អាមេរិក​ថា​ចិន​មិន​គួរ​មាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ផេឡូស៊ី នៅ​តៃវ៉ាន់​ឡើយ

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ថ្លែងអំឡុងចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ (REUTERS)

សហរដ្ឋ​អាមេរិកបានជំរុញប្រទេសចិន​កុំ​ឱ្យមាន​ប្រតិកម្មខ្លាំងលើសលុបចំពោះដំណើរទស្សនកិច្ចរបស់​ប្រធាន​​​​រដ្ឋសភា​​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់​កោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌​មាន Reuters

ការជំរុញនេះត្រូវបានធ្វើឡើង​បន្ទាប់ពីចិនបានធ្វើការឆ្លើយតបតាម​រយៈ​ការ​ធ្វើ​សម​យុទ្ធយោធា​​​នៅ​ទីតាំង​​ចំនួន​៦ ដែលក្នុងនោះរួមមាន ការដាក់ពង្រាយយន្ត​ហោះច​ម្បាំង ការបាញ់មីស៊ីលផ្លោងនៅលើដែន​ទឹក និងដែនអាកាស ជុំវិញកោះតៃវ៉ាន់។

ថ្លែងប្រាប់ទូរ​ទស្សន៍​ MSNBC អ្នកនាំពាក្យមន្ទីរបញ្ចកោណ​ លោក ចន ឃឺប៊ី (John Kirby) បានលើកឡើង​ថា៖ «បច្ចុប្បន្ន យើងកំពុងតែតាមដានករណីនេះ [ប្រតិកម្មរបស់ចិនចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី] យ៉ាងយកចិត្តទុកដាក់។ យើងបន្តជំរុញឱ្យភាគីចិនកុំឱ្យមានប្រតិកម្មខ្លាំងពេកទាក់ទិននឹងករណីនេះ។ វាគ្មានហេតុផលអ្វីសម្រាប់ពួកគេក្នុងការចេញប្រតិកម្មបែបនេះឡើយ ខណៈវាអាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងទៅវិញ»។

ទាក់ទិននឹងករណីនេះ លោក​បាន​ជំរុញ​ឱ្យ​ប្រទេស​ចិនកាត់បន្ថយនូវ​ភាព​តានតឹង​ដូច​អ្វីដែលអាមេរិក​កំពុង​ធ្វើ​ ដោយបន្ថែមថា៖ «ការគំរាមកំហែងផ្នែកយោធាមិនមែនជារឿងដែលត្រូវធ្វើឡើងឡើយ»។

គួរបញ្ជាក់ថា លោកស្រី ណានស៊ី ផេឡូស៊ី បានធ្វើដំណើរទៅ​ដល់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារកន្លងទៅ ដែល​ករណីនេះបាន​បង្កឱ្យមានជា​ការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន។

ទោះជាយ៉ាងណា ក្រសួងការពារជាតិរបស់តៃវ៉ាន់បានឱ្យដឹងកាលពីពេលថ្មីៗនេះថា យោធា​របស់​ខ្លួន​នឹង​បន្ត​ពង្រឹង​ការការ​ពារ​ដែន​កោះ​របស់​ខ្លួន​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈខ្លួនក៏ត្រៀមចាត់​វិធាន​ការ​ជាក់​ស្ដែងក្នុង​ករណី​ដែល​មាន​ការ​ឈ្លាន​ពាន​ពី​សត្រូវផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ