជាក់ថា ក្រសួង​បា​ន​ត្រៀមលក្ខណៈ​ជានិច្ច​ ដើម្បី​ឆ្លើយតបបន្ទាន់ ក្នុងករណីមានការផ្ទុះឡើងជំងឺអុតស្វាជាយថាហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ