លោក Biden ថ្កោលទោស​ការ​សម្លាប់​ពលរដ្ឋ​មូស្លីម​៤នាក់ និង​ថា​វា​មិន​គួរ​កើត​មាន​នៅ​សហរដ្ឋ​អាមេរិក​ឡើយ

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បានថ្លែងថ្កោលទោសការសម្លាប់បុរសមូស្លីម៤នាក់ នៅក្នុងរដ្ឋញូមិចស៊ីកូ (New Mexico) ដែលនគរបាលនិយាយថាអាចជារឿងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងវណ្ណៈ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។

លោក បៃឌិន បាននិយាយនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំមានការខឹងសម្បា និងសោកស្ដាយចំពោះការសម្លាប់បុរសមូស្លីមដ៏គួរឱ្យរន្ធត់ ចំនួន៤នាក់ នៅទីក្រុង Albuquerque»។

លោកបន្តទៀតថា៖ «ខណៈដែលយើងរង់ចាំការស៊ើបអង្កេតពេញលេញ ការអធិដ្ឋានរបស់ខ្ញុំគឺស្ថិតនៅជាមួយក្រុមគ្រួសារជនរងគ្រោះ ហើយរដ្ឋបាលរបស់ខ្ញុំឈរយ៉ាងរឹងមាំជាមួយសហគមន៍មូស្លីម។ ការ​វាយ​ប្រហារ​ដ៏គួរឱ្យស្អប់ខ្ពើម​ទាំង​នេះ​មិនគួរកើតមាន​នៅសហរដ្ឋ​អាមេ
រិក​ឡើយ»។

នគរបាលក្នុងទីក្រុង Albuquerque ដែលជាទីក្រុងធំបំផុតរបស់រដ្ឋញូមិចស៊ីកូ (New Mexico) បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេកំពុងស៊ើបអង្កេតករណីឃាតកម្មលើបុរសមូស្លីមចំនួន៤នាក់ ដែលឥឡូវនេះពួកគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងឃាតកម្មលើកទី៤ កាលពីឆ្នាំមុន។

នគរបាលទីក្រុង Albuquerque បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានរកឃើញជនរងគ្រោះចុងក្រោយកាលពីយប់ថ្ងៃសុក្រ។ ស្ថានីយ៍ទូរទស្សន៍ KOB4 បានរាយការណ៍ថា សាកសពរបស់ជនរងគ្រោះត្រូវបានរកឃើញនៅជិតការិយាល័យសេវាគ្រួសារលូធឺរ៉ែន (Lutheran Family Services) ដែលផ្តល់ជំនួយដល់ជនភៀសខ្លួន។

នគរបាល​មិន​បាន​កំណត់​អត្តសញ្ញាណ​បុរស​នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា​ គាត់​មាន​អាយុ​ជាង២០​ឆ្នាំ ជា​ពលរដ្ឋមូស្លី​ម ​មាន​ដើមកំណើត​មកពី​អាស៊ី​។​

នគរបាលបាននិយាយថា៖ «អ្នកស៊ើបអង្កេតជឿថា ឃាតកម្មកាលពីថ្ងៃសុក្រអាចទាក់ទងនឹងឃាតកម្មថ្មីៗចំនួន៣លើបុរសមូស្លីមមកពីអាស៊ីខាងត្បូងផងដែរ»។

ជនរងគ្រោះ២នាក់មុន គឺជាបុរសមូស្លីមមកពីប្រទេសប៉ាគីស្ថាន។ ម្នាក់អាយុ២៧ឆ្នាំ ហើយសាកសពរបស់គាត់ត្រូវបានរកឃើញនៅថ្ងៃទី១ ខែសីហា និងម្នាក់ទៀតអាយុ៤១ឆ្នាំ ត្រូវបានរកឃើញនៅថ្ងៃទី២៦​ ខែកក្កដា។

សេចក្តីថ្លែងការណ៍បាននិយាយថា ឥឡូវនេះ ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតថាតើឃាតកម្មទាំងនេះជាប់ពាក់ព័ន្ធនឹងការស្លាប់របស់បុរសមូស្លីមមកពីប្រទេសអាហ្វហ្គានីស្ថានដែលត្រូវបានសម្លាប់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខាងក្រៅហាងដែលគាត់បានបើកជាមួយបងប្រុសរបស់គាត់ នៅទីក្រុង Albuquerque ដែរឬទេ។

នគរបាល​បានទទូចឱ្យអ្នកដែល​ដឹងព័ត៌មានអំពីឃាតកម្មនេះ​​ទូរសព្ទ​ទៅ​បណ្ដាញទូរសព្ទបន្ទាន់ (Hotline)​ ហើយ​បាន​និយាយ​ថា FBI បានជួយក្នុងការ​ស៊ើបអង្កេត។

អភិបាលរដ្ឋញូមិចស៊ីកូ (New Mexico) លោកស្រី មិចឈែល លូចាន់ គ្រីស្យ៉ាម (Michelle Lujan Grisham) បានសម្តែងការខឹងសម្បាចំពោះឃាតកម្មនោះ ដោយថា «មិនអាចអត់ឱនបាន» ហើយបាននិយាយថា លោកស្រីកំពុងបញ្ជូនមន្រ្តីនគរបាលរដ្ឋបន្ថែមទៅទីក្រុង Albuquerque ដើម្បីជួយក្នុងការស៊ើបអង្កេត។

អ្នកស្រីបន្ថែមថា៖ «យើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីគាំទ្រសហគមន៍មូស្លីមនៅទីក្រុង Albuquerque និងរដ្ឋញូមិចស៊ីកូ [New Mexico]»។

ក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ីស្លាម ដែលជាក្រុមការពារសិទ្ធិពលរដ្ឋមូស្លីមធំជាងគេនៅសហរដ្ឋអាមេរិក បានផ្តល់រង្វាន់ចំនួន១០ ០០០ដុល្លារដល់អ្នកដែលផ្តល់ព័ត៌មានអំពីឃាតក។

មានភាព​តានតឹង​កាន់តែខ្លាំង​ឡើង​​ក្នុង​សហគមន៍​មូស្លីមនៅ​​ទីក្រុង Albuquerque។

លោក តាហឺ ហ្គូបា (Tahir Gauba) នាយកផ្នែកកិច្ចការសាធារណៈ នៃមជ្ឈមណ្ឌលអ៊ីស្លាមនៅរដ្ឋញូមិចស៊ីកូ (New Mexico) បានប្រាប់កាសែត Albuquerque Journal ថា៖ «ឥឡូវនេះ ពលរដ្ឋមូស្លីមចាប់ផ្ដើមភ័យស្លន់ស្លោ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ