ព្រឹទ្ធសភា​ឯកភាព​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​ឥត​កែប្រែ

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ព្រឹទ្ធសភាកម្ពុជា Senate of Cambodia)

ព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ​ បាន​ឯកភាព​ទាំង​ស្រុង​លើសេចក្ដីព្រាងច្បាប់​វិសោធនកម្មរដ្ឋធម្មនុញ្ញ​​លើក​ទី​១០ ដោយ​ឥត​កែ​ប្រែ ក្រោម​សំឡេង​៥៧ លើ៥៧​សំឡេង​។

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការបើកសម័យប្រជុំលើកទី៩ ​ព្រឹទ្ធសភា នីតិកាលទី៤ ចុះថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ២០២២​នេះ ឱ្យដឹង​ថា ក្រោយ​ពី​សមាជិក​ព្រឹទ្ធ​សភា​ចំនួន​២រូបបានឡើង​មាន​យោបល់រួចមក អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យនិងឱ្យ​យោបល់​ឯកភាពទាំងស្រុងលើ​សេចក្ដី​ព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋ​​ធម្មនុញ្ញលើក​ទី១០ទាំងមូល ដោយឥតកែប្រែចំនួន៥៧សំឡេង​នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សេចក្ដីប្រកាសព័ត៌មាន​ដដែលបន្ត​ថា ​សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មលើកទី១០ បានតាក់តែងឡើងយ៉ាងលម្អិត ដែលធានាបាននូវភាពត្រឹមត្រូវនៃការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសបែបសភានិយម​។

ប្រភពដដែលបន្តទៀត​ថា សេចក្ដីព្រាងច្បាប់នេះក៏ជាការ​លើកកម្ពស់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែល​ប្រជាជនកម្ពុជាមាន​ឆន្ទៈ និង​ប្រើ​សិទ្ធិអំ​ណាច​របស់​ខ្លួន តាម​រយៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តដែលប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្ដង ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ។

កាលពីព្រឹក​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋសភាបាន​អនុម័តទាំងស្រុងលើ​​​​សេចក្តីព្រាងវិសោធន​កម្ម​​រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ដោយសំឡេង១០៥លើ​១០៦សំឡេង។

យ៉ាងណាមិញ តាមរយៈសេចក្តីថ្លែងការណ៍រួ​មរបស់ក្រុមអង្គការសង្គមស៊ីវិលជាង១០០ស្ថាប័ន ចុះ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានលើកឡើ​ងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​នេះអាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ស្ថិរ​ភាព​អំណាច​រដ្ឋ និងអំណាចនីតិប្រតិបត្តិ ការ​គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរដែល​បាន​ចារឹកនៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

មួយវិញទៀត តាមរយៈសេចក្ដីថ្លែងការណ៍របស់ APHR កាលពីថ្ងៃទី២៧ ខែកក្កដា ក៏បានសម្ដែងការព្រួយបារម្ភចំពោះការស្នើឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយពួកគេចាត់ទុកថា វាជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។

តែយ៉ាងណា ​រដ្ឋមន្ត្រីក្រ​សួងយុត្តិធម៌ ​​លោក ​កើត​ រិទ្ធ បាន​ឡើង​ការពារសេចក្ដីព្រាងច្បាប់​ស្នើកែរដ្ឋធម្មនុញ្ញ ក្នុងកិច្ចប្រជុំរដ្ឋសភា​​ ថាការស្នើ​ធ្វើ​​វិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនាពេលនេះ មិនបាន​កាត់​​​​បន្ថ​យតួនាទី សិ​ទ្ធិតំណាងរាស្ត្រ ក្នុងប្រព័ន្ធរបបសភានិយម ដូចការលើកឡើង​របស់គណបក្សក្រៅរដ្ឋាភិបាលមួយ​ចំនួននោះឡើយ។

លោក​ថា ការស្នើកែ​នេះជា​​ការ​បំពេញភាពខ្វះចន្លោះរដ្ឋធម្មនុញ្ញដើ​ម ​និ​​ងបង្ការភាពជាប់គាំងស្ថាប័នកំពូលរបស់ជាតិ ក្រោយការបោះឆ្នោត ដើម្បីការពារផលប្រយោជន៍រួម ហើយ​មិនបានប៉ះពាល់ដល់​គោល​​ការណ៍​​តុល្យ​ភាពអំណាច ដែលមានចែងកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ រហូតបច្ចុប្បន្ននេះ​ផង​ដែរ។

ក្នុងន័យនេះ រដ្ឋមន្ត្រីរូបនេះបញ្ជាក់​ថា សិទ្ធិអំណាច​របស់តំណាងរាស្ត្រក្នុងការដាក់សំណួរឬអញ្ជើញសមាជិក​រដ្ឋាភិបាល​មកសាក​សួរ តាមមាត្រា៩៦ ​និង៩៨ថ្មី រួមទាំងការធ្វើញត្តិបន្ទោសឬទម្លាក់រដ្ឋាភិបាល នៅតែអាចធ្វើបាន តាមមតិភាគច្រើន​ដាច់​ខាត​នៃសមាជិកសភាទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ