ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៤នាក់បន្ថែមទៀត ដែលជាប្រភេទអូមីក្រុងនិងឆ្លងក្នុងសហគមន៍ទាំងអស់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន ៣៣នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៤នាក់បន្ថែមទៀតកាលពីម្សិលមិញ ដែលជាការឆ្លងក្នុងសហគមន៍ទាំងអស់។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ គឺមាន១០នាក់ ជាករណីស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីជំងឺនេះដើម្បីចេញទៅក្រៅប្រទេស។
ក្រសួងបន្តថា សម្រាប់អ្នកជាសះស្បើយថ្មី គឺមានចំនួន៣៣នាក់ ស្របពេលអ្នកស្លាប់ថ្មីដោយសារជំងឺនេះគឺមិនមាននោះឡើយ។
គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៧ ០២១នាក់ ហើយអ្នកជាសះស្បើយសរុបចំនួន ១៣៣ ៦៨៣នាក់ និងស្លាប់សរុបចំនួន ៣ ០៥៦នាក់។
ជាមួយការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាបន្តបន្ទាប់ រាជរដ្ឋាភិបាល ពិសេសតាមរយៈក្រសួងសុខាភិបាលបន្តអំពាវនាវទៅកាន់ពលរដ្ឋឱ្យនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ចំនួន ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍បន្ថែមទៀត៕