បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​​តែង​តាំង​សមាជិក​៧​រូប​ឱ្យ​ស្រប​លក្ខខណ្ឌ​ច្បាប់​ដើម្បី​បន្ត​សុពល​ភាព​​ទៀត

ព្រឹកថ្ងៃទី០២​ ខែកក្ដដា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រោយការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំក្រុង-ស្រុក នៅទីស្នាក់ការគណបក្សប្រចាំខេត្តកំពង់ធំ។ (ហ្វេសប៊ុក៖ គណបក្សខ្មែរស្រឡាញ់ជាតិ)

មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ​ បានរៀបចំរចនាសម្ព័ន្ធ​ឡើងវិញឱ្យស្របតាមលក្ខខណ្ឌច្បាប់​ ដើម្បីបន្តសុពលភាពឡើងវិញ ​ក្រោយមេបក្សខ្លួនប្រកាសរំលាយគណបក្សជាឯកតោភាគីកាលពីពេលថ្មីៗនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃសៅរ៍នេះ ប្រធានស្ដីទីគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានលើកឡើងថា ការប្រជុំគណៈកម្មាធិការនាយកនាថ្ងៃនេះ  ដើម្បីរៀបចំរចនាសម្ព័ន្ធគណបក្សឡើងវិញ ឱ្យស្របតាមលក្ខខណ្ឌដែលបាន​តម្កល់នៅក្រសួងមហាផ្ទៃ។

លោកបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រោយពីគណៈកម្មាធិនាយក​គណបក្សខ្មែរស្រឡាញ់ជាតិចំនួន៧រូប ក្នុងចំណោមគណៈកម្មាធិការនាយកចំនួន៩រូប បានលាឈប់​ពីគណបក្សកាលពីពេលថ្មីៗនេះ។

លោកថា៖«យើងប្រជុំគណៈកម្មាធិការនាយកនាថ្ងៃនេះ យើងមានវត្តមានយ៉ាងច្រើនលើសលុបដែលបានដាក់ទៅក្រសួងមហាផ្ទៃចំនួន ៤៥រូប គឺមកលើស៥០បូក១ ទៀត។ មានន័យថា យើងអាចសម្រេចបាន ហើយយើងអាចឱ្យគណបក្សនេះ ដំណើរការទៅមុខទៀតបានដោយយើងជ្រើសតាំងក្បាលម៉ាស៊ីនដែលគាត់បានលាលែងពីគណបក្សមួយរយៈចុងក្រោយនេះ ហើយយើងគ្រាន់តែបំពេញបន្ថែម ដើម្បីឱ្យក្បាលម៉ាស៊ីននេះ ដំណើរការឡើងវិញ។ មានន័យថា គណបក្សយើងមិនប្រឈមនឹងផ្លូវច្បាប់ទៀតទេ»

លោក វិសុទ្ធ បញ្ជាក់ថា ការបន្តសុពលភាពទៀត ដើម្បីកុំឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតបាក់ទឹកចិត្ត ខណៈការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ​៣៣ ២៥៩សំឡេង។ បើគិតជាអាសនៈ គណបក្សនេះទទួលបានចំនួន ៥អាសនៈនៅទូទាំងប្រទេស​។

កាលពីថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២២ លោក ជីវ កក្តា ដែលជា​ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ​ បានប្រកាសរំលាយគណបក្សនេះតែម្តង និងបានអំពាវនាវឱ្យ​សមាជិក​របស់ខ្លួន​គ្រប់ជាន់ថ្នាក់ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រៅពីប្រកាសរំលាយ និងឱ្យថ្នាក់ដឹកនាំចុះចូលជាបក្សកាន់អំណាចហើយ លោក ជីវ កក្តា ក៏បានប្រាប់ឱ្យសមាជិកគាំទ្របក្សប្រឆាំង ឬកំពុងស្ថិត​នៅក្នុងបក្សប្រឆាំង នាំគ្នា​ចូល​រួម​រស់​ជាមួយ​គណបក្ស​កាន់​អំណាចផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ