កូរ៉េខាងជើង​គ្រោង​បញ្ជូន​អ្នកស្ម័គ្រចិត្ត​ចំនួន​១០ម៉ឺននាក់​ទៅ​ជួយ​រុស្ស៊ី​ក្នុង​សង្រ្គាម​ជាមួយ​អ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ថ្ងៃទី25 ខែមេសា ឆ្នាំ2019។ (Reuters)

ប្រទេសកូរ៉េខាងជើង កំពុងរៀបចំផ្ដល់កងទ័ពស្ម័គ្រចិត្តចំនួន១០ម៉ឺននាក់ទៅជួយរុស្ស៊ី ដើម្បីឱ្យប្រទេសនេះឈ្នះសង្រ្គាមលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ។

អ្នកជំនាញយោធារុស្ស៊ី​ លោក​ អ៊ីហ្គ័រ កូរ៉ូឆេនកូ (Igor Korotchenko) បានថ្លែងប្រាប់សារព័ត៌មាន Channel One Russia ថា៖ «មានការរាយការណ៍ថា អ្នកស្ម័គ្រចិត្តកូរ៉េខាងជើងចំនួន១០ម៉ឺននាក់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីមកចូលរួមនៅក្នុងជម្លោះនេះ»។

សារព័ត៌មានដដែលបានរាយការណ៍ថា លោក Korotchenko បានសរសើរយោធាកូរ៉េខាងជើងថា ពោរពេញទៅដោយបទពិសោធន៍ក្នុងការធ្វើសង្រ្គាមបាញ់ស្ទាក់ ឬបាញ់ទម្លាក់មីស៊ីលចំគោលដៅសត្រូវ ដែលការណ៍នេះមានសារៈសំខាន់សម្រាប់យោធារុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចផ្ដល់ប្រព័ន្ធ HIMARS (High Mobility Artillery Rocket Systems) ដល់អ៊ុយក្រែន។ អ្នកជំនាញយោធាម្នាក់បានប្រាប់កាសែត Insider’s Sinéad Baker កាលពីខែមុន ថាជំនួយរ៉ុក្កែតជាច្រើនគ្រាប់បានធ្វើឱ្យការប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែនប្រឆាំងរុស្សីកាន់តែមានសន្ទុះជាងមុន។

លោក Korotchenko បាន​លើកទឡ្ហីករណ៍​ថា រុស្ស៊ី​គួរ​ស្វាគមន៍​ទាហាន​កូរ៉េ​ខាង​ជើង ដោយសារជំនាញធ្វើសង្រ្គាមរបស់​ពួកគេ។

លោកបាននិយាយថា៖ «ប្រសិនបើប្រទេសកូរ៉េខាងជើងបង្ហាញបំណងចង់បំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហ្វាស៊ីសអ៊ុយក្រែន យើងគួរតែអនុញ្ញាតឱ្យពួកគេចូលរួមក្នុងជម្លោះនេះ»។

យោងតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេស (CFR) ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានឱ្យដឹងថា យោធារបស់ប្រទេសកូរ៉េខាងជើងមានចំនួនច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក ដែលមានយោធាសកម្មជិត១,៣លាននាក់ ក្នុងនោះ ៦សែននាក់ទៀតគឺជាទាហានបម្រុង។

ទោះជាយ៉ាងណា ​អ្នកជំនាញ​ការពារជាតិ​និយាយ​ថា យោធារបស់ប្រទេសនេះប្រើប្រាស់​ឧបករណ៍និង​បច្ចេកវិទ្យា​ហួសសម័យ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Daily NK បានឱ្យដឹងថា កូរ៉េខាងជើងក៏គ្រោងនឹងផ្ដល់កម្មករ ដើម្បីជួយប្រទេសរុស្ស៊ីក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញក្រោយសង្គ្រាម។

ដោយដកស្រង់ប្រភពពីរុស្ស៊ី សារព័ត៌មាន Daily NK បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំផែនការបញ្ជូនកម្មករជាង១ ០០០នាក់ទៅកាន់តំបន់ដុនបាស (Donbas) ភាគខាងកើតអ៊ុយក្រែន ប្រសិនបើរុស្ស៊ីឈ្នះសង្គ្រាម។

សារព័ត៌មាន Daily NK បានរាយការណ៍ថា៖ «ដោយ​ពិចារណា​ថា​សង្គ្រាម​មិន​ទាន់​ចប់នៅឡើយ​ទេ រដ្ឋាភិបាល​គ្រោង​នឹង​បញ្ជូន​កម្មករ​នៅ​ពេល​វេលាសមស្រប​ណាមួយ ខណៈ​កំពុង​តាម​ដាន​ស្ថានការណ៍​ជាក់ស្តែង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ