ព្រះ​មហា​ក្សត្រ​ខ្មែរ​ប្រកាស​ឱ្យ​ប្រើ​​ច្បាប់​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​តាម​សំណើ​រដ្ឋាភិបាល​

ព្រះមហាក្សត្រខ្មែរ បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលច្បាប់នេះ ត្រូវបានរដ្ឋាភិបាលអះអាងខ្លួនឯងថា បង្កើតឡើងក្នុងគោលបំណងការពារផលប្រយោជន៍របស់ជាតិ ខណៈបក្សក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួនធ្លាប់រិះគន់​ ​ដោយថានឹងធ្វើឱ្យប៉ះពាល់ដល់គោលការណ៍ប្រព័ន្ធសភានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា។​

​កាលពីថ្ងៃទី៦ ខែសីហា ​ព្រះរាជក្រមរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ​បានឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ចំនួន៨មាត្រា រួមមាន មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម។ ​

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២  ខណៈព្រឹទ្ធសភា ឱ្យយោបល់ឯកភាពទាំងស្រុងដោយគ្មានការកែប្រែក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៤ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្រោម​សំឡេង​៥៧ លើ៥៧​សំឡេង ។​

​​រដ្ឋមន្ត្រីក្រ​សួងយុត្តិធម៌ ​​លោក ​កើត​ រិទ្ធ បាន​ឡើង​ការពារសេចក្ដីព្រាងច្បាប់​ស្នើកែរដ្ឋធម្មនុញ្ញ ក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីខែកក្កដា​​ថា ការស្នើ​ធ្វើ​​វិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនាពេលនេះ មិនបាន​កាត់​​​​បន្ថ​យតួនាទី សិ​ទ្ធិតំណាងរាស្ត្រ ក្នុងប្រព័ន្ធរបបសភានិយម ដូចការលើកឡើង​របស់គណបក្សក្រៅរដ្ឋាភិបាលមួយ​ចំនួននោះឡើយ។

លោក​ថា ការស្នើកែប្រែរដ្ឋធម្មនុញ្ញនិងច្បាប់ធម្មនុញ្ញបន្ថែម​នេះ ជា​​ការ​បំពេញភាពខ្វះចន្លោះរដ្ឋធម្មនុញ្ញដើ​ម ​និ​​ងការពារភាពជាប់គាំងស្ថាប័នកំពូលរបស់ជាតិក្រោយការបោះឆ្នោតថែមទៀតផង។  ​

​យ៉ាងណា នៅមុនពេលស្ថាប័នរដ្ឋសភា ​​​អ​នុ​ម័​ត​លើ​​សេច​​ក្ដីព្រា​​ង​​ច្បាប់ធម្មនុញ្ញស្តីពី​​វិ​សោធ​ន​កម្ម​​រដ្ឋធ​ម្មនុ​ញ្ញ​​​​​​លើ​ក​​​ទី​​១​០នេះ ​គណបក្ស​ភ្លើ​ងទៀ​ន ​គណ​ប​ក្សប្រជាធិ​ប​តេ​យ្យមូ​ល​ដ្ឋា​ន ​គណប​ក្សឆន្ទៈ​​​ខ្មែរ​ និងគណ​បក្ស​កែទ​ម្រង់​កម្ពុជា ​ព្រមទាំង​​​​ក្រុ​មអ​​​ង្គការស​ង្គមស៊ី​វិល​ចំនួ​ន១០​​​៤​​​​ស្ថាប័ន​ បា​ន​​ស្នើ​រដ្ឋសភា​​កុំឱ្យអ​​នុម័​ត​លើសំណើរបស់រដ្ឋាភិបាល​ ​ដោ​​​យពួកគេ​បា​រម្ភ​ថា​ ការស្នើ​កែប្រែមាត្រានៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមទាំងនោះ នឹ​​ង​​​​​កាត់​​ប​ន្ថយ​អំ​ណាច​​​ស​ភា ហើយប៉ះ​​​ពា​ល់ធ្ងន់ធ្ងរដ​ល់​ប្រ​ព័ន្ធ​​សភានិ​​យម​អា​​​ស្រ័​យ​រដ្ឋធម្មនុ​ញ្ញ​​នៅកម្ពុជា។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ​មានប្រសាសន៍ថា កន្លងមកសង្គមស៊ីវិល និងគណបក្សក្រៅរដ្ឋាភិបាលមួយចំនួនធ្លាប់រិះគន់លើការស្នើសុំវិសោធនកម្មរដ្ឋធម្មនុញ្ញនោះច្រើនដងមកហើយ។ ករណីនេះ លោកថា ព្រះមហាក្សត្រព្រមឡាយព្រះហត្ថលេខាលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះ ដោយសារព្រះអង្គធ្វើតាមនីតិវីធីតែប៉ុណ្ណោះ មិនមានអ្វីចំណែកនោះទេ ។

លោកបង្ហាញទស្សនៈថា៖ «ប្រទេសកម្ពុជាយើង ព្រះមហាក្សត្រលោកជាព្រះប្រមុខរដ្ឋ នៅពេលព្រះអង្គមានវត្តមាននៅក្នុងប្រទេស ព្រះអង្គត្រូវឡាយព្រះហស្ថលេខាលើច្បាប់ដែលគ្រោងចេញជាធរមានហ្នឹងហើយ»។

នា​យកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក​ សេក សុជាតិ ​យល់ឃើញថា  វិសោធនកម្ម​រដ្ឋធម្មនុញ្ញចំនួន ៨មាត្រា ដែលរដ្ឋាភិបាលស្នើ និងត្រូវបានអនុម័តដោយរដ្ឋសភា  ព្រឹទ្ធសភា  ព្រមទាំងត្រូវបានព្រះមហាក្សត្រខ្មែរឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់​កាលពីថ្ងៃទី៦ ខែសីហា  នឹងមានគុណសម្បត្តិ  និងគុណវិបត្តិចំពោះគណបក្សកាន់អំណាច និងគណបក្សប្រឆាំងផងដែរ។

លោក សេក សុជាតិ បញ្ជាក់ថា មុននឹងធ្វើវិសោធនកម្មច្បាប់ណាមួយ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរតែផ្តល់ឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកឯករាជ្យបានចូលរួមផ្តល់យោបល់លើសេចក្តីព្រាងច្បាប់នោះ  ដើម្បីឱ្យច្បាប់នោះចេញមក ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងផ្តល់ប្រយោជន៍ដល់ជាតិពិតប្រាកដ។

លោកមានប្រសាសន៍ថា៖ «មុននឹងធ្វើការកែប្រែច្បាប់ ឬវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ គួរតែមានការកោះអញ្ជើញគូភាគីពាក់ព័ន្ធធ្វើការជជែកវែកញែកឱ្យអស់ ហើយពន្យល់ពីហេតុផលឱ្យអស់មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ។ មិនមែនធ្វើដូចពេលបច្ចុប្បន្នសម្រេចរួចហើយ ទើបអញ្ជើញភាគីពាក់ព័ន្ធឱ្យចូលស្តាប់ការការពារដោយមិនបានស្តាប់ការតិះទៀន និងការរិះគន់ និងមិនធ្វើឱ្យមានការផ្តល់ទំនុកចិត្តសម្រាប់ពលរដ្ឋជាដើម»។

លោកបន្ថែមថា៖ «យើងដឹងហើយជាទូទៅច្បាប់មួយ មុននឹងចេញជារូបរាងត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីទទួលយកមតិយោបល់រួមមួយ ដើម្បីធ្វើឱ្យសង្គមមួយល្អប្រសើរ ឆ្លើយតបទៅនឹងសង្គមមួយដែលប្រកា​ន់ភ្ជាប់នូវគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ»។

គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ន​ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើករួចមកហើយ ខណៈច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ