របាយការណ៍ UN ថា​មិនសូវមាន​អ្នករាយការណ៍​ព័ត៌មាន​ជា​ស្រ្តី​នៅ​កម្ពុជា

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

អង្គការ​សហប្រជាជាតិ​ (UN) បាន​​លើកឡើង​នៅ​​ក្នុ​ង​​របាយ​ការណ៍​​ស្រាវ​ជ្រាវ​មួយ ដោយ​​កត់សម្គាល់​​​ពី​​សម្ពាធ​​តាម​​ប្រព័ន្ធ​យុត្តិធម៌​​ព្រហ្ម​ទណ្ឌ និង​ការ​យាយី​លើ​ស្ត្រីថា «ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជាកំពុងស្ថិតនៅក្នុង​ស្ថានភាព​គ្រោះថ្នាក់»

របាយការណ៍​ដែលមានចំណងជើងថា «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» បាន​ពិនិត្យ​លើ​ការវិវត្តក្នុងវិស័យសារព័ត៌មាន និងបានគូសបញ្ជាក់​ពីក្ដីកង្វល់​របស់​អ្នកសារព័ត៌មានក្នុង​ប្រទេស ដូចដែលពួកគេបានប្រាប់តាមរយៈកិច្ចសម្ភាសន៍ ក្នុង​សិក្ខាសាលា និងការស្ទង់មតិ។

ការិ​យាល័យ​សិទ្ធិ​មនុស្សរបស់​អង្គការ​សហប្រជាជាតិ បានបន្ត​ថា ខ្លួនបានចងក្រងឯកសារករណី​អ្នកកាសែតចំនួន២៣ករណីដែល​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ ចាប់​តាំ​ង​ពី​ខែ​មករា ឆ្នាំ២០១៧ ហើយ​ថា​ការឆ្លើយតបចំពោះការស្ទង់មតិ​ពីអ្នក​កាសែតចំនួន​៣៥​នាក់ បាន​បង្ហាញ​ថា ពួក​គេ​បាន​ប្រឈម​មុខ​នឹងការជ្រៀតជ្រែកក្នុងការងាររបស់ពួកគេ។

របាយការណ៍នេះក៏បានលើកឡើងពីក្តីបារម្ភ​អំពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ភាគ​ច្រើនដែល​គាំទ្រ​រដ្ឋាភិបាល និង​គ្រប់គ្រងដោយអ្នកជំនួញនិងឥស្សរជននយោបាយក្នុងប្រទេស។ របាយការណ៍នេះថែមទាំងបានបង្ហាញការផ្សព្វផ្សាយមួយអំពីការតវ៉ារបស់បុគ្គលិក​កាស៊ីណូណាហ្គាវើលដ៍ និងរបៀបដែលបណ្តាញសារព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាល «ជ្រើសរើសរូបថតដោយមានបំណង​មួល​បង្កាច់​ក្រុម​បាតុករ»

ចេញផ្សាយកាលពីល្ងាចថ្ងៃពុធ របាយការណ៍នេះបានសរសេរ​ថា «សារព័ត៌មានឯករាជ្យដែលរិះគន់​រដ្ឋាភិបាលកំពុងប្រឈមនឹងការរឹតត្បិតលើសេរីភាពបញ្ចេញមតិ ខណៈប្រព័ន្ធផ្សព្វ​ផ្សាយ​ដែល​គាំទ្រ​រដ្ឋាភិ​បាលដែល​រាយ​ការណ៍​តែចំណុច​ល្អៗ​អំពី​វិធាន​ការ​របស់​អាជ្ញាធរ អាចចូល​ទៅកា​ន់​តំបន់​ហាម​ឃាត់​ដោយ​សេរី»។

របាយការណ៍នេះបន្តទៀតថា «មិនសូវមានវត្តមានស្ត្រីនៅក្នុងវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា​ឡើយ គឺមានប្រហែលជា ១០% ហើយ​នេះអាចជាផ្នែកមួយនៃការចាត់ថ្នាក់សង្គម​ចំពោះ​ស្ត្រី»។

អ្នកសារព័ត៌​មាន​ជាស្ត្រីចំនួន១៨​នាក់ ដែល​ខ្លះ​ត្រូវ​បាន​ស្ទង់​មតិ និងខ្លះទៀតត្រូវបានសម្ភាស បាន​និយាយថា ពួកគេបានប្រឈមមុខនឹងការរើសអើងយេនឌ័រ ឬអំពើហិង្សា។ មាន៣នាក់បាននិយាយថា ពួកគេត្រូវបានបៀតបៀនដោយផ្ទាល់ដោយមន្ត្រីជាបុរសក្នុងអំឡុងពេលបំពេញ​ការងារ ថែមទាំងមានអ្នកសារព័ត៌មាន​​ម្នាក់ត្រូវបានមន្ត្រីសន្តិសុខហែកអាវរបស់គាត់។

យោងតាមរបាយការណ៍នេះ ការឆ្លើយតបរបស់រដ្ឋាភិបាល គឺ​ថា​ក្រសួងព័ត៌​មាន​គាំទ្រអ្នកសារព័ត៌មានជា​ស្ត្រី ប៉ុន្តែក្រសួងមិនដែលបានទទួលពាក្យបណ្តឹងពីអ្នកសារព័ត៌មាន​ជាស្ត្រីដែ​ល​រងគ្រោះ​ពី​ការបៀតបៀនឡើយ៕

បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Briefs: Women ‘Hugely Under-Represented’ in Media, Boeng Tamok Questioning Delayed

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ