លោក​ ​សម​ ​រង្ស៊ី​ ស្នើ​នាយក​រដ្ឋ​មន្ត្រី​បង្កើត​ច្បាប់​ចូល​និវត្តន៍​ចាប់​ពី​អាយុ​៧០​ឆ្នាំ​ចំ​ថ្ងៃ​ខួប​កំណើត​៧១​ឆ្នាំ​របស់​លោក​ ហ៊ុន​ សែន​

លោក ហ៊ុន សែន និងលោក សម រង្ស៊ី។ (ហ្វេសប៊ុក លោក ហ៊ុន សែន និងលោក សម រង្ស៊ី)

ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ ឆ្នាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន លោក សម រង្ស៊ី សហស្ថាបនិក​គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ និងជាដៃគូប្រជែងនយោបាយស្វិតស្វាញរបស់លោក ហ៊ុន សែន ផងនោះ បានចេញមុខ ស្នើលោក ហ៊ុន សែន បង្កើតច្បាប់ចូលនិវត្តន៍ពីអាយុ ៧០ឆ្នាំឡើងទៅ។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកពីទីក្រុងប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី បាន ស្នើលោក ហ៊ុន សែន ជំរុញបង្កើតច្បាប់មួយដើម្បីកំណត់អាយុមន្ត្រីរាជការ ក្នុងមុខងារ សាធារណៈគ្រប់រូប រួមទាំងផ្នែកនយោបាយផងដែរ ឱ្យចូលនិវត្តន៍ចាប់ពីអាយុ ៧០ឆ្នាំឡើងទៅ។

ការស្នើនេះ លោក សម រង្ស៊ី បានលើកហេតុផលពីច្បាប់ធម្មជាតិរបស់មនុស្សដែលកើត ចាស់ ឈឺ សា្លប់ ផង និងការទុកឱកាសសម្រាប់យុវជនជំនាន់ក្រោយផង។ លោកថា កម្ពុជាត្រូវការ កម្លាំងយុវជនជំនាន់ថ្មីដើម្បីនាំមកឈាមថ្មី និងគំនិតថ្មី ដែលជាការចាំបាច់ក្នុងការជំរុញឱ្យ ប្រទេសកម្ពុជាធ្វើដំណើរឆ្ពោះទៅរកវឌ្ឍនភាព។

លោកបន្ថែមថា ច្បាប់កំណត់អាយុមន្ត្រីរាជការ ទាំងផ្នែកនយោបាយផង ឱ្យចូលនិវត្តន៍ចាប់ពីអាយុ ៧០ឆ្នាំឡើងទៅ គឺជាការផ្តល់តម្លៃ និងឱកាសដល់យុវជនជំនាន់ក្រោយបានឡើងមកកាន់តំណែងជាបន្តបន្ទាប់ ក្នុងកម្រិត ការទទួលខុសត្រូវកាន់តែខ្ពស់ឡើងៗ ដោយមិនចាំបាច់រង់ចាំ ក្នុងពេលវេលា យូរហួសហេតុនោះទេ។

ការលើកឡើងនេះ ដោយលោក សម រង្ស៊ី សំអាងថា នៅកម្ពុជាបច្ចុប្បន្ននេះ មានមន្ត្រីក្នុង មុខងារសាធារណៈច្រើនណាស់ដែលនៅកាន់តំណែងនៅឡើយ ទោះជាមានអាយុដល់ ៧០ឆ្នាំក៏ដោយ។ លោកថា ស្ថានការណ៍បែបនេះ ធ្វើឱ្យជាប់គាំងដល់ការវិវត្ត នៃមុខងាររបស់យុវជន ដែលមិនអាចឡើងបុណ្យសក្តិបាន ពីព្រោះចាស់ៗនៅខាងលើ មិនព្រមដកខ្លួនចេញ ពីតំណែងបច្ចុប្បន្នរបស់ពួកគាត់។

ភ្ជាប់មកជាមួយរូបថតអនុស្សាវរីយ៍មួយសន្លឹកដែលបានថតស៊ែលហ្វី (Selfie) ជាមួយលោក ហ៊ុន សែន កាលពីឆ្នាំ ២០១៥ កាលពីពេលដែលអ្នកនយោបាយទាំងពីរធ្លាប់ត្រូវរ៉ូវគ្នានិងធ្វើជា ដៃគូសន្ទនានយោបាយផង លោក សម រង្ស៉ី បានបញ្ជាក់ថា «យើងត្រូវផ្តល់ឱកាសឱុ្យយុវជន ជំនាន់ក្រោយទទួលបានបទពិសោធន៍ ហើយអាចបញ្ចេញសមត្ថភាព និងស្នាដៃរបស់ពួកគេ យ៉ាងឆាប់រហ័សគួរសម ដោយមិនមានចាស់ៗខាងលើ នៅក្រាញអំណាចយូរពេក ទោះជា កម្លាំងកាយ និងកម្លាំងប្រាជ្ញា ចុះថយយ៉ាងណាក៏ដោយ»។

ក្រៅពីស្នើបង្កើតច្បាប់ចូលនិវត្តន៍ លោក សម រង្ស៊ី ក៏បានជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងថ្ងៃខួបកំណើតនាយករដ្ឋមន្រ្តីដែលបានកាន់អំណាចជិត ៤ ទសវត្សរ៍រូបនេះ ឱ្យមានសុខភាពល្អ អាយុយឺនយូរ និងស្គាល់តែសុភមង្គលក្នុងគ្រួសាររហូតដល់កូនចៅគ្រប់រូប។

ឆ្លើយតបចំពោះសារជូនពរ និងការស្នើបង្កើតច្បាប់ចូលនិវត្តន៍ដោយលោក សម រង្ស៉ី នៅពេលនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ បានបញ្ជាក់ ដោយខ្លីថា ជាសិទ្ធិសេរីភាពរបស់អ្នកស្នើសុំ ប៉ុន្តែការសម្រេចបែបណានោះ ស្ថាប័នជាន់ខ្ពស់របស់ជាតិជាអ្នកសម្រេច។

លោកលើកឡើងថា៖«រឿងជូនពរខួបកំណើត គឺជារឿងលក្ខណៈមនុស្ស និងមនុស្ស វាជារឿងធម្មតា ឯរឿងការស្នើសុំធ្វើច្បាប់វាជារឿងសិទ្ធិបញ្ចេញមតិរបស់បុគ្គលដែលស្នើសុំ ឯអ្នកដែលមាន កាតព្វកិច្ចគឺមានតែសភា សមាជិកសភា នាយករដ្ឋមន្ត្រីតែប៉ុណ្ណឹង»។

ការស្នើរបស់លោក សម រង្ស៉ី នេះក្នុងពេលដែលគេសង្កេតឃើញថា នៅកម្ពុជាមានមន្រ្តីផ្នែក នយោបាយជាច្រើនដែលមានអាយុលើសពី ៧០ឆ្នាំកំពុងបន្តកាន់តំណែងនៅតាមស្ថាប័ន របស់​រដ្ឋ ទាំងក្នុងផ្នែកនីតិបញ្ញតិ្ត នីតិប្រតិបត្តិ និងតុលាការ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ